បន្ទាប់ពីព្យុះទីហ្វុងបានបក់បោកនៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ឥទ្ធិពល Doksuri បានបង្ករឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាមួយនិងខ្យល់ ហើយព្យុះនោះផងដែរបានបំផ្ទុះច្រាំងទន្លេ ដែលបណ្តាល់ឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ព្រមទាំងបង្ករឲ្យមានមនុស្សយ៉ាងហោចណាស់ម្នាក់បានបាត់បង់ជីវិត។
បើយោងតាមសារព័ត៌មានរយទ័រ នៅវេលាម៉ោង 7: 38 ព្រឹកនៅថ្ងៃទី 28 ខែ កក្កដា នេះបានឲ្យដឹងថា ព្យុះទីហ្វុង Doksuri គឺបានមកដល់កោះតៃវិញផងដែរ។ ហើយខ្យល់មួយនោះបានបំផ្លិចបំផ្លាញដើមឈើ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់សែនខ្នងនៅឯភាគខាងត្បូងនៃកោះតៃវ៉ាន់ ដែលជំរុញឱ្យអាជ្ញាធរបិទអាជីវកម្មរយៈពេលពីរថ្ងៃ និងព្រមានអំពីខ្យល់បក់ខ្លាំង ខណៈដែលព្យុះនិងជំរុញល្បឿនចុងក្រោយរបស់ខ្លួនទៅកាន់ភាគអាគ្នេយ៍នៃប្រទេសចិននៅថ្ងៃសុក្រ។
បើគិតត្រឹមម៉ោង 7:15 ព្រឹក (23:15 GMT) ព្យុះទីហ្វុង Doksuri ដែលត្រូវបានគេចាត់ថ្នាក់ជាកម្រិតខ្យល់ព្យុះទីហ្វុងខ្លាំងបំផុតទីពីរដោយការិយាល័យអាកាសធាតុរបស់តៃវ៉ាន់ ត្រូវបានអ្នកឩតុនិយមមើលឃើញថា វាបានធ្វើដំណើរឆ្ពោះទៅកាន់ខេត្ត Fujian ភាគអាគ្នេយ៍របស់ប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងកម្លាំងខ្យល់អតិបរមា 191 គីឡូម៉ែត្រក្នុងមួយម៉ោង (118 ម៉ាយក្នុងមួយម៉ោង)។ .
ខ្យល់ព្យុះដ៏កាចសហាវនេះបានបង្ខំឲ្យអាជីវកម្ម និងសាលារៀនត្រូវបានបិទជាថ្ងៃទីពីរ នៅក្នុងស្រុកភាគខាងត្បូងនៃកោះតៃវ៉ាន់ រួមទាំងទីក្រុងកំពង់ផែដ៏សំខាន់នៃ Kaohsiung គឺនៅពេលដែលមានការព្រមានអំពីការរអិលបាក់ដី និងទឹកជំនន់អាចកើតឡើងភ្លាមៗដែរនោះ។
ការប្រកាសអាសន្ន “ខ្យល់ព្យុះសង្ឃរា” ត្រូវបានចេញផ្សាយនៅក្នុងកោះ Penghu និង Kinmen របស់តៃវ៉ាន់ ដែលអ្នកស្រុកត្រូវបានអាជ្ញាធរព្រមានក្នុងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងខ្យល់បក់ខ្លាំងក្នុងល្បឿនជាង 155 គីឡូម៉ែត្រក្នុងមួយម៉ោង (96 ម៉ាយក្នុងមួយម៉ោង)។
ព្យុះនេះបានផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះជាង 186,000 នៅទូទាំងកោះតៃវ៉ាន់ និងបានបំផ្លាញដើមឈើរាប់រយដើមនៅ Kaohsiung ។ ដោយសារតែមានភ្លៀងធ្លាក់លើសពី 1 ម៉ែត្រ ត្រូវបានអាជ្ញាធរប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលរស់នៅក្បែរតំបន់ភ្នំភាគខាងកើត និងភាគខាងត្បូងនៃកោះ។
ចំនែកឯការធ្វើដំណើរតាមផ្លូវអាកាសវិញ បើយោងតាមប្រភពដដែលបានឲ្យដឹងថា ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង 300 ជើងត្រូវបានផ្អាក ហើយសេវាកម្មផ្លូវដែករវាងភាគខាងត្បូង និងភាគខាងកើតតៃវ៉ាន់ត្រូវបានបញ្ឈប់ទាំងស្រុង។
ខ្យល់ព្យុះនោះផងដែរក៏បានបង្ករឲ្យសាឡាងមួយគ្រឿង បានលិច នៅជិតរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន បន្ទាប់ពីអ្នកដំណើរដែលប្រកាសអាសន្នដោយខ្យល់បក់ខ្លាំងបានប្រញាប់ប្រញាល់ទៅម្ខាងទៀតនៃទូក ហើយវាក៏ក្រឡាប់។
ជាសរុបក្នុងកំឡុងពេលនៃខ្យល់ព្យុះ Doksuri ដែលធ្វើដំណើរចេញពីភាគខាងជើងនៃប្រទេសហ្វីលីពីន បានធ្វើឲ្យមានមនុស្ស ៣៦ នាក់បានបាត់បង់ជីវិតនៅក្នុងសប្តាហ៍នេះ។