ដំណើរការក្នុងការផ្លាស់ប្តូរចេញពីតំណែងនៅក្នុងវិមានរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ត្រូវបានចាប់ផ្តើមបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) កាលពីថ្ងៃច័ន្ទបានបញ្ជាក់ពីការបោះឆ្នោតសមាជិកសភាទាំង 500 រូប ទាំងប្រព័ន្ធបោះឆ្នោត និងប្រព័ន្ធបញ្ជីគណបក្ស បានបញ្ចប់។
លោកឧត្តមសេនីយ៍ Prayut Chan-o-cha កាលពីថ្ងៃពុធបានរាយការណ៍ថា លោកនឹងធ្វើការដូចធម្មតា គឺស្របពេលដែលបរិយាកាសបច្ចុប្បន្នកំពុងតែមានការស្ងប់ស្ងាត់នៅឯវិមានរដ្ឋាភិបាល។
ប្រភពមួយបាននិយាយថា ការវេចខ្ចប់កំពុងតែប្រព្រឹត្តទៅ ដោយសមាជិកនៅក្នុងក្រុមផ្ទាល់របស់លោកឧត្តមសេនីយ៍ ពួកគេទាំងនោះបានដកយករបស់របរ និងវត្ថុមានតម្លៃមួយចំនួនពីការិយាល័យនាយករដ្ឋមន្ត្រី រួមទាំងរូបព្រះពុទ្ធផងដែរ។
វត្ថុមានតម្លៃទាំងអស់នោះ ត្រូវបានបញ្ជូនទៅគេហដ្ឋានរបស់លោកឧត្តមសេនីយ៍ Prayut Chan-o-cha ដែលនៅមូលដ្ឋានកងវរសេនាធំថ្មើរជើងទី១ ក្នុងទីក្រុងបាងកក។ ឯកសារសំខាន់ៗមួយចំនួន ដែលមិនគ្រប់លក្ខណៈ និងមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ ក៏ត្រូវបានបញ្ជូនទៅផ្ទះជាមួយលោកឧត្តមសេនីយ៍ Prayut ផងដែរ។ បើទោះបីជាឯកសារមិនសំខាន់មួយចំនួន ត្រូវបានខ្ចប់ទុក ក្នុងកំឡុងពេលដែលការិយាល័យកំពុងត្រូវបានសម្អាតសម្រាប់ទទួលអ្នកកាន់កាប់ថ្មីដែលត្រៀមចូលមក។
តាមប្រភពបាននិយាយថា ឧត្តមសេនីយ៍ Prayut Chan-o-cha នឹងបំពេញតួនាទីជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ រហូតដល់គណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រណិធានរួចរាល់នៅក្នុងមុខតំណែង និងការចូលកាន់តំណែងជាផ្លូវការ។
ប្រភពមួយនៅក្នុងខុទ្ទកាល័យដែលដកស្រង់សំដីពីឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngam បាននិយាយថា កិច្ចប្រជុំរួមគ្នានៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា ត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃទី 13 ខែ កក្កដា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
ការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី 21 ខែកក្កដា ហើយពិធីស្បថក្នុងការចូលកាន់តំណែងសម្រាប់រដ្ឋមន្ត្រីថ្មី និងត្រូវធ្វើឡើងនៅចុងខែកក្កដានេះ ដោយបន្ថែមទៀតថា វាអាស្រ័យលើប្រធានសភាដើម្បីកំណត់កាលបរិច្ឆេទឲ្យបានជាក់លាក់។
ទន្ទឹមនឹងនេះ លោក Wissanu Krea-ngam បាននិយាយកាលពីថ្ងៃពុធថា លោក Pirapan Salirathavibhaga មិនចាំបាច់ដើចេញពីតំណែងជាអគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីនោះទេ រហូតដល់ការធ្វើសច្ចប្រណិធានដើម្បីចូលកាន់តំណែងសមាជិកសភាថ្មីត្រូវបានបញ្ចប់ជាស្ថាពរ។
លោក Pirapan Salirathavibhaga គឺជាមេដឹកនាំគណបក្ស United Thai Nation (UTN) ដែលមានលោកឧត្តមសេនីយ៍ Prayut Chan-o-cha ជាប្រធានទីប្រឹក្សា គឺនូវតែអាចបន្តការងារនេះ ខណៈពេលដែលលោកបានចុះឈ្មោះជាសមាជិកសភាជាមួយគណកម្មាធិការរៀបចំការបោះឆ្នោត (EC) បានរួចរាល់ហើយក៏ដោយ។
ទោះបីជាមានច្បាប់ហាមប្រាមសមាជិកសភា មិនឱ្យកាន់តំណែងជាសាធារណៈក្នុងពេលដំណាលគ្នាក៏ដោយ ឋានៈសមាជិកសភាមួយនេះ គឺមិនត្រូវបានប្រកាសជាផ្លូវការទេ រហូតដល់ដំណើរការស្បថចូលកាន់មុខតំណែងត្រូវបានបញ្ចប់។