សម្រាប់ខាងវិស័យឯកជនបច្ចុប្បន្នកំពុងមានការព្រួយបារម្ភថា ការពន្យាពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មី អាចនាំឱ្យមានភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងគោលនយោបាយសាធារណៈកាន់តែច្រើន និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ។
កាលពីពេលថ្មីៗនេះ ការិយាល័យប្រជាពលរដ្ឋបានស្នើឱ្យតុលាការធម្មនុញ្ញពិចារណា ថាតើការបដិសេធរបស់សភាលើការតែងតាំងលោក Pita Limjaroenrat មេដឹកនាំបក្សចលនាឆ្ពោះទៅមុខ (MFP) ឲ្យជានាយករដ្ឋមន្ត្រីគឺពិជាខុសពីរដ្ឋធម្មនុញ្ញពិតមែននោះ? ហើយពួកគេបានស្នើសុំឱ្យពន្យារពេលការបោះឆ្នោតរហូតដល់តុលាការសម្រេចសេចក្តី។ ដូច្នេះ គេនៅមិនទាន់ដឹងច្បាស់ថា តើពេលណាការបោះឆ្នោតសភាលើកទីពីរសម្រាប់នាយករដ្ឋមន្ត្រីនឹងត្រូវធ្វើឡើងនោះទេ។
ប្រធានសភាលោក Wan Muhamad Noor Matha បាននិយាយកាលពីថ្ងៃទី 27 ខែកក្កដាថា តុលាការទំនងជានឹងសម្រេចនៅថ្ងៃទី 3 ខែសីហា ថាតើត្រូវទទួលយកញត្តិនៅក្នុងករណីរបស់លោក Pita ដែរឬទេ? លោកបានបន្ថែមថា សភានឹងប្រជុំនៅថ្ងៃទី ៤ ខែសីហា ប៉ុន្តែថា តើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនឹងធ្វើឬអត់ អាស្រ័យលើអ្វីឋដែលតុលាការធ្វើនៅថ្ងៃទី ៣ ខែសីហាហើយរួចរាល់ជាមុនសិន។
MFP និងគណបក្សនយោបាយចម្រុះចំនួនប្រាំពីរផ្សេងទៀត ត្រូវបានគេរំពឹងថានឹងឡើងកាន់អំណាចនៅដើមខែសីហា បន្ទាប់ពីការបោះឆ្នោតសកលកាលខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី 13 ខែកក្កដា លោក Pita បានបរាជ័យក្នុងការប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងសភាក្នុងការតែងតាំងជាលើកដំបូងដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី 30 របស់ប្រទេសថៃ។
លោក La-iad Bungsrithong ទីប្រឹក្សាក្រុមប្រឹក្សាភិបាលនៃសមាគមសណ្ឋាគារថៃ (THA) បាននិយាយថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មីរហូតដល់រយៈពេល 10 ខែទៀត អាចប៉ះពាល់ដល់ការបែងចែកថវិកាសារពើពន្ធ ដែលនឹងប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍សាធារណៈ ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដោយផ្ទាល់ និងដោយប្រយោល។
គោលនយោបាយដែលមានគោលបំណងកាត់បន្ថយការចំណាយសម្រាប់ប្រតិបត្តិករទេសចរណ៍ ដូចជាការឧបត្ថម្ភធនធានលើតម្លៃប្រេងឥន្ធនៈ និងអគ្គិសនី ប្រហែលជាមិនត្រូវបានអនុវត្ត ហើយវាគឺជាកក្កតាចម្បងដែលនឹងប៉ះពាល់ដល់អាជីវកម្មខ្នាតតូចៗជាច្រើន ទាំងពួកគេទាំងនោះមិនទាន់បានជាសះស្បើយកាលពីមានជំងឺរាតត្បាតនោះ។
លោកបានបន្ថែមថា សណ្ឋាគារមួយចំនួនកំពុងរង់ចាំការប្រជុំពីផ្នែកសាធារណៈ ប៉ុន្តែពួកគេប្រហែលជាមិនអាចរៀបចំព្រឹត្តិការណ៍បែបនេះបានទេ ដោយសារការពន្យារពេលនៃការបែងចែកថវិកា។
ដោយមើលឃើញថា ឧស្សាហកម្មទេសចរណ៍របស់ខេត្តឈៀងម៉ៃ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផ្សែងអ័ព្ទនៅដើមឆ្នាំនេះ ហើយវាជាបញ្ហាដែលត្រូវតែដោះស្រាយជាបន្ទាន់ ប៉ុន្តែវាត្រូវបានកកស្ទះដោយ ការរង់ចាំររដ្ឋាភិបាលថ្មីដែលដឹកនាំជាប្រព័ន្ធ ជាពិសេសលើការសម្របសម្រួលនៅគ្រប់ក្រសួងពាក់ព័ន្ធ និងប្រទេសជិតខាង។
លោក La-iad បាននិយាយថា ភាពមិនច្បាស់លាស់ខាងនយោបាយ វានឹងមិនប៉ះពាល់ដល់ការមកដល់របស់ភ្ញៀវទេសចរណ៍ និងក្រុមធុរកិច្ចទេ តែបើសិនជាមានបាតុកម្មនយោបាយកើតឡើង វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។
លោកបាននិយាយបន្ថែមថា សមាជិកព្រឹទ្ធសភា និងគណបក្សនយោបាយដែលនៅតែតំណាងឱ្យរដ្ឋាភិបាលចាំផ្ទះ គួរតែស្តាប់អ្នកបោះឆ្នោតភាគច្រើន ដែលមិនចង់ឱ្យពួកគេបន្តការងាររបស់ពួកគេនៅក្នុងរដ្ឋាភិបាលថ្មី។ ពួកគេគួរទុកឱ្យប្រទេសថៃឈានទៅមុខដើម្បីជៀសវាងភាពចលាចល។
លោកបានថ្លែងថា យើងខ្ញុំសង្ឃឹមថាគណបក្សធំៗទាំងពីរដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានឹងរួមគ្នា ដើម្បីរកដំណោះស្រាយក្នុងការបង្កើតរដ្ឋាភិបាល។