កូរ៉េខាងត្បូងបានទទួលជោគជ័យ ក្នុងការសាកល្បងឧបករណ៍ស្ទាក់ចាប់មីស៊ីលដែលផលិតក្នុងស្រុកដ៏សំខាន់មួយកាលពីដើមសប្តាហ៍នេះ។ វាជាភាពជោគជ័យលើកទី ៣ ក្នុងចំណោមការសាកល្បងចំនួន ៤ មកទល់នឹងពេលនេះ ហើយវាគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការគម្រាមកំហែងជាច្រើន ជាពិសេសនោះគឺកូរ៉េខាងជើង។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍន៍ការពារជាតិ (ADD) បានបង្ហាញដល់អង្គភាពសារព័ត៌មានអំពីដំណើរការទាំងមូលនៃការធ្វើតេស្តជាលើកដំបូងរបស់ខ្លួន ដើម្បីស្ទាក់ចាប់លើមីស៊ីលរយៈចម្ងាយឆ្ងាយ Long Surface-to-Air Missile (L-SAM) នៅឯកន្លែងសាកល្បង Anheung របស់ខ្លួនក្នុងទីក្រុង Taean វាមានចម្ងាយ១០៩ គីឡូម៉ែត្រក្នុងទិសនិរតីនៃទីក្រុងសេអ៊ូល។
មីស៊ីល L-SAM គឺជារចនាសម្ព័ន្ធបីដំណាក់កាល រួមទាំងដំណាក់កាលចុងក្រោយដែលមានឈ្មោះថា “Kill Vehicle” ។ វាត្រូវបានគេរចនាឡើងដើម្បីបាញ់ទម្លាក់កាំជ្រួចផ្លោងពីចម្ងាយ ហើយចូលមកក្នុងរយៈកម្ពស់ពី 50-60 គីឡូម៉ែត្រ វាគឺជាធាតុសំខាន់នៃខែលប្រឆាំងមីស៊ីលដែលមានស្រទាប់ទាប ពួកគេបានហៅវាថា Korea Air and Missile Defense (KAMD)។
នៅលើអេក្រង់ធំក្នុងកន្លែងសាកល្បង យានពិឃាត “Kill Vehicle” ត្រូវបានគេមើលឃើញថា វាមានសមត្ថភាពក្នុងបាញ់កំទិចរាល់កាំជ្រួចគោលដៅណាដែលបានបំបែកខ្លួនចេញពីដំណាក់កាលទី 1 និងទី 2 ដោយជោគជ័យជាមុនសិន។ ចំពោះទស្សនីយភាពមួយនេះ ត្រូវបានមនុស្សជាច្រើនបានមើលឃើញ ដូចជា៖ មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកស្រាវជ្រាវ រួមទាំងរដ្ឋមន្ត្រីការពារជាតិ Lee Jong-sup ផងដែរ។
L-SAM មានសមត្ថភាពពង្រីកប្រព័ន្ធការពារស្រទាប់ខាងលើកាំជ្រួចនៃដំណាក់កាលស្ថានីយន៍ (ពេលកាំជ្រួចហោះទៅលើអាកាស) វាមិនត្រឹមតែមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងដល់សម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង-អាមេរិកថែមទៀតផង។
ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ADD ធ្លាប់ធ្វើការសាកល្បងស្ទាក់ចាប់ L-SAM ចំនួនបួន ហើយក្នុងនោះមាន៣ដែលធ្វើការសាកល្បងទទួលបានជោគជ័យ។
ក្រសួងការពារជាតិបាននិយាយថា ខ្លួនគ្រោងនឹងបញ្ចប់ការអភិវឌ្ឍន៍ L-SAM នៅឆ្នាំក្រោយ ចាប់ផ្តើមដំណាក់កាល ផលិតទ្រង់ទ្រាយធំនៅឆ្នាំ 2025 ដែលយើងបានចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់តាំងពីចុងឆ្នាំ 2020។
កម្មវិធី KAMD របស់កូរ៉េខាងត្បូងមានប្រព័ន្ធស្ទាក់ចាប់ជាច្រើន រួមទាំងកាំជ្រួច Patriot Advanced Capability-3 និងកាំជ្រួចរយៈចម្ងាយមធ្យម Cheongung-II ដែលត្រូវប្រើសម្រាប់ការស្ទាក់ចាប់នៅរយៈកម្ពស់ 40 គីឡូម៉ែត្រ ឬទាបជាងនេះ។
បន្ថែមពីលើនេះ កងកម្លាំងប្រតិបត្តិការអាមេរិក-កូរ៉េបានដំណើរការអាគុយ THAAD នៅតំបន់ភាគអាគ្នេយ៍នៃទីក្រុង Seongju ដោយពង្រឹងសមត្ថភាពប្រព័ន្ធការពារមីស៊ីល។ ប្រព័ន្ធ THAAD ត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់កាំជ្រួចនៅ រយៈកម្ពស់ ៤០-១៥០ គីឡូម៉ែត្រ។
KAMD គឺជាសសរទ្រូងរបស់ប្រទេស វាមានប្រព័ន្ធរារាំងបីផ្នែកសំខាន់ៗរួមមា៖ ប្រព័ន្ធ Kill Chain preemptive strike, Korea Massive Punishment និង Retaliation (KMPR)។