ក្រសួងមហាផ្ទៃរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំងបានវាយលុកខេត្តភាគខាងត្បូងពេញមួយយប់ បានបណ្តាលឲ្យមានមនុស្សម្នាក់បាត់ខ្លួន ហើយចំណែកផ្ទះរាប់សិបខ្នងត្រូវគ្មានអគ្គិសនីសម្រាប់ប្រើប្រាស់ បន្ទាប់ពីមានផ្គរ រន្ទះ ហើយចំនែកផ្លូវថ្នល់ ឧទ្យានជាតិ និងផ្លូវឡើងភ្នំជាច្រើនកន្លែងត្រូវបានបិទជាបណ្តោះអាសន្ន។
ភ្លៀងធ្លាក់ខ្លាំងរហូតដល់ទៅ 68.5 មិល្លីម៉ែត្រក្នុងមួយម៉ោង វាបានធ្លាក់នៅក្នុងខេត្ត North Chungcheong, South Jeolla និង South Gyeongsang ដែលជំរុញឱ្យការិយាល័យប្រឆាំងគ្រោះមហន្តរាយក្រោមក្រសួងមហាផ្ទៃដំឡើងកម្រិតការណែនាំអំពីភ្លៀងធ្លាក់ខ្លាំងឲ្យមាន “ការប្រុងប្រយ័ត្នខ្ពស់”។ ការខូចខាតត្រូវបានប្រមូលផ្តុំនៅក្នុងទីក្រុង Gwangju ភាគនិរតី និងជុំវិញខេត្ត Jeolla ភាគខាងត្បូង។
គ្រោះធម្មជាតិមួយនេះ បានបង្ករឲ្យស្ត្រីម្នាក់ដែលមានអាយុ 60 ឆ្នាំបានបាត់ខ្លួននៅក្នុងភូមិជនបទមួយនៅក្នុងស្រុក Hampyeong បន្ទាប់ពីនាងបានចាកចេញពីផ្ទះក្នុងកំឡុងពេលមានទឹកភ្លៀងលិច។
ចំណែកឯនៅទីក្រុង Gwangju មានផ្ទះមួយខ្នងបានរងការខូចខាត ហើយការដ្ឋានសំណង់មួយត្រូវបានជន់លិច ក្នុងនោះផងដែរក៏មានផ្ទះប្រហែល 30 គ្រួសារបានដាច់ចរន្តអគ្គិសនីដោយសារមានរន្ទះបាញ់។
នៅពេលនេះមានប្រហែលមនុស្ស 21 នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Gwangju នៃខេត្ត South Jeolla និងខេត្ត South Gyeongsang បន្ទាប់ពីដើមឈើបានដួលរលំលើផ្ទះរបស់ពួកគេ ហើយម្យ៉ាងវិញទៀតគឺដោយសារតែការភ័យខ្លាចនៃទឹកជំនន់។ ការធ្វើចរាចរណ៍ផ្លូវគោក ត្រូវបានបិទចំនួន 15 ផ្លូវ ព្រមទាំងផ្លូវក្រោមដីចំនួន 2 ចំណតរថយន្តតាមមាត់ទន្លេចំនួន 9 និងស្ពានចំនួន 35 ខណៈដែលឧទ្យានជាតិចំនួន 10 និងផ្លូវឡើងភ្នំចំនួន 299 ត្រូវបានបិទទាំងស្រុង។