យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ខណៈដែលទីក្រុង Kyiv ក៏ត្រូវរងនូវការវាយប្រហារតាមផ្លូវអាកាសជាលើកទីបីក្នុងរយៈពេល 24 ម៉ោង។ រុស្ស៊ីបាននិយាយថា នេះជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតសម្រាប់ខ្លួន បើគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន សង្រ្គាមបានវាយលុក នៅក្នុងប្រទេសអ៊ុយក្រែនគឺកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាទីក្រុងមូស្គូបានរាយការណ៍ថា មានការវាយប្រហារតបតមួយចំនួនមកលើទឹកដីរបស់ខ្លួនវិញក៏ដោយ។
បើយើងក្រឡេកទៅមើលការវាយឆ្មក់នៅព្រឹកថ្ងៃអង្គាររបស់អ៊ុយក្រែន គឺពួកគេបានផ្តោតទៅលើតំបន់ដែលមានអ្នកមានរស់នៅច្រើនបំផុតក្នុងទីក្រុងមូស្គូ និងលំនៅឋានរបស់ពួកឥស្សរជនជាន់ខ្ពស់របស់រុស្ស៊ី ជាពិសេសគឺកន្លែងដែលលោក ពូទីនរស់នៅនោះគឺជាតំបន់ភាគខាងលិច។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 8 គ្រឿងដែលបញ្ជូនដោយទីក្រុង Kyiv ។
បើយោងតាមអភិបាលក្រុងមូស្គូបានឱ្យដឹងថា ក្នុងកំឡុងពេលនៃការវាយលុករបស់អ៊ុយក្រែន អ្នករស់នៅតំបន់នោះបានថតដ្រុនមួយដែលធ្វើសកម្មភាពបាញ់ និងមានផ្សែងហុយៗ ស្រាប់តែបន្ទាប់មកអ្នកស្រុកក៏ឮសំឡេងផ្ទុះ ហើយមានក្លិនសាំង។ ភ្លាមៗនោះផងដែរ ក៏មានមនុស្សពីរនាក់បានរងរបួស ខណៈដែលប្លុកផ្ទះល្វែងមួយចំនួនត្រូវបានជម្លៀសចេញក្នុងរយៈពេលយ៉ាងខ្លី។
សមាជិកសភា Maxim Ivanov បានហៅវាថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយលើទីក្រុងមូស្គូ បន្ទាប់ពីពួក Nazis។ លោកបាននិយាយថា គ្មានពលរដ្ឋណាអាចគេចផុតពី “ការពិតដែលកំពុងមកដល់” បានទេ។
ទន្ទឹមគ្នានោះផងដែររុស្ស៊ីក៏បាន វាយលុកក្រុង Khiv ជាលើកទី១៧ នៅក្នុងខែឧសភា ដោយពួកគេបានប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ហើយភាគច្រើនពួកគេតែងតែវាយប្រហានៅពេលយប់។ ទីក្រុង Kyiv បាននិយាយថាការវាយប្រហារចុងក្រោយបង្អស់របស់រុស្ស៊ីកាលពីថ្ងៃអង្គារ បានធ្វើឲ្យមនុស្ស ៤ នាក់បាត់បង់ជីវិត ហើយ ៣៤ នាក់ទៀតបានរងរបួស ក្នុងនោះមានកុមារចំនួន២នាក់។ មន្ត្រីកងកម្លាំងប្រដាប់អាវុធបាននិយាយថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក 29 គ្រឿងក្នុងចំណោម 31 គ្រឿងរបស់អ៊ីរ៉ង់ Shahed នៅក្នុងទីក្រុង Kyiv ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយ កាលពីល្ងាចថ្ងៃអង្គារ៍ ដោយរូបលោកហាក់ដូចជាចង់បង្ហាញថា អាជ្ញាធរមួយចំនួនមិនបានធ្វើឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីការពារប្រជាពលរដ្ឋក្នុងអំឡុងពេលមានការវាយឆ្មក់តាមអាកាស។ ដោយលោក Zelenskiy បាននិយាយថា “ជម្រកនៅក្នុងទីក្រុង ប្រជាជននៅតែអាចចូលទៅបាន ប្រជាជនគួរតែអាចយល់ដឹងពីលទ្ធភាព និងទំហំនៃជម្រកមួយនោះ”។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីបញ្ហានេះទេ។