កាលពីថ្ងៃពុធ កងទ័ពស៊ូដង់បានផ្អាកកិច្ចពិភាក្សាជាមួយកងកម្លាំងគាំទ្ររហ័ស(RSF)ដែលជាដៃគូរប្រជែង ជុំវិញការចរចារការបញ្ឈប់នៃការបាញ់ ហើយវាបានជំនួសមកវិញដោយការអូសបន្លាយ នៃភាពភ័យខ្លាចអស់រយៈពេលជិត ៦ សប្តាហ៍កន្លងមកនេះ។ ចំពោះបញ្ហារបស់ប្រទេសស៊ូដង់ អាចជះឥទ្ធិពលទៅដល់ប្រទេសជុំខ្លួនមួយចំនួន ក្នុងនោះប្រទេសអាហ្វ្រិកគឺកំពុងតែជួបនូវវិបត្តិមនុស្សធម៌។
កងកម្លាំងប្រដាប់អាវុធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ឈប់កិច្ចពិភាក្សានៅក្នុងទីក្រុង Jeddah ភាគខាងលិចអារ៉ាប៊ីសាអូឌីត។ ដោយពួកគេបានចោទប្រកាន់ភាគីម្ខាងទៀតថាខ្វះការប្តេជ្ញាចិត្តក្នុងការអនុវត្តលក្ខខណ្ឌណាមួយនៃកិច្ចព្រមព្រៀង ព្រមទាំងរំលោភបំពានជាបន្តបន្ទាប់នៃបទបញ្ឈប់ការបាញ់។
បើទោះបីជាការចរចាជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានចាប់ផ្តើមនៅដើមខែឧសភា បានបង្កើតសេចក្តីប្រកាសនៃការប្តេជ្ញាចិត្តដើម្បីការពារជនស៊ីវិល ព្រមទាំងមានកិច្ចព្រមព្រៀងបទបញ្ឈប់ការបាញ់រយៈពេលខ្លីចំនួនពីរលើករួចរាល់ហើយយ៉ាងណាក្តី ក៏កិច្ចព្រមព្រៀងទាំងនោះត្រូវបានរំលោភបំពានម្តងហើយម្តងទៀតដដែល។
បើយោងតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍កាលពីថ្ងៃពុធថា RSF បានពង្រីកទីតាំងរបស់ខ្លួននៅក្នុងសង្កាត់ Mogran ក្នុងកណ្តាលទីក្រុង Khartoum ។ ពួកគេក៏បានរាយការណ៍ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅទូទាំងទន្លេនីល នៅភាគខាងជើង Omdurman និងភាគខាងជើង Bahri រហូតដល់ល្ងាចថ្ងៃពុធ។
ខាងសហជីពគ្រូពេទ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានមនុស្ស 17 នាក់បានស្លាប់ និង 106 នាក់បានរងរបួស បន្ទាប់ពីគ្រាប់ផ្លោងបានធ្លាក់មកលើផ្សារមួយក្នុងទីក្រុង Khartoum ភាគខាងត្បូងកាលពីថ្ងៃពុធ។ ហើយនៅក្នុងចំណោមមន្ទីពេទ្យជាច្រើននៅក្នុងរដ្ឋធានី គឺមានតែមន្ទីរពេទ្យ Bashair ទេដែលនៅដំណើរការ។
អង្គការសហប្រជាជាតិបាននិយាយថា សង្គ្រាមផ្ទៃក្នុងមួយនេះបានសម្លាប់មនុស្សរាប់រយនាក់ ហើយបានបង្ខំឲ្យមនុស្សប្រមាណជាង 1.2 លាននាក់ ត្រូវជម្លៀសខ្លួនចេញពីកន្លែងដែលមានការវាយប្រហារ ចំនែកប្រជាជនប្រហែល 400,000 នាក់ផ្សេងទៀត ត្រូវឆ្លងព្រុំដែនទៅកាន់ប្រទេសជិតខាង។
មេទ័ព Abdel Fattah al-Burhan ដែលជាមន្ត្រីយោធាអាជីព និងឧត្តមសេនីយ៍ Mohamed Hamdan Dagalo អតីតមេបញ្ជាការកងជីវពលដែលគេស្គាល់ថាជា Hemedti ត្រូវបានជាប់គាំងក្នុងការប្រយុទ្ធដណ្តើមអំណាចតាំងពីថ្ងៃទី 15 ខែមេសា(ភាគីទាំងពីរនៅតែមិនអាចរកចំនុចកណ្តាលបាននៅឡើយ)។
លោក Burhan មេទ័ពស៊ូដុងបាននិយាយនៅក្នុងវីដេអូយោធាមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយលោកបាននិយាយថា៖ “យើងមិនចង់ប្រើកម្លាំងដ៍សាហាវទេ ចំពោះយើងនៅពេលនេះមិនទាន់ប្រើកម្លាំងអតិបរមារបស់យើងនៅឡើយទេ ហើយយើងក៏មិនចង់បំផ្លាញប្រទេសរបស់យើងដែរ”។
«ប៉ុន្តែប្រសិនបើខ្មាំងសត្រូវជាមនុស្សមិនគោរពពាក្យសន្យា ហើយជាមនុស្សដែលគ្មានទំនួលខុសត្រូវនោះ យើងនឹងត្រូវតែបង្ខំប្រើកម្លាំងឲ្យខ្លាំងបំផុតតាមតែយើងអាចធ្វើទៅបាន»។
ចំនែកកងកម្លាំងគាំទ្ររហ័ស (RSF) វិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានប្តេជ្ញាចិត្តចំពោះបទបញ្ឈប់នៃការបាញ់ផងដែរ ទោះបីជាមានការបំពានម្តងហើយម្តងទៀតដោយក្រុមកងទ័ពក៏ដោយ។
លោកបាននិយាយថា “អ្នកណាក៏ដោយដែលចង់បានផលប្រយោជន៍ល្អបំផុតពីស៊ូដង់គួរតែចាកចេញពីលោក Burhan” (ប្រធានក្រុមកងទ័ព)ជាមុនសិន។
នៅក្នុងរដ្ឋធានី Khartoum នៅពេលនេះត្រូវបានគេមើលឃើញថា មានការលួចប្លន់បានរីករាលដាលពាសពេញទីក្រុង ថែមទាំងមានការកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកជាញឹកញាប់ ហើយមន្ទីរពេទ្យភាគច្រើនគឺឈប់ដំណើរការ។
សូមបញ្ជាក់ផងដែរថា ជម្លោះផ្ទៃក្នុងនៃប្រទេសស៊ូដុងគឺកើតឡើង បន្ទាប់ពីលោក Burhan មេបញ្ជាការកងទ័ពស៊ូដុង បាន បណ្តេញលោក Hemedti ចេញពីតំណែងជាអនុប្រធានរបស់លោកនៅក្នុងក្រុមប្រឹក្សាកាន់អំណាច បន្ទាប់ពីពួកគេបានធ្វើការផ្តួលរំលំប្រធានាធិបតីអ៊ីស្លាមនិយមផ្តាច់ការលោក Omar al-Bashir ក្នុងឆ្នាំ 2019 ។