ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ថា ប្រទេសអ៊ីតាលី បានចេញសេចក្តីជូនដំណឹង ស្តីពីអាកាសធាតុក្តៅក្រហម សម្រាប់ទីក្រុងចំនួន១៦ កាលពីថ្ងៃអាទិត្យ ដោយអ្នកឧតុនិយមបានព្រមានថា សីតុណ្ហភាពនឹងឡើងដល់កម្រិតខ្ពស់បំផុត នៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រទេសអេស្បាញ អ៊ីតាលី និងក្រិចបានជួបប្រទះនឹងសីតុណ្ហភាពដ៏ក្តៅគគុកអស់រយៈពេលជាច្រើនថ្ងៃរួចមកហើយ ដែលបំផ្លាញវិស័យកសិកម្ម និងធ្វើឱ្យអ្នកទេសចរភ័យស្លន់ស្លោក្នុងការស្វែងរកម្លប់សម្រាប់ជ្រក។
ប៉ុន្តែ ព្យុះស៊ីក្លូនថ្មីមួយមានឈ្មោះថា Charon ដែលនៅក្នុងទេវកថារបស់ប្រទេសក្រិក គឺជាអ្នកជិះកាណូតរបស់អ្នកស្លាប់ បានរុញចូលទៅក្នុងតំបន់ពីភាគខាងជើងនៃទ្វីបអាហ្រ្វិកកាលពីថ្ងៃអាទិត្យ ហើយអាចបង្កើនសីតុណ្ហភាពលើសពី 45 អង្សាសេ (113 ហ្វារិនហៃ) នៅតំបន់មួយចំនួននៃប្រទេសអ៊ីតាលីនៅដើមសប្តាហ៍នេះ។
សេវាកម្មព័ត៌មានអាកាសធាតុអ៊ីតាលី Meteo.it បានប្រកាសការព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា “យើងត្រូវរៀបចំសម្រាប់ព្យុះកំដៅដ៏ធ្ងន់ធ្ងរមួយដែលកំពុងតែកើតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយវានឹងគ្របដណ្តប់ទូទាំងផ្ទៃប្រទេសថែមទៀតផត” ។
“នៅកន្លែងខ្លះកំណត់ត្រាកំដៅបុរាណនឹងត្រូវខូច” ។
ប្រទេសក្រិចបានបិទ Acropolis បុរាណ ក្នុងអំឡុងពេលដែលក្តៅបំផុតនៃថ្ងៃនៅថ្ងៃសុក្រ ដើម្បីការពារភ្ញៀវទេសចររបស់ខ្លួន។
រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក Orazio Schillaci បាននិយាយថា ប្រជាជនចាំបាច់ត្រូវយកចិត្តទុកដាក់ទៅលើប្រាសាទដ៏ល្បីល្បាញរបស់ទីក្រុងរ៉ូម។
លោកបានប្រាប់កាសែត Il Messaggero កាលពីថ្ងៃអាទិត្យថា “ការទៅ Colosseum នៅពេលដែលវាមានសីតុណ្ហភាព 43C (109.4F) មិនត្រូវបានណែនាំទេ ជាពិសេសសម្រាប់មនុស្សចាស់” គាត់បានប្រាប់កាសែត Il Messaggero ទៀតថា ប្រជាជនទាំងអស់គួរតែនៅក្នុងផ្ទះចន្លោះពីម៉ោង 11 ព្រឹកដល់ម៉ោង 6 ល្ងាច។
ក្រៅពីរដ្ឋធានីអ៊ីតាលី ការប្រកាសអាសន្នផ្នែកសុខភាពត្រូវបានដាក់ចេញពីកណ្តាលទីក្រុង Florence ទៅ Palermo ក្នុងក្រុង Sicily និង Bari នៅភាគអាគ្នេយ៍នៃឧបទ្វីប ខណៈដែលសីតុណ្ហភាពក៏បានចាប់ផ្តើមកើនឡើងនៅភាគខាងជើងបន្ថែមទៀត។
ចំនែកឯនៅប្រទេសអេស្បាញវិញ ក្រុមអ្នកព្យាករណ៍បានព្រមានពីហានិភ័យនៃភ្លើងឆេះព្រៃ ហើយបាននិយាយថា វានឹងមិនស្រួលក្នុងការគេងនៅពេលយប់នោះទេ ដោយសីតុណ្ហភាពទំនងជាមិននៅក្រោម 25C (77F) នៅទូទាំងប្រទេសនោះទេ។
ក្រុមអ្នកព្យាករណ៍បានព្យាករណ៍ថា រលកកំដៅនឹងកាន់តែខ្លាំងចាប់ពីថ្ងៃច័ន្ទនេះ ជាមួយនឹងសីតុណ្ហភាពឡើងដល់ 44C (111.2F) នៅក្នុងជ្រលងភ្នំ Guadalquivir ក្បែរទីក្រុង Seville នៅភាគខាងត្បូងនៃប្រទេស។
អាជ្ញាធរបាននិយាយថា នៅលើកោះ La Palma របស់អេស្ប៉ាញ ក្នុងតំបន់ Canaries ស្របពេលជាមួយគ្នានោះ យ៉ាងហោចណាស់មនុស្ស 4,000 នាក់ត្រូវជម្លៀសចេញ ខណៈដែលភ្លើងឆេះ ព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីមានរលកកម្ដៅដ៏ធ្ងន់ធ្ងរមួយនេះ។
ក្រុមអ្នកឧតុនិយមបាននិយាយថា សីតុណ្ហភាពដែលបានកត់ត្រាខ្ពស់បំផុតរបស់អឺរ៉ុបគឺ 48.8C (119.8F) ដែលបានចុះបញ្ជីនៅស៊ីស៊ីលីកាលពីពីរឆ្នាំមុន អាចនឹងកើនឡើងលើសក្នុងប៉ុន្មានថ្ងៃខាងមុខ ជាពិសេសនៅលើកោះ Sardinia របស់អ៊ីតាលី។
រលកកំដៅបានលាតសន្ធឹងពាសពេញសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីស្រាអែល ជាកន្លែងដែលនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានសម្រាកនៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ ដោយលោកទទួលរងនូវការវិលមុខ និងការខះជាតិទឹកជាក់ស្តែង ហើយលោកក៏បានរំសាយចេញកាលពីថ្ងៃអាទិត្យ។
លោកបានមានប្រសាសន៍ថា “ខ្ញុំសុំអ្នកទាំងអស់គ្នា ចំណាយពេលតិចនៅក្រោមពន្លឺថ្ងៃ ផឹកទឹកឲ្យបានច្រើន ហើយសូមឲ្យពួកយើងទាំងអស់គ្នាមានសប្តាហ៍ថ្មីដ៏ល្អ”។
នៅប្រទេសសហរដ្ឋអាមេរិកវិញ ក៏ស្ថិតក្នុងការទប់ទល់នឹង សីតុណ្ហភាពខ្ពស់ផងដែរ ដោយមានការកើនឡើងជិតមួយភាគបួននៃចំនួនប្រជាជនស្ថិតនៅក្រោមការព្រមានអំពីកំដៅខ្លាំងពីប៉ាស៊ីហ្វិកភាគពាយ័ព្យ ដោយវាបានចុះកាត់តាមរដ្ឋកាលីហ្វ័រញ៉ា កាត់ភាគនិរតី និងចូលទៅក្នុងតំបន់ Deep South និង Florida។