កូរ៉េ​ខាងជើង​បានបាញ់​មី​ស៊ី​ល​២​គ្រាប់ បន្ទាប់​ពី​នាវាមុជទឹក​អា​មេ​រិ​ក​ចូល​ដល់​កូរ៉េខាងត្បូង

យោងតាមសារព័ត៌មានរបស់ទីក្រុង តូក្យូ​ បានឲ្យដឹងថា៖ យោធារបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថា បើគិតត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីនាវាមុជទឹកមីស៊ីលផ្លោងគ្រាប់ របស់សហរដ្ឋអាមេរិកបានមកដល់កំពង់ផែកូរ៉េខាងត្បូងជាលើកដំបូងកាលពី 4 ទសវត្សរ៍ មុន និងនៅក្នុងខែនេះ​ បានធ្វើឲ្យស្ថានភាពនៅទូទាំងឩបទ្វីបកូរ៉េ ហាក់ដូចជាមានស្ថានភាពកាន់តែតឹងតែង។

តាមដានយើងតាមរយៈ Telegram CPN Daily

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំជ្រួចទាំងពីរលើកនេះ ហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះបែបនេះតទៀត។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនិងធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះការបាញ់មីស៊ីលផ្លោងជាប់ៗគ្នារបស់កូរ៉េខាងជើង ព្រោះវាជាទង្វើបង្ករហេតុដ៏ធ្ងន់ធ្ងរ ដែលជាហេតុនាំឲ្យមានការបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េទាំងមូល ក៏ដូចជាសហគមន៍អន្តរជាតិ ហើយវាជាការរំលោភយ៉ាងច្បាស់ណាស់លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ។

យោធាអាមេរិកបាននិយាយថា ខ្លួនបានដឹងអំពីការបាញ់មីស៊ីលនេះ ហើយអាមេរិកក៏កំពុងតែពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនផងដែរ។

ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះនេះហាក់ដូចជាមិនបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ ប៉ុន្តែព្រឹត្តិការណ៍ទាំងនោះគឺបង្ហាញពីផលប៉ះពាល់ដល់អស្ថិរភាពនៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា កាំជ្រួចទីមួយបានឡើងដល់កម្ពស់ ៥០ គីឡូម៉ែត្រ (៣១ ម៉ាយ) និងបាញ់បានចម្ងាយ ៥៥០ គីឡូម៉ែត្រ ខណៈកាំជ្រួចទីពីរបានឡើងដល់កម្ពស់ ៥០ គីឡូម៉ែត្រ និងហោះបានចម្ងាយ ៦០០ គីឡូម៉ែត្រ។

លោក​បាន​និយាយ​ថា ជប៉ុន​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់​មីស៊ីល​តាម​រយៈ​បណ្តាញ​ការទូតថែមទៀតផង។

ការបាញ់នេះកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប Hwasong-18 ចុងក្រោយរបស់ខ្លួន ដែលជាការបាញ់បង្ហោះដោយទីក្រុងព្យុងយ៉ាងបាននិយាយថា ជាការព្រមានដល់សហរដ្ឋអាមេរិក និងសត្រូវដទៃទៀត។

កាលពីថ្ងៃអង្គារផងដែរ ទាហ៊ានអាមេរិកម្នាក់ដែលប្រឈមមុខនឹងវិធានការវិន័យ បានរត់ ឆ្លងព្រំដែនអន្តរកូរ៉េចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ទាហ៊ានរូបនោះត្រូវបានគេជឿថា អាចស្ថិតនៅក្នុងការឃុំឃាំងរបស់កូរ៉េខាងជើង ដែលបង្កើតឱ្យមានវិបត្តិថ្មីរវាងពួកគេទាំងពីរ។

សាស្ត្រាចារ្យ Leif-Eric Easley សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ewha ក្នុងទីក្រុងសេអ៊ូលបាននិយាយថា “ការបាញ់មីស៊ីលផ្លោងចុងក្រោយរបស់កូរ៉េខាងជើង គឺប្រហែលជាមិនទាក់ទងនឹងទាហ៊នអាមេរិក ដែលឆ្លងកាត់ព្រំដែនអន្តរកូរ៉េនោះទេ”។

លោកបាននិយាយថា កូរ៉េខាងជើង “ពិតជាប្រឆាំង” ក្រុមរៀបចំផែនការសង្គ្រាមនុយក្លេអ៊ែរ អាមេរិក-កូរ៉េខាងត្បូងថ្មី ដែលបានជួបគ្នាជាលើកដំបូងកាលពីថ្ងៃអង្គារ ក៏ដូចជាដំណើរទស្សនកិច្ចរបស់នាវាមុជទឹកនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដែលកំពុងតែធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូងនោះ។

Reporter:
scroll to top