កាលពីថ្ងៃទី 26 ខែឧសភា ទីក្រុង BRUSSELS – មានការប្រកួតប្រជែងមួយដើម្បីក្លាយជាប្រធានអង្គការ NATO ដោយកាលពីថ្ងៃនោះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក៏ធ្លាប់បាននិយាយថា៖ លោក Jens Stoltenberg អគ្គលេខាធិការនៃសម្ព័ន្ធយោធាអាត្លង់ទិកនៃប្រទេសន័រវេសនឹងត្រូវ ចុះចេញពីតំណែង នៅចុងខែកញ្ញាបន្ទាប់ពីលោកបានកាន់តំណែងអស់រយៈពេល៩ឆ្នាំ។
ក្នុងនោះផងដែររដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេស លោក Ben Wallace បានប្រកាស កាលពីសប្តាហ៍មុនថា លោកចង់បានតំណែងមួយនេះ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ក៏កំពុងតែចង់ចូលរួមប្រកួតប្រជែងក្នុងទួនាទីនេះផងដែរ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak បានសរសើររដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនប្រាប់ទៅមនុស្សដែលនៅជុំវិញពិភពថា “លោក Ben Wallace គឺពិតជាមនុស្សម្នាក់ដ៏អស្ចារ្យ”។ ដោយកាលពីថ្ងៃច័ន្ទ លោក Sunak បានលើកឡើងថា លោកនៅនឹងនៅពីក្រោយដើម្បីជ្រុំជ្រែងលោក Ben Wallace ឱ្យក្លាយជាអគ្គលេខាធិការនៃសម្ព័ន្ធយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។
លោក Rishi Sunak នឹងជួបជាមួយលោក Joe Biden នៅក្នុងសប្តាហ៍នេះ ដែលជាកិច្ចប្រជុំលើកទីបួនក្នុងរយៈពេលជាច្រើនខែ ហើយចំពោះជំនួបមួយនេះត្រូវបានគេរំពឹងថានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសកំពុងតែព្យាយាមយ៉ាងណាដើម្បីឱ្យមេដឹកនាំសហរដ្ឋអាមេរិក ជួយគាំទ្ររដ្ឋមន្ត្រីរបស់ខ្លួនលោក Ben Wallace អាចឈានដល់ការតែងតាំងជាមុខតំណែងកំពូលរបស់អង្គការណាតូ ដែលនឹងត្រូវបើកនៅចុងខែកញ្ញាខាងមុខនេះ។
នៅពេលដែលមានសំនួរទាក់ទងទៅនឹងបេក្ខជនដែលមកពី ចក្រភពអង់គ្លេស លោក Ben Wallace ពេលនោះលោក Rishi Sunak បានប្រាប់សន្និសីទសារព័ត៌មានថា “ចំពោះអង្គការ NATO លោក Ben គឺជាលេខាធិការការពារជាតិដ៏អស្ចារ្យម្នាក់។ ជុំវិញរឿងនេះផងដែរ ក្នុងចំណោមមេដឹកនាំពិភពលោកគឺមានការជជែកវែកញែកជាច្រើនអំពីមេដឹកនាំថ្មី សម្រាប់រូបខ្ញុំគឺប្រាកដណាស់ថាលោក Ben Wallace នៅតែបន្តរកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបាននៅតំណែងមួយនោះ។
លោក “Ben ត្រូវបានគេកោតសរសើរក្នុងចំណោមសហការីរបស់គាត់នៅជុំវិញពិភពលោក។ ហើយចក្រភពអង់គ្លេសតែងតែជាអ្នករួមចំណែកឈានមុខគេដល់អង្គការ NATO ថែមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំនួន ២% រួចរាល់ហើយផងដែរ។ “លោក Ben ក៏ធ្លាប់ជាអ្នកដឹកនាំក្នុងប្រតិបត្តិការរបស់អង្គការ NATO ដែលត្រូវបានគេយល់ឃើញថាជាអ្នកដឹកនាំដែលមានគំនិតច្នៃប្រឌិត” ។
សម្រាប់លោក Ben Wallace បាននិយាយកាលពីដើមខែនេះថាគាត់ “នឹងមិននិយាយថាទេ ប្រសិនបើគាត់ត្រូវបានគេផ្តល់ជូននូវការងារមួយនេះ” ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមួយចំនួនជំរុញឱ្យមានអគ្គលេខាធិការ អង្គការណាតូជា ស្ត្រីទីមួយនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ក៏កំពុងក្លាយជាអ្នកប្រកួតប្រជែងដ៏ធ្ងន់ធ្ងរផងដែរ។
លោក Rishi Sunak នឹងមកដល់ ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយក៏ជាដំណើរដែលមេដឹកនាំអង់គ្លេសសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាការបន្តការដឹកនាំរបស់ពួកគេលើការគាំទ្រអ៊ុយក្រែនថែមទៀតផង។