បំណែកពីនាវាមុជទឹកដែលបានធ្លាក់ចូលទៅក្នុងការជ្រមុជទឹកជ្រៅ ដើម្បីទៅទស្សនា កប៉ាល់ Titanic ត្រូវបានគេយកចេញនៅទីក្រុង St John’s ក្នុងប្រទេសកាណាដាកាលពីថ្ងៃពុធ។
ក្រុមមន្ត្រីបាននិយាយថា កំទិចកំទីសម្បកយាន និងគម្របខាងក្រោយត្រូវបានរកឃើញក្នុងចំណោមបំនែកកំទេចកំទីដែលបានរកឃើញនោះ។
ឆ្មាំឆ្នេរសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំនាញផ្នែកវេជ្ជសាស្ត្រអាមេរិកនឹងធ្វើការវិភាគជាផ្លូវការនៃអដ្ឋិធាតុដែលនៅសល់។
ទីភ្នាក់ងារនៅពេលនេះកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការស៊ើបអង្កេតលើមូលហេតុនៃគ្រោះមហន្តរាយនេះ។ ក្រុមអ្នកប្រឹក្សាស៊ើបអង្កេតដែនសមុទ្ររបស់ឆ្មាំសមុទ្រ (MBI) នឹងដឹកជញ្ជូនភស្តុតាងទៅកាន់កំពង់ផែសហរដ្ឋអាមេរិកសម្រាប់ធ្វើការវិភាគ និងធ្វើតេស្តបន្ថែមទៀត។
ប្រធាន MBI លោក Jason Neubauer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅមានការងារច្រើនសន្ធឹកសន្ធាប់ដែលត្រូវធ្វើ ក្នុងការស្វែងយល់ពីកត្តាដែលនាំឱ្យបាត់បង់នៃកូននាវាមុជទឹក Titan ដើម្បីធានាបានថាមិនឲ្យសោកនាដកម្មស្រដៀងគ្នានេះកើតឡើងម្តងទៀត” ។
លោក Capt Neubauer បាននិយាយថា “ខ្ញុំមានអំណរគុណចំពោះការគាំទ្រផ្នែកសម្របសម្រួលអន្តរជាតិ និងអន្តរការី ក្នុងការទាញយក និងរក្សាភស្តុតាងដ៏សំខាន់នេះ បើទោះជាវានៅចម្ងាយឆ្ងាយ និងជម្រៅជ្រៅបំផុតក៏ដោយ”។
មនុស្ស 5 នាក់នៅលើនាវាបានស្លាប់នៅថ្ងៃទី 18 ខែមិថុនាបន្ទាប់ពីវាបានចុះទៅទស្សនា ការលិចកប៉ាល់ដ៏ល្បីល្បាញ ក្នុងឆ្នាំ 1912 ដែលស្ថិតនៅជម្រៅ 3,800m (12,500ft) នៅភាគខាងជើងមហាលសមុទ្រអាត្លង់ទិក។
អ្នកដំណើរទាំងនោះគឺជាប្រធានក្រុមហ៊ុន OceanGate ដែលរៀបចំការជ្រមុជទឹកនេះ លោក Stockton Rush អាយុ 61 ឆ្នាំ; អ្នករុករកជនជាតិអង់គ្លេស Hamish Harding អាយុ 58 ឆ្នាំ; Shahzada Dawood អាយុ 48 ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ Suleman Dawood អាយុ 19 ឆ្នាំ; និងអ្នកមុជទឹកជនជាតិបារាំង Paul-Henry Nargeolet អាយុ 77 ឆ្នាំ។
បើគិតរហូតមកដល់ពេលនេះ ឆ្មាំឆ្នេរសមុទ្រនិយាយថា បំណែកសំខាន់ៗចំនួនប្រាំនៃនាវាត្រូវបានគេរកឃើញ នៅកំទេចកំទីដ៏ធំមួយនៅជិតកប៉ាល់ទីតានិក។
ចំពោះកំទេចកំទីដែលបាននាំយកមកច្រាំងសមុទ្រកាលពីថ្ងៃពុធ ហាក់ដូចជារួមបញ្ចូលយ៉ាងហោចណាស់គម្របទីតានីញ៉ូមមួយ ហើយមានរន្ធ ជាមួយនឹងបង្អួចរបស់វាដែលបានបាត់ ក៏ដូចជារង្វង់ទីតានីញ៉ូម សម្បកខាងក្រៅសម្រាប់ចុះចត និងច្រកដាក់ឧបករណ៍ជាដើម នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវិទ្យាសាស្ត្ររបស់ BBC លោក Jonathan Amos ។
បេសកកម្មសង្គ្រោះត្រូវបានដឹកនាំដោយកប៉ាល់ Horizon Arctic របស់ប្រទេសកាណាដា ដែលដឹកយានជំនិះពីចម្ងាយ វាបានធ្វើដំណើរការដោយសេវាកម្មស្រាវជ្រាវមួយដែលមានឈ្មោះថា Pelagic ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្រុមរបស់ខ្លួនបានបញ្ចប់ប្រតិបត្តិការនៅត្រង់ឆ្នេរសមុទ្រហើយកំពុងត្រឡប់ទៅមូលដ្ឋានវិញ។
ឥឡូវនេះ ក្រុមហ៊ុន OceanGate ត្រូវបានរងនូវការរិះគន់ ចំពោះការអនុវត្តសុវត្ថិភាពរបស់ខ្លួន ហើយអតីតបុគ្គលិកបានលើកឡើងពីការព្រួយបារម្ភអំពីកូននាវាមុជទឹក Titan ដែលមិនស្ថិតនូវក្រោមនៃបទប្បញ្ញត្តិ។
នៅក្នុងសារអ៊ីមែលដែលឃើញដោយ BBC លោក Rush ពីមុនបានច្រានចោលការព្រួយបារម្ភអំពីសុវត្ថិភាព ពីអ្នកជំនាញម្នាក់ដោយនិយាយថាគាត់ “ធុញទ្រាន់ពីការច្រានចោលមួយចំនួនដែលនិយាយពីការព្រួយបារម្ភ និងសុវត្ថិភាព ប៉ុន្តែវាគឺជាមូលហេតុមួយដើម្បីបញ្ឈប់ និងរារាំងនៃការច្នៃប្រឌិតនោះទេ” ។
អតីតបុគ្គលិក OceanGate ម្នាក់ទៀតក៏បានសរសេររបាយការណ៍អធិការកិច្ច ដែលកំណត់ “បញ្ហាជាច្រើនដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរ” រួមទាំងរបៀបដែលសម្បកដែលត្រូវគេយកទៅសាកល្បង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន OceanGate បាននិយាយថាវាជា “ពេលវេលាដ៏សោកសៅបំផុតសម្រាប់បុគ្គលិករបស់យើងដែលហត់នឿយ និងសោកសៅយ៉ាងខ្លាំងចំពោះការបាត់បង់នេះ” ។