នៅក្នុងទីក្រុងបាងកក នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ 2023 តាមរយៈសារព័ត៌មាន Reuters បានឲ្យដឹងថា បេក្ខជននាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat ដែលជាក្តីសង្ឃឹមរបស់ប្រជាជនថៃត្រូវបានត្រៀមខ្លួនសម្រាប់ការសាកល្បងដ៏សំខាន់មួយ នៃឥទ្ធិពលនយោបាយរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសភាបានកោះប្រជុំសម្រាប់ការបោះឆ្នោតជ្រើសរើសលើមុខតំណែងនាយករដ្ឋមន្ត្រីថ្មី ដែលអាចសាកល្បងការរួបរួមនៃសម្ព័ន្ធភាពទាំងប្រាំបីគណបក្ស ។
មេដឹកនាំវ័យក្មេងរូបនេះ បានឈ្នះការបោះឆ្នោតកាលពី ខែ ឩសភា វាជារឿងមួយនាំឲ្យមានការគួរឱ្យភ្ញាក់ផ្អើលសម្រាប់ MFP ដែលគណបក្សនេះមានបេក្ខជនតែមួយគត់ ក្នុងការតែងតាំងនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែអ្វីដែលកើតឡើងជាក់ស្តែងចំពោះគាត់នៅពេលនេះ គឺលោកបានប្រឈមមុខនឹងបញ្ហាធំក្នុងការធានាបានការគាំទ្រពីសមាជិកសភាទ្វេភាគី ដែលច្រើនជាងពាក់កណ្តាលនៃចំនួន 749 នាក់នៅក្នុងការបោះឆ្នោតដែលរំពឹងទុកនៅពេលរសៀល។
គណបក្សចលនាឆ្ពោះទៅ អមជាមួយនិងដៃគូសម្ព័ន្ធមិត្តរបស់ខ្លួន គឺភឿថៃ ពួកគេទាំងពីរ បានផ្តួលគណបក្សអភិរក្សនិយម តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី 14 ឧសភា ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា វាជាការបដិសេធយ៉ាងខ្លាំងក្លា នៃរដ្ឋាភិបាលជិតមួយទសវត្សរ៍ ដែលដឹកនាំ ឬគាំទ្រដោយយោធារាជានិយមនោះ។
ប៉ុន្តែការប្ដេជ្ញាចិត្តរបស់លោក Pita ក្នុងការបន្តដំណើរឆ្ពោះទៅមុខ នៅក្នុងគណបក្ស MFP គឺមានគោលនយោបាយប្រឆាំង ឬអាចនិយាយបានថាលោកចង់បង្ករជម្លោះជាមួយនឹងក្រុមអ្នកមានអំណាចរបស់ក្រុមគណបក្សអភិរក្សនិយម និងជាគ្រួសារដែលមានទ្រព្យសម្បត្តិច្រើននៅក្នុងប្រទេស ព្រមទាំងមានអំណាចជាយូមកហើយនោះទៀតសោតក្រុមគ្រួសារមួយនោះក៏បានលូកលាន់ក្នុងឆាកនយោបាយថៃអស់ជាច្រើនទសវត្សរ៍មកហើយផងដែរ។
សម្ព័ន្ធភាពរបស់លោក Pita បានទទួលការគាំទ្រចំនួន 312 អាសនៈ ដើម្បីទទួលបាននូវដំណែងជានាយករដ្ឋមន្ត្រី គឺលោកត្រូវតែទទួលបានការគាំទ្រយ៉ាងហោចណាស់ 375 សម្លេង។ ប៉ុន្តែនៅក្នុងសភា សមាជិកមួយចំនួនក្នុងចំណោម 249 សមាជិកព្រឹទ្ធសភានៃសភាជាន់ខ្ពស់ គឺសុទ្ធសឹងជាអ្នកដែលប្រកាន់នូវនិន្នាការអភិរក្ស ដែលត្រូវបានតែងតាំងដោយយោធាបន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2014 របស់ឩត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា។
ក្នុងនោះផងដែរក៏មានសមាជិកព្រឹទ្ធសភាម្នាក់បានលាលែងពីតំណែងកាលពីថ្ងៃពុធ ដោយបានបន្ទាបកម្រិតសំឡេងមកត្រឹម 375 សំឡេងដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី។
លោក Pita Limjaroenrat បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមានទំនុកចិត្តថាខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្គូផ្គងក្តីសង្ឃឹម និងការលើកទឹកចិត្តពីប្រជាជនថៃ” ។
“ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពន្យល់ដល់សមាជិកព្រឹទ្ធសភាទាំងនោះ ដែលនៅតែមានចម្ងល់ ឲ្យយល់ពីនីតីវិធីរបស់ MFP ខ្ញុំនឹងប្រើឱកាសនេះដើម្បីស្វែងរកការឯកភាពឲ្យទាល់តែបាន”។