រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បាននិយាយថា ប្រទេសចិនកំពុងតែព្យាយាមជ្រៀតជ្រែក ក្នុងការបោះឆ្នោតសំខាន់ៗក្នុងខែមករា ដោយផ្តល់មូលនិធិដោយខុសច្បាប់ដល់បេក្ខជនដែលចូលចិត្តទីក្រុងប៉េកាំង ដោយពួកគេបានប្រើកម្មវិធីទំនាក់ទំនង ឬការធ្វើដំណើរកម្សាន្តជាក្រុម នេះបើយោងតាមរបាយការណ៍សន្តិសុខផ្ទៃក្នុងចំនួនបីដែលត្រូវបានពិនិត្យដោយ Reuters ។
លោកស្រី Tsai Ing-wen បានព្រមានម្តងហើយម្តងទៀត អំពីការប៉ុនប៉ងរបស់ចិនក្នុងការ ជះឥទ្ធិពលលើ មតិជាសាធារណៈលើកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ខណៈដែលទីក្រុងប៉េកាំងបានអះអាងថាជាទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីទីក្រុងតៃប៉ិក៏ដោយ។
រឿងនេះត្រូវបានគេរាយការមុនថា ទោះបីជាមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ រួមទាំងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Wellington Koo ក្នុងឆ្នាំនេះ បានព្រមានថា ប្រទេសចិនអាចព្យាយាមបំភាន់ការបោះឆ្នោតប្រធានាធិបតី និងនីតិបញ្ញត្តិ ជាមួយនឹងយុទ្ធនាការដែលមានឥទ្ធិពល រួមទាំងព័ត៌មានមិនពិតជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតអំពីរបៀបដែលតៃវ៉ាន់គិតថា ចិនអាចនឹងប្រើប្រាស់មូលនិធិខុសច្បាប់ វាគឺគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ។
មន្ត្រីសន្តិសុខតៃវ៉ាន់ម្នាក់ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបាននិយាយថា “ខាងភាគីចិន ពួកគេសង្ឃឹមថា នឹងមានឥទ្ធិពលមកលើប្រជាជនតៃវ៉ាន់ តាមរយៈការឈានដល់ជាមូលដ្ឋាន” ។ “ពួកគេសង្ឃឹមថា នឹងមានឥទ្ធិពលលើអ្នកបោះឆ្នោត ដែលមិនមានទំនាក់ទំនងនយោបាយជាក់លាក់ ហើយនឹងបោះឆ្នោតឱ្យអ្នកណាដែលផ្តល់ផលប្រយោជន៍ដល់ពួកគេតែប៉ុណ្ណោះ”។
បើយោងតាមរបាយការណ៍ចាត់ថ្នាក់មួយដែលត្រូវបានពិនិត្យដោយ Reuters បានឲ្យដឹងថា នៅក្នុងបញ្ជីតាមដានរបស់រដ្ឋាភិបាលនៅតៃវ៉ាន់ សម្រាប់អ្នកដែលទំនងជាទទួលបាននៅផលប្រយោជន៍ពីប្រទេសចិន គឺជាគណបក្សនយោបាយតូចៗ ដែលគាំទ្រការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងមកលើកោះរបស់ខ្លួន។
ទីក្រុងប៉េកាំងក៏អាចផ្តល់ការធ្វើដំណើរដោយឥតគិតថ្លៃទៅកាន់ប្រទេសចិន ឬពីចិនទៅកាន់ប្រជាជនតៃវ៉ាន់សម្រាប់មនុស្សរាប់រយនាក់ ដែលចូលរួមក្នុងយុទ្ធនាការបោះឆ្នោតមុនការបោះឆ្នោតដើម្បី “មានឥទ្ធិពលលើការសម្រេចចិត្តក្នុងការបោះឆ្នោត” ហើយមួយផ្សេងវិញទៀតនៃរបាយការណ៍ផ្ទៃក្នុងបាននិយាយថា វាអាចដោយមានការចង្អុលទៅអ្នកនយោបាយក្នុងស្រុកមួយចំនួន ដូចជា មេឃុំ និងមេភូមិ ជាដើម។
រដ្ឋាភិបាលបានបង្កើតក្រុមការងារសន្តិសុខឆ្លងក្រសួងមួយដែលមានឈ្មោះថា “Ping Shun” ឬសុវត្ថិភាព និងសំឡេងនៅក្នុងឆ្នាំនេះ។ ដើម្បីពិនិត្យមើលការជ្រៀតជ្រែកក្នុងការបោះឆ្នោតក្នុងស្រុក ឬក្រៅប្រទេស នេះបើយោងតាមបុគ្គលនោះ និងមន្ត្រីសន្តិសុខម្នាក់ទៀតដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះ។ អ្នកទាំងពីរបានបដិសេធមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃរឿងនេះ។
ការទទួលយកនូវភាគលាភ វាជារឿងខុសច្បាប់នៅក្រោមច្បាប់តៃវ៉ាន់សម្រាប់យុទ្ធនាការបោះឆ្នោតដើម្បីទទួលបានប្រាក់ពី “កងកម្លាំងអរិភាពខាងក្រៅ” រួមទាំងប្រទេសចិនផងដែរ។
យោងតាមរបាយការណ៍ផ្ទៃក្នុងមួយផ្សេងទៀតដែល Reuters បានពិនិត្យ និងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់តៃវ៉ាន់ បានឲ្យដឹងថា ប្រទេសចិនអាចផ្ញើប្រាក់តាមរយៈបណ្តាញសង្គមដ៏ពេញនិយមរបស់ចិន និងកម្មវិធីជជែក WeChat ដែលអនុញ្ញាតឱ្យផ្ទេរដោយផ្ទាល់ក្នុងចំណោមអ្នកប្រើប្រាស់ ហើយវាបានកើតឡើងរួចហើយនៅក្នុងតៃវ៉ាន់។
តាមរបាយការណ៍បាននិយាយថា រដ្ឋាភិបាលចិនអាច “ណែនាំបេក្ខជនឱ្យបង្កើតគណនី WeChat សាធារណៈ ហើយបន្ទាប់មកប្រមូលអ្នកប្រើប្រាស់ឱ្យផ្តល់ជំនួយរូបិយវត្ថុតាមរយៈ ‘ការបរិច្ចាគរបស់អ្នកមើល” ។ WeChat អនុញ្ញាតឱ្យបុគ្គលផ្ទេរប្រាក់រហូតដល់ 50,000 យន់ (6,971 ដុល្លារ) ទៅកាន់អ្នកដទៃក្នុងប្រតិបត្តិការតែមួយ និងអតិបរមា 200,000 យន់ក្នុងមួយថ្ងៃ។
របាយការណ៍នេះបានដកស្រង់ដោយការវិភាគលើការស៊ើបការណ៍ជាសម្ងាត់ ក៏បាននិយាយផងដែរថា ប្រទេសចិនអាចធ្វើការជាមួយភ្នាក់ងារទេសចរណ៍ និងសុំឱ្យសមាជិកនៃដំណើរទេសចរណ៍ជាក្រុមដើម្បីយកសាច់ប្រាក់ទៅកាន់កោះតៃវ៉ាន់។ របាយការណ៍នេះបាននិយាយទៀតថា ប្រព័ន្ធធនាគារក្រោមដីនៅតៃវ៉ាន់ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ប៉ុន្តែពិបាកក្នុងការគ្រប់គ្រង ព្រោះវាអាចផ្តល់ការគាំទ្រដល់ការប្តូរប្រាក់បរទេស។
របាយការណ៍ចំណាត់ថ្នាក់ទីបី ពីទីភ្នាក់ងារបាននិយាយថា “គណបក្សកុម្មុយនិស្តចិនអាចផ្តល់ហិរញ្ញវត្ថុដល់ក្រុម ឬប្រជាជនក្នុងស្រុកជាក់លាក់ ហើយផ្តល់ឱ្យពួកគេនូវការបរិច្ចាគផ្នែកនយោបាយ ឬមូលនិធិដែលត្រូវការសម្រាប់ការបោះឆ្នោតថែមទៀតផង” ។
សម្រាប់ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ ហើយប្រទេសចិនបានបដិសេធមិននិយាយជាមួយលោកស្រី Tsai Ing-wen ឬគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់លោកស្រី ដោយហៅពួកគេថាជាអ្នកបំបែកខ្លួន។ បច្ចុប្បន្នលោក Tsai Ing-wen មិនអាចឈរឈ្មោះជាប្រធានាធិបតីម្ដងទៀតបានទេ ដោយសារមានការកំណត់អាណត្តិ។
ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់បានប្រាប់រ៉យទ័រថា “ប្រទេសចិនបានប្រើមធ្យោបាយផ្សេងៗដើម្បីធ្វើអន្តរាគមន៍យ៉ាងសកម្មក្នុងការបោះឆ្នោតដើម្បីជ្រៀតជ្រែក ឬមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោត” ដោយបន្ថែមថា វិធានការនេះ គឺសំដៅលើជំរុញឱ្យមានរបៀបវារៈនយោបាយរបស់ចិន ដែលរួមមាន “ការលើកកម្ពស់ការបង្រួបបង្រួម” រវាងចិនជាមួយនិងតៃវ៉ាន់។
ជនជាតិតៃវ៉ាន់មួយចំនួនត្រូវបានកាត់ទោសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការទទួលបានការគាំទ្រខុសច្បាប់ពីប្រទេសចិនក្នុងយុទ្ធនាការបោះឆ្នោត។ អង្គភាពរដ្ឋាភិបាលមួយនៅភាគខាងត្បូងប្រទេសចិនបានឧបត្ថម្ភឧបករណ៍ធ្វើតេស្តរកមេរោគ COVID-19 ដោយខ្លួនឯងសម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានមណ្ឌលនៅទីក្រុងញូវតៃប៉ិកាលពីឆ្នាំមុន ដែលខែនេះត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភលើច្បាប់ស៊ីសំណូក និងប្រឆាំងនឹងការជ្រៀតចូល។
របាយការណ៍បាននិយាយទៀតថា បណ្តាញផ្តល់មូលនិធិដែលអាចមានផ្សេងទៀត រួមមានកាតទូទាត់ដែលប្រើបណ្តាញ China UnionPay ដែលអនុញ្ញាតឱ្យប្រជាជនតៃវ៉ាន់ដកប្រាក់ដោយស្របច្បាប់ពីគណនីធនាគារនៅក្នុងប្រទេសចិន ក៏ដូចជាតាមរយៈការផ្ទេរដោយផ្ទាល់ទៅកាន់មូលនិធិសប្បុរសធម៌ដែលមានមូលដ្ឋាននៅតៃវ៉ាន់។