ក្រុមមន្ត្រីបាននិយាយនៅថ្ងៃច័ន្ទ ទី៥ ខែមិថុនាថា ទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសហៃទី បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤២នាក់ស្លាប់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ហើយមនុស្សរាប់សិបនាក់ទៀតបានបាត់ខ្លួន និងរងរបួស ចំនែកផ្ទះរបស់ប្រជាជនប្រមាណជាង 13,600 ក៏ត្រូវបានជន់លិចទឹកដែរ។
ទីភ្នាក់ងារការពារជនស៊ីវិលនៅប្រទេស ហៃទីបាននិយាយនៅលើ Twitter កាលពីថ្ងៃច័ន្ទថា ចំនួនអ្នកស្លាប់បានកើនឡើងចាប់តាំងពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីទឹកជំនន់កាលពីចុងសប្តាហ៍បានវាយប្រហារផ្នែកផ្សេងៗនៃប្រទេស រួមទាំងនៅជិតរដ្ឋធានី Port-au-Prince ផងដែរ។
នាយករដ្ឋមន្ត្រី Ariel Henry បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ” រាជរដ្ឋាភិបាល រួមជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិកំពុងអនុម័តវិធានការបន្ទាន់ដើម្បីដោះស្រាយនូវបញ្ហាដែលប្រទេសកំពុងជួបប្រទះឲ្យបានឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន។
ទីភ្នាក់ងារផ្តល់ជំនួយបាននិងកំពុងផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួន ខណៈដែលមន្ត្រីការពារជនស៊ីវិលបានព្រមានកាលពីចុងសប្តាហ៍ថា វិស័យកសិកម្មនៅផ្នែកខ្លះនៃប្រទេស បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
អាជ្ញាធរហៃទីបាននិយាយថា ក្នុងកំឡុងពេលទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានមនុស្សបីនាក់ដែលបានស្លាប់ផ្ទះបាក់សង្កត់ ហើយមនុស្សមួយចំនួនទៀតបានរងរបួសផងដែរ។
សាធារណរដ្ឋហៃទី គឺជាប្រទេសមួយដែលមានទីតាំងនៅលើកោះ Hispaniola ក្នុង មហា ប្រជុំកោះ Antilles នៃ សមុទ្រ Caribbean ភាគខាងកើតនៃ ប្រទេសគុយបា និង Jamaica និងភាគខាងត្បូងនៃ Bahamas កោះ Turks និង Caicos ។
Jérémie គឺជាទីក្រុងឆ្នេរសមុទ្រមួយនៅភាគនិរតីនៃនាយកដ្ឋាន Grand’Anse ដោយកាលពីពីរឆ្នាំមុន តំបន់នេះក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដី ហើយវាក៏បានសម្លាប់មនុស្សប្រហែលជាង ២ ២០០ នាក់។
Jérémie មានភាពឯកោពីប្រទេសដទៃទៀត ហើយទំនាក់ទំនងនៅក្នុងការដឹកជញ្ជូនត្រូវបានរំខានបន្ថែមទៀតដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។
ផ្លូវធំដែលតភ្ជាប់ Jérémie ជាមួយរដ្ឋធានី Port-au-Prince ឆ្លងកាត់ទីក្រុង Léogâne ជាកន្លែងដែលទន្លេចំនួនបីបានហូរកាត់ច្រាំងទន្លេរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
អ្នកប្រតិបត្តិការជួយសង្គ្រោះក៏ត្រូវបានរារាំងដោយបញ្ហាជាច្រើននៃប្រទេសមួយនេះ ជាមួយនឹងក្រុមឧក្រិដ្ឋជនដែលគ្រប់គ្រងស្ទើរគ្រប់តំបន់ក្នុងប្រទេសហៃទី។ប្រធានផ្នែកការពារជនស៊ីវិលបាននិយាយប្រាប់អ្នកកាសែត Miami Herald ថា៖ ទឹកជំនន់ដ៏សាហាវបានកើតឡើងនៅពេលដែលប្រទេសហៃទី ដែលជាប្រទេសមួយកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកមួយចំពេលដែលមានអំពើហឹង្សាមួយបានកើតឡើងដោយក្រុមក្មេងទំនើង គឺជាហេតុដែលនាំឲ្យប្រទេសអសណ្តាប់ធ្នាប់។
អ្នកស្រុក Léogâne ឈ្មោះ Phania Cange ដែលផ្ទះរបស់គាត់ត្រូវបានទឹកជន់លិច បានប្រាប់រ៉យទ័រថា កូនប្រុសអាយុប្រាំឆ្នាំរបស់គាត់បានស្លាប់នៅក្នុងទឹកជំនន់ “ខ្ញុំស្ទើរតែនឹងបាត់បង់កូនពីរនាក់ ទៅហើយ ប៉ុន្តែព្រះបានទុកម្នាក់ ដោយព្យួរនៅលើដើមឈើ” ។
ស្ត្រីម្នាក់នោះបានបន្ថែមថា៖ “ខ្ញុំបានបាត់បង់អ្វីៗទាំងអស់ កូនរបស់ខ្ញុំគឺជាមនុស្សល្អម្នាក់ឥឡូវ ខ្ញុំបានបាត់ទីបង្អែកមួយហើយ”។
អភិបាលក្រុង Léogâne លោក Ernson Henry បាននិយាយថា អ្នកស្រុកនៅក្នុងទីក្រុងរងនូវការ “អស់សង្ឃឹម” ជាខ្លាំង បន្ទាប់ពីបាត់បង់សាច់ញាតិ ហើយផ្ទះក៏ត្រូវទឹកលិចទៀត។
គាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ពួកគេនៅពេលនេះបានបាត់បង់អ្វីៗទាំងអស់។