គណបក្សចលនាឆ្ពោះទៅមុខ (MFP )បានពន្យារពេលកិច្ចប្រជុំ ដែលបានគ្រោងទុកដោយមិនមានកំណត់នៅថ្ងៃពុធ ជាមួយនិងគណបក្សភឿថៃ បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះបានទាមទារនូវតំណែងជាប្រធានសភាជាថ្មីម្តងទៀត។ ហើយចំនែកកិច្ចប្រជុំដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ នៃគណបក្សចម្រុះទាំងប្រាំបី ក៏ត្រូវបានពន្យារពេលដូចគ្នាផងដែរ។
អ្នកនាំពាក្យរងរបស់ MFP លោកស្រី Pakamon Noon-anan បានជូនដំណឹងដល់អ្នកសារព័ត៌មានអំពីការពន្យារពេលដែលមិនមានកាលកំណត់ នៅពេលយប់ថ្ងៃអង្គារ។ ព្រោះតួអង្គសំខាន់ទាំងពីរ នៅក្នុងសម្ព័ន្ធទាំងប្រាំបីមុននេះ គ្រោងនឹងឈានដល់កិច្ចព្រមព្រៀងលើកៅអីប្រធានសភាក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធនេះ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ គណបក្សភឿថៃបានទទូចម្តងហើយម្តងទៀតថា ខ្លួនត្រូវតែមានមុខតំណែងជាប្រធានសភា ស្របតាមសំណើរបស់ខ្លួន ដើម្បីឱ្យមានមុខតំណែងរដ្ឋមន្ត្រីចំនួន 14 បូករួមនឹងតំណែងប្រធានសភា ហើយ MFP នឹងមានតំណែងរដ្ឋមន្ត្រីចំនួន 14 ដូចគ្នា និងដើម្បីក្លាយជានាយករដ្ឋមន្ត្រី។
MFP បានឈ្នះអាសនៈសភាច្រើនជាងគេគឺ 151 នៅការបោះឆ្នោតទូទៅថ្ងៃទី 14 ឧសភា ហើយគណបក្សភឿថៃជាប់លេខ 2 ដោយមានត្រឹមតែ 141អាសនៈតែប៉ុណ្ណោះ ។
ប៉ុន្តែគណបក្សភឿថៃ បានឈរយ៉ាងរឹងមាំក្នុងការទទួលបានកៅអីប្រធានសភា ក្នុងនោះផងដែរ MFP បានតែងតាំងសមាជិកសភារបស់ខ្លួនឈ្មោះថា Padipat Suntiphada ឲ្យធ្វើជាបេក្ខជន នៅក្នុងក្រុង Phitsanulok ។
មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយកាលនៅថ្ងៃពុធថា គណបក្សរបស់លោកបានទទូចឱ្យមានកៅអីជាប្រធានសភា ហើយខ្លួនបានជូនដំណឹងដល់ MFP ពីរឿងនេះតាំងពីដំបូងមក។ លោកបាននិយាយថា MFP មិនបានធ្វើការឆ្លើយតបដោយផ្ទាល់ណាមួយទៅកាន់គណបក្សភឿថៃលើបញ្ហានេះទេ។
លោកបណ្ឌិត Cholnan Srikaew បានបញ្ជាក់ថា ភឿថៃ នៅតែមានបំណងក្លាយជាផ្នែកមួយនៃរដ្ឋាភិបាលបន្ទាប់ ជាមួយសម្ព័ន្ធមិត្តចំនួនប្រាំពីររបស់ខ្លួន ព្រមទាំងការគាំទ្រមេដឹកនាំ MFP លោក Pita Limjaroenrat ឲ្យក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ផងដែរ។
មេដឹកនាំគណបក្ស Thai Sang Thai លោក Khunying Sudarat Keyuraphan ដែលជាសម្ព័ន្ធមិត្តមួយក្នុងចំនោមសម្ព័ន្ធមិត្តបាននិយាយថា កិច្ចប្រជុំទាំងប្រាំបីភាគី ដែលបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍ក៏ត្រូវបានពន្យារពេលផងដែរ ដោយរង់ចាំការចរចាបន្ថែមទៀតលើបញ្ហាប្រធានសភា រវាង MFP និងគណបក្សភឿថៃត្រូវបានបញ្ចប់។
លោក Khunying Sudarat Keyuraphan សង្ឃឹមថា MFP និងបក្សភឿថៃ នឹងងាចឈានដល់កិច្ចព្រមព្រៀងមួយយ៉ាងរហ័ស ដើម្បីឲ្យរដ្ឋាភិបាលចម្រុះរបស់ពួកគេត្រូវបានបង្កើតឡើងទៅចុះ។
ចំនេកលោក Padipat Suntiphada បេក្ខជនតំណាងរាស្ត្រនៃក្រុង Phitsanulok របស់ MFP បាននិយាយកាលពីថ្ងៃពុធថា លោកជឿថាបញ្ហានៅតែអាចដោះស្រាយបានមុនពេលបើកសភាតំណាងរាស្រ្តនៅថ្ងៃទី 3 ខែកក្កដា។ លោកបាននិយាយទៀតថា MFP និង Pheu Thai នឹងមិនអនុញ្ញាតឱ្យបញ្ហាតែមួយគត់ដែលនាំឲ្យមានការបំបែកភាពជាដៃគូចម្រុះរបស់ពួកគេនោះទេ។
លោក Padipat បានបញ្ជាក់សារជាថ្មីអំពីចេតនារបស់ MFP ក្នុងការកាន់តំណែងទាំងនាយករដ្ឋមន្ត្រី និងជាប្រធានសភា គឺដោយសារតែគណបក្សនេះទទួលបាននូវអាសនៈសភាច្រើនជាងគេ។