តាមទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃច័ន្ទ ទី 10 ខែ កក្កដា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសឥណ្ឌាបានរងការវាយប្រហាដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល 3 ថ្ងៃ នៅភាគខាងជើងប្រទេស ដែលបានបណ្តាលឱ្យមានទឹកជំនន់រីករាលដាល គ្រោះធម្មជាតិមួយនេះផងដែរ បាននាំឲ្យមានមនុស្សបានបង់ជីវិតចំនួន 15 នាក់។
នៅក្នុងរដ្ឋហិម៉ាឡៃយ៉ាន នៃរដ្ឋ Himachal Pradesh មានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ បានបំផ្លាញផ្ទះសម្បែង ព្រមទាំងគម្រាមកំហែងដល់អាយុជីវិតថែមទៀតផង។
ហើយស្ថានភាពស្រដៀងគ្នានេះ ក៏បានកើតឡើងនៅក្នុងរដ្ឋ Uttarakhand ជិតខាង ដែលកម្រិតទឹកនៃទន្លេជាច្រើនបានឆ្លងផុតសញ្ញាគ្រោះថ្នាក់។
ចំនែកនៅទីក្រុងដេលីវិញ សាលារៀនត្រូវបានបិទ ខណៈដែលទីក្រុងទាំងមូលត្រូវបានជន់លិចកាលពីចុងសប្តាហ៍មុន។ ស្ថានភាពនាពេលនេះ គឺពិតជាគួរឱ្យព្រួយបារម្ភណាស់ ជាពិសេសនៅក្នុងតំបន់មួយចំនួន នៃទីក្រុង ដែលអ្នកស្រុកត្រូវបានទុកចោល ដោយសារទឹកបានហូរហៀរចេញពីប្រឡាយដែលស្ទះ និងផ្លូវដែលលិចទឹក។
មនុស្សជាច្រើននៅតាមស្រុកស្រែចំការ ត្រូវភ្ជួររាស់តាមទឹកជន់លិច ហើយមនុស្សមួយចំនួនទៀតបានចំណាយពេលជាច្រើនម៉ោងក្នុងការកកស្ទះចរាចរណ៍ ព្រោះផ្លូវត្រូវបានជន់លិចទឹក។ ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានបាត់បង់ជីវិតកាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីពិដានផ្ទះរបស់នាងបានរលំសង្កត់លើនាង។
អ្នកស្រុកជាច្រើននាក់បានចូលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីការខកចិត្តរបស់ពួកគេដែលរដ្ឋធានីរបស់ប្រទេសនេះមិនអាចទប់ទល់នឹងភ្លៀងរយៈពេលបីថ្ងៃ។
អ្នកស្រុកម្នាក់ឈ្មោះ Sarita Gupta បាននិយាយថា “ខ្ញុំមិនដឹងថារដ្ឋាភិបាលកំពុងធ្វើអ្វីអំពីរឿងនេះទេ វាមិនមែនត្រឹមតែមួយឆ្នាំនោះទេ តែរឿងនេះវាបានកើតឡើងជារៀងរាល់ឆ្នាំ”។
រដ្ឋជាច្រើននៅក្នុងតំបន់ភាគឦសាន នៃប្រទេសឥណ្ឌា រួមទាំងរដ្ឋ Assam និង Nagaland ក៏មានភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។ ចំពោះប្រជាជននៅរដ្ឋ Assam រាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់។
ទន្ទឹមនឹងនេះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅតំបន់ភាគខាងជើងនៃប្រទេស។
ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ប្រទេសឥណ្ឌាតែងតែមានទឹកជំនន់ធ្ងន់ធ្ងរ ក្នុងរដូវមូសុង ដែលដំណើរការនេះ កើតឡើងក្នុងចន្លោះពីខែមិថុនា ដល់ ខែកញ្ញា ជាប្រចាំ។
ប៉ុន្តែអ្នកជំនាញនិយាយថា កម្រិតភ្លៀងធ្លាក់មួយនេះ គឺទើបតែបានកើនឡើងក្នុងរយៈពេលថ្មីៗនេះទេ។
វាមានកត្តាជាច្រើនដែលចូលរួមចំណែកដល់ទឹកជំនន់ ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលនៃអាកាសធាតុដែលបណ្តាលមកពីការឡើងកំដៅផែនដី គឺជាកក្កតាចម្បងដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង។
នៅ Uttarakhand ដែលជារដ្ឋទេសចរណ៍មួយស្ថិតនៅលើភ្នំហិម៉ាឡៃយ៉ា មានផ្លូវហាយវេដ៏សំខាន់មួយត្រូវបិទ បន្ទាប់ពីការរអិលបាក់ដីបានរំខានដល់ចលនាតាមបណ្តោយផ្លូវ។
រដ្ឋមួយនេះបានទទួលរងនូវភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេល 48 ម៉ោងចុងក្រោយនេះ ហើយត្រូវបានគេរំពឹងថានឹងមានទឹកភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ទន្ទឹមនឹងនោះ នៅរដ្ឋ Himachal Pradesh ដែលនៅជិតខាងនោះ គឺមានរូបភាពដ៏គួរឱ្យភ័យខ្លាចមួយ នៃរថយន្តដែលកំពុងត្រូវបានទឹកហូរ ហើយក៏បានលេចឡើងមកលើ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ខាងអាជ្ញាធរ បានរាយការណ៍ថា នៅពេលនេះយើងទទួលបាននូវទិន្នន័យបណ្តោះសន្នមួយ ដោយនិយាយថា យ៉ាងហោចណាស់ការរអិលបាក់ដីបានកើតឡើងចំនួន 14 និង 13 ករណីនៃទឹកជំនន់ភ្លាមៗកាលពីចុងសប្តាហ៍។ ហើយក្នុងនោះគឺមានមនុស្សយ៉ាងតិចណាស់ចំនួន 5 នាក់ រួមទាំងសមាជិកបីនាក់នៃគ្រួសារមួយបានស្លាប់ ហើយផ្លូវដែលរងការខូចខាតមានរហូតដល់ ជាង 700 ខ្សែដែលត្រូវបានបិទដើម្បីជួសជុលចាប់តាំងពីថ្ងៃសៅរ៍។ បច្នុប្បន្នអាជ្ញាធរបានប្រកាសបិទសាលារៀន និងមហាវិទ្យាល័យទាំងអស់សម្រាប់រយៈពេលពីរថ្ងៃបន្ទាប់។