កាលពីថ្ងៃសុក្រ ទី ២ ខែមិថុនា តាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយបានបើកធ្លាក់ផ្លូវ ហើយទៅបុកជាមួយនិងរថភ្លើងដឹកទំនិញមួយដែលចតនៅក្បែរនោះ។ ឧបទ្ទវហេតុមួយនេះបានកើតឡើងនៅក្នុងសង្កាត់ Balasore ក្នុងរដ្ឋ Odisha នៅភាគខាងកើតនៃប្រទេសឥណ្ឌា ។
លោក KS Anand ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន South East Railway បាននិយាយថា កន្លងមកនេះមនុស្សដែលស្លាប់ដោយសារគ្រោះថ្នាក់នៃរថភ្លើងគឺមានចំនួន 261 នាក់ហើយ បើគិតត្រឹម ២ ទស្សវត្តន៍ចុងក្រោយនេះ។ ប៉ុន្តែបន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃសុក្រម្សិលមិញនេះ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីម្នាក់បាននិយាយថា បើគិតត្រឹមថ្ងៃនេះការស្លាប់ដោយសារគ្រោះថ្នាក់នៃរថភ្លើង គឺបានកើនឡើងរហូតដល់ ២៨៨ នាក់ ហើយសម្រាប់អ្នកធ្វើដំណើរនៅក្នុងរថភ្លើងដែលបង្ករហេតុនោះបានរងរបួសចំនួន 650 នាក់។
Anubha Das ជាអ្នកដំណើរដែលនៅរស់រានមានជីវិតបាននិយាយថាគាត់នឹងមិនភ្លេចកន្លែងកើតហេតុនោះទេ។ លោកបាននិយាយទៀតថា៖ «សាកសពរបស់ក្រុមគ្រួសារខ្ញុំបានដាច់ជើង ហើយប្រឡាក់ឈាមពាសពេញលើផ្លូវរថភ្លើង»។
មានខ្សែអាត់វីដេអូមួយបានបង្ហាញឱ្យឃើញថា រថភ្លើងដែលក្រឡាប់ និងផ្លូវដែកដែលរងការខូចខាត ត្រូវបានក្រុមជួយសង្គ្រោះកំពុងស្វែងរករថភ្លើងដែលខូចខាតនោះ ដើម្បីទាញអ្នកដែលនៅរស់ចេញពីទីនោះ ហើយប្រញាប់ប្រញាល់យកទៅមន្ទីរពេទ្យ។
ស្ថានភាពនៅទីនោះឥឡូវនេះ ត្រូវបានគេមើលឃើញថា មានមនុស្សជាច្រើនបានដើររកសាច់ញាតិនៅកន្លែងកើតហេតុ និងមន្ទីរពេទ្យក្បែរនោះ។
ទីភ្នាក់ងារព័ត៌មាន ANI បានរាយការណ៍ដោយដកស្រង់ប្រភពពីនាយករដ្ឋមន្រ្តី Narendra Modi ។