លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធ អំពីការប្ដេជ្ញាចិត្តឪពុករបស់លោកស្រីគឺលោក ថាក់ស៊ីន ក្នុងការវិលត្រឡប់មកប្រទេសថៃវិញនៅក្នុងខែក្រោយ។
លោកស្រីបាននិយាយទៀតថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ប្រសិនបើលោក Pita Limjaroenrat ប្រធានគណបក្សចលនាឆ្ពោះទៅមុខ(MFP) មិនអាចទទួលបាននោះ។ ប៉ុន្តែបើគិតរហូតមកដល់ពេលនេះ លោកស្រីនៅតែគាំទ្រលោក Pita Limjaroenrat ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ដដែល។
អ្នកស្រី Paetongtarn Shinawatra បាននិយាយនៅទីស្នាក់ការគណបក្សភឿថៃថា លើកចុងក្រោយដែលអ្នកស្រីបាននិយាយជាមួយឪពុករបស់គាត់ គឺលោកថាក់ស៊ីននៅតែប្តេជ្ញាចិត្តថានឹងវិលត្រឡប់មកវិញនៅខែក្រោយ ដូចដែលគាត់ធ្លាប់បានសន្យា។
ក្នុងនាមជាកូនស្រី លោកស្រី Paetongtarn Shinawatra បានបដិសេធន៍ពីម្តាយនិងក្រុមគ្រួសារជាដាច់ខាត ដែលពួកគាត់មិនចង់ឱ្យលោកថាក់ស៊ីនត្រឡប់មកវិញនៅខែក្រោយនោះទេ។ ដោយក្រុមគ្រួសាររបស់លោកស្រី មានការព្រួយបារម្មណ៍សុខសុវត្តិភាពរបស់លោក ជាពិសេសនោះគឺផលលំបាកផ្សេងៗនៃការមកដល់របស់លោក។
“លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា គាត់កំពុងមើលស្ថានភាព (នយោបាយ) នាពេលបច្ចុប្បន្ន សម្រាប់រូបលោក គឺពិតជាមិនចង់ឱ្យការវិលត្រឡប់មកវិញរបស់ខ្លូនក្លាយទៅភាពចលាចលនៅក្នុងនយោបាយនោះទេ។ ជាការពិតណាស់ទឹកចិត្តឪពុកដែលស្រលាញ់កូន គឺពិតជាមានសារៈសំខាន់ខ្លាំង ហើយម្យ៉ងទៀតចំពោះវត្តមានរបស់លោក គឺពឹងផ្អែកលើភាពសមស្របតែប៉ុណ្ណោះ។
អ្នកស្រី Paetongtarn បាននិយាយថា ឪពុករបស់លោកស្រីបានចាកចេញពីប្រទេសអស់រយៈពេល 17 ឆ្នាំ ហើយគាត់តែងតែចង់ត្រឡប់មកវិញ ជាពិសេសចាប់តាំងពីកំណើតចៅប្រុសទីប្រាំពីរ ដែលជាកូនរបស់លោកស្រី ។
លោក ថាក់ស៊ីន បានបញ្ជាក់ថានឹងវិលត្រឡប់មិវិញនៅខែក្រោយ ដោយលោកស្រី Paetongtarn បាននិយាយថា សម្រាប់កាលបរិច្ឆេទនៃការមកដល់របស់ឪពុកលោកស្រី គឺអាស្រ័យលើគាត់ជាអ្នកកំណត់ ហើយអ្វីដែលលោកស្រីអាចប្រាប់បាននៅពេលនេះគឺ ឪពុករបស់ស្រីនិងមកដល់ប្រទេសថៃមុនថ្ងៃទី 26 ខែ កក្កដា ដែលជាថ្ងៃខួបកំណើតរបស់លោកប៉ា ដែលឈានចូល 76 ឆ្នាំ។
មានអ្នកយកព័ត៌មានម្នាក់បានសួរថា តើលោកស្រី Paetongtarn ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ដែរឬទេ ក្នុងព្រឹត្តិការណ៍ដែលលោក Pita មិនអាចចូលកាន់តំណែងមួយនោះ?
លោកស្រីបានឆ្លើយថា លោកស្រីនឹងមិនក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់របស់បក្សភឿថៃទេ ប្រសិនបើលោកស្រីមិនបានត្រៀមខ្លួនសម្រាប់តំណែងនោះ។ លោកស្រី Paetongtarn បាននិយាយថា ភឿថៃនឹងមិនចាកចេញពីភាពជាដៃគូរបស់ខ្លួននោះគឺគណបក្ស(MFP)ព្រមទាំងសម្ព័ន្ធមិត្តចំនួន៦ផ្សេងទៀតឡើយ។
គណបក្ស MFP របស់លោក Pita បានឈ្នះការបោះឆ្នោតសកលនៅថ្ងៃទី 14 ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន 151 ខណៈដែលគណបក្សភឿថៃទទួលបានត្រឹមតែ 141 អាសនៈតែប៉ុណ្ណោះ ។ វាគឺជាការបាត់បង់លើកដំបូងដែលភឿថៃទទួលរងនៅក្នុងការបោះឆ្នោតជាសកល ចាប់តាំងពីគណបក្សដើមត្រូវបានបង្កើតឡើងក្រោមឈ្មោះផ្សេងប្រហែល 2 ទសវត្សរ៍មុន។
MFP និងគណបក្សភឿថៃ បានយល់ព្រមជាមួយគណបក្សចំនួនប្រាំមួយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ដែលដឹកនាំដោយលោក Pita Limjaroenrat ។ ទោះជាយ៉ាងណាក៏ដោយការប្រឈមមុខនឹងបញ្ហា អំពីសិទ្ធិ ជាសមាជិកសភា និងជានាយករដ្ឋមន្ត្រី គឺវានៅតែកើតមានសម្រាប់លោក។
គួរបញ្ជាក់ផងដែរថា លោកថាក់ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2006 ។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅក្នុងនិរទេសខ្លួនដោយខ្លួនឯង លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសថៃក្នុងឆ្នាំ 2008 តែប៉ុណ្ណោះ។ មានកំណត់ត្រាចំនួន 18 អំពីគាត់បាននិយាយអំពីការវិលត្រឡប់មកវិញនាពេលនោះថែមទៀតផង។
លើកទីមួយគឺនៅថ្ងៃទី 30 ខែមីនាឆ្នាំ 2009 នៅពេលដែលគាត់បាននិយាយទៅកាន់ក្រុមបាតុករអាវក្រហមនៅខាងក្រៅវិមានរដ្ឋាភិបាលតាមរយៈសន្និសីទតាមវីដេអូរ។ ដោយលោកបាននិយាយថា៖ «ភ្លាមៗដែលការបាញ់ប្រហារដំបូងត្រូវបានបាញ់ទៅលើមនុស្ស នោះ ខ្ញុំនឹងនាំអ្នកទៅទីក្រុងបាងកក»។
បីឆ្នាំក្រោយមក ក្នុងអំឡុងពេលទូរស័ព្ទចូលសួរសុខទុក្ខអ្នកគាំទ្រអាវក្រហមនៅឯការជួបជុំមួយនៅសុរិន គាត់បានប្រាប់ពួកគេថា “ប្រសិនបើខ្ញុំត្រលប់មកផ្ទះវិញ ខ្ញុំត្រូវតែត្រលប់មកវិញដោយត្រជាក់។ ហើយខ្ញុំនឹងប្រាប់អ្នកនៅពេលក្រោយពីរបៀបដែលមកវិញដោយត្រជាក់នោះ»។
ការអត្ថាធិប្បាយពីការត្រឡប់ទៅផ្ទះវិញ របស់លោកថាក់ស៊ីន ដែលនៅសល់ត្រូវបានធ្វើឡើងពីឆ្នាំ២០២១រហូតដល់ខែឧសភានេះ។
លោកថាក់ស៊ីនត្រូវបានកាត់ទោសកំបាំងមុខ ដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយឱ្យជាប់ពន្ធនាគាររយៈពេល 12 ឆ្នាំក្នុងសំណុំរឿងពុករលួយចំនួនបួន។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវប្រថុយនឹងការចាប់ខ្លួនភ្លាមៗ ប្រសិនបើលោកមកដល់ដែនសមត្ថកិច្ចថៃពិតមែននោះ។