យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា អាជ្ញាធររុស្ស៊ីហាក់ដូចជាបានឃុំខ្លួនលោកឧត្តមសេនីយ៍ Sergei Surovikin ជុំវិញការសង្ស័យថារូបលោកមានទំនាក់ទំនងទៅនឹងការបះបោររបស់ក្រុមទាហ៊ានស៊ីឈ្នួល Wagner កាលពីសប្តាហ៍មុន។
សម្រាប់ព័ត៌មានលម្អិតជាក់លាក់ជុំវិញស្ថានភាពរបស់លោក Sergei Surovikin នៅតែមានលក្ខណៈមិនច្បាស់លាស់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងសហរដ្ឋអាមេរិកបាននិយាយថា ឧត្តមសេនីយឯករូបនេះត្រូវបានគេឃុំខ្លួន នេះបើយោងតាមកាសែត Financial Times និង The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
មានសំណួរដែលទាក់ទងអំពីកន្លែងលាក់ខ្លួនរបស់លោក Sergei Surovikin បានផ្ទុះឡើងជាច្រើនថ្ងៃ ដោយសារតែឧត្តមសេនីយ៍ មិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីថ្ងៃទី 24 ខែមិថុនា នៅពេលដែលក្រុមយោធា Wagner បានដើរក្បួននៅលើទីក្រុងម៉ូស្គូ។ លោក Sergei Surovikin ត្រូវបានគេដឹងថាមានទំនាក់ទំនងល្អជាមួយមេដឹកនាំ Wagner គឺ លោក Yevgeny Prigozhin ។
ប៉ុន្តែក៏វាមិនច្បាស់លាស់ទេថា តើលោក Sergei Surovikin ដែលជាមេបញ្ជាការរងនៃកងកម្លាំងឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែនត្រូវបានចោទប្រកាន់ជាផ្លូវការពីបទដើរតួក្នុងការបះបោរ ឬគ្រាន់តែត្រូវបានឃុំខ្លួនដើម្បីសាកសួរ។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូនូវមិនទាន់បានបញ្ជាក់ជាសាធារណៈ នូវអ្វីដែលបានកើតឡើងចំពោះឧត្តមសេនីយឯករូបនេះនោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា លោកមិនអាចបញ្ជាក់ពីស្ថានភាពរបស់លោក Sergei Surovikin បានទេ អ្នកនាំពាក្យបាននិយាយទៀតថា អ្នកសារព័ត៌មានគួរតែទាក់ទងទៅក្រសួងការពារជាតិ។
លោក Sergei Surovikin ដេលធ្លាប់បានបង្ហាញខ្លួននៅក្នុងវីដេអូមួយកាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យក្រុម Wagner បញ្ឈប់សកម្មភាពណាមួយប្រឆាំងនឹងកងទ័ព ហើយត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។
កូនស្រីរបស់ឧត្តមសេនីយ៍ ដែលមានឈ្មោះថា Veronika បាននិយាយថា “អ្វីគ្រប់យ៉ាងគឺល្អ” ជាមួយឪពុករបស់នាង។ នាងបានប្រាប់សារព័ត៌មានរុស្ស៊ី Baza ថា “និយាយតាមត្រង់ អត់មានអ្វីកើតឡើងចំឪពុករបស់នាងនោះទេ ហើយនៅពេលនេះគាត់ក៏កំពុងធ្វើការធម្មតាផងដែរ” ។
បច្ចុប្បន្នលោក Prigozhin បានមកដល់ប្រទេសបេឡារុស្សកាលពីដើមសប្តាហ៍នេះ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបះបោរ។
បើទោះជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថា លោក Prigozhin នៅឯណា នៃប្រទេសបេឡារុស្ស តើអ្នកប្រយុទ្ធប៉ុន្មាននាក់បានអមដំណើរគាត់ ឬរយៈពេលដែលគាត់គ្រោងនឹងស្នាក់នៅទីនោះ។
លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា គាត់មិនមានព័ត៌មានអំពីទីតាំងរបស់ Prigozhin ទេ។
ចំនែកប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះខ្សោយនៅក្នុងប្រទេសរុស្ស៊ី គឺដោយសារការខិតខំប្រឹងប្រែងនៃការបះបោររបស់លោក Prigozhin ។
ប៉ុន្តែលោក Biden បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានបាននិយាយថា វាពិបាកនឹងប្រាប់ពីទំហំដែលលោកពូទីនធ្លាក់ចុះខ្លាំងណាស់។
លោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី បានបន្ទរការអត្ថាធិប្បាយរបស់លោក Biden នៅពេលនិយាយជាមួយសេវាកម្មរុស្ស៊ីរបស់ VOA កាលពីថ្ងៃពុធថា៖ “នៅលើសមតុល្យ លោកពូទីនមានសភាពទន់ខ្សោយជាងគាត់កាលពីបួនឬប្រាំថ្ងៃមុនទៅទៀត។ ឥស្សរជននៅក្នុងប្រទេសរុស្ស៊ី និងទាហ៊ាននៅក្នុងប្រទេសរុស្ស៊ី ទាំងអស់គ្នាកំពុងតែសម្លឹងមើលរឿងមួយនេះ ហើយពួកគេក៏មានចម្ងល់ថា ‘តើមានអ្វីកើតឡើងចំពោះមេដឹកនាំរបស់ខ្លួនរូបនេះ?’
លោក McFaul បាននិយាយថា “ខ្ញុំគិតថា វាជារឿងល្អ ពីព្រោះរុស្ស៊ីដែលទន់ខ្សោយ អាចនឹងធ្វើឱ្យខូចខាតតិចជាងមុន ជាពិសេសនៅអ៊ុយក្រែន”។
ខណៈពេលដែលមានការសន្យាមួយថាលោក Prigozhin នឹងមានសុវត្ថិភាពនៅក្នុងប្រទេសបេឡារុស្ស ពីព្រោះ លោក Putin បានបង្ហាញពីទស្សនៈចម្រុះអំពីក្រុម Wagner ចាប់តាំងពីការបះបោរ។ គាត់បានកំណត់លក្ខណៈមេដឹកនាំរបស់ Wagner ថាជាជនក្បត់។ ប៉ុន្តែប្រធានាធិបតីបេឡារុស្ស បាននិយាយថា ទាហ៊ានស៊ីឈ្នួលលំដាប់ថ្នាក់មួយនេះ “ពិតជាបានបង្ហាញពីភាពក្លាហាន និងវីរភាព” នៅក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីប្រឆាំងនឹងកងកម្លាំងរបស់ទីក្រុង Kyiv ។
ការមកដល់របស់ Prigozhin នៅក្នុងប្រទេសបេឡារុស្សបានកើតឡើងនៅពេលដែលលោក Putin បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងម៉ូស្គូបានបង់ប្រាក់ចំនួន 1 ពាន់លានដុល្លារ នៅចន្លោះខែឧសភាឆ្នាំ 2022 និងខែឧសភាឆ្នាំ 2023 ដើម្បីផ្តល់មូលនិធិពេញលេញដល់យុទ្ធជនស៊ីឈ្នួល Wagner តែវាបានផ្ទុយពីការអះអាងរបស់ Prigozhin ដែលនិយាយថា លោកពូទីនបានផ្តល់ជាហិរញ្ញប្បទានដល់ទាហ៊ានស៊ីឈ្នួលរបស់លោក។
ប្រទេសរុស្ស៊ីធ្លាប់បានបដិសេធអត្ថិភាពនៃក្រុម Wagner ប៉ុន្តែវាបានបង្កើនផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងបណ្តាប្រទេសមួយចំនួននៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។
អ្នកប្រយុទ្ធ Wagner ជាច្រើននាក់ក្នុងប្រទេសអ៊ុយក្រែនត្រូវបានកាត់ទោស ហើយក៏ត្រូវបានគេដោះលែងពីពន្ធធនាគាររុស្សីតាមការសន្យាថាប្រសិនបើពួកគេប្រយុទ្ធនៅប្រទេសជិតខាងអ៊ុយក្រែនរយៈពេលប្រាំមួយខែនោះផ្នែកដែលនៅសល់នៃទោសរបស់ពួកគេនឹងត្រូវលុបចោលវិញ។
លោក Prigozhin បាននិយាយកាលពីដើមឆ្នាំនេះបាននិយាយថា គាត់តែងតែផ្តល់ហិរញ្ញប្បទានដល់ Wagner ប៉ុន្តែបានស្វែងរកមូលនិធិបន្ថែមបន្ទាប់ពីលោកពូទីនបានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែន។
លោក Prigozhin បាននិយាយកាលពីថ្ងៃច័ន្ទថា ការរុលទៅមុខរបស់កងទ័ពរបស់លោកលើទីក្រុងមូស្គូ មិនមែនជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ីទេ ហើយថាលោកនៅតែជាអ្នកស្នេហាជាតិដដែល។