ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារកំពង់ផែអ៊ុយក្រែននៅ Izmail នៅលើទន្លេ Danube ដែលនៅជិតរដ្ឋមួយដែលជាសមាជិកបស់អង្គការណាតូ គឺ រ៉ូម៉ានី។
បើយោងតាមការរាយការណ៍របស់ bbc នៅថ្ងៃទី 02 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថាគ្រាប់ធញ្ញជាតិជិត 40,000 តោនដែលទុកសម្រាប់នាំចេញទៅកាន់ប្រទេសអាហ្វ្រិក ចិន និងអ៊ីស្រាអែលត្រូវបានខូចខាតទាំងស្រុង។
ដោយក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសរុស្ស៊ីបានចាប់ផ្តើមកំណត់គោលដៅមកលើកំពង់ផែរបស់អ៊ុយក្រែន គឺបន្ទាប់ពីប្រទេសរុស្ស៊ីបានបោះបង់ចោលកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពរវាងប្រទេសទាំងពីរក្នុងការឆ្លងកាត់សមុទ្រខ្មៅ។
បើយោងតាមរយៈវីដេអូដែលថតពីខាងរដ្ឋរ៉ូម៉ានីនៃទន្លេ Danube ចម្ងាយប្រហែល 3 គីឡូម៉ែត្រ (1.9 ម៉ាយ) បានបង្ហាញថា វាមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់កំពង់ផែ Izmail កាលពីព្រឹកថ្ងៃពុធ។
មេដឹកនាំតំបន់ Odesa លោក Oleh Kiper បាននិយាយថា សេវាសង្គ្រោះបន្ទាន់កំពុងដំណើរការលើទីតាំងនៃការវាយប្រហារចុងក្រោយបង្អស់របស់រុស្សី ប៉ុន្តែលោកមិនបានរាយការណ៍អំពីអ្នកស្លាប់ និងរបួសណាមួយនៅក្នុងកំឡុងពេលដែលកើតហេតុនោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា “ជាអកុសលដែលមានការខូចខាតបែបនេះកើតឡើង” សម្រាប់ការវាយប្រហាររបស់រុស្ស៊ីយប់មិញនេះ គឺមិនត្រឹមតែខូចខាតដល់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិតែប៉ុណ្ណោះទេ គឺពួកគេបានវាយប្រហាហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅក្នុងតំបន់នោះ។
ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា រដ្ឋអាជ្ញាស្រុក Izmail បានបើកការស៊ើបអង្កេតទៅលើចំណតទំនិញ ឃ្លាំងស្តុកទំនិញ និងជណ្តើរយន្តដែលរងការខូចខាតទាំងអស់ តែពួកគេក៏មិនបានបញ្ជាក់លម្អិតពីទីកន្លែងដែលរងការវាយប្រហាពិតប្រាកដនៅក្នុងតំបន់ Odesa នោះទេ។
រដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov បាននិយាយនៅលើ Twitter របស់គាត់ថា ” កំពង់ផែនៅសមុទ្រខ្មៅមួយនេះ គឺបានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ” ។
អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី និងពោតដ៏សំខាន់មួយរបស់ពិភពលោក។ បើយោងតាមទិន្នន័យពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ 2021 សូម៉ាលីពឹងផ្អែកលើអ៊ុយក្រែន និងរុស្ស៊ីរហូតដល់ 90% សម្រាប់ការផ្គត់ផ្គត់ស្រូវសាលីមកកាន់ប្រទេសរបស់ខ្លួន។
ប្រជាជនប្រមាណជាង 50 លាននាក់នៅទូទាំងប្រទេសសូម៉ាលី កេនយ៉ា អេត្យូពី និងស៊ូដង់ខាងត្បូង គឺពិតជាត្រូវការជំនួយខាងស្បៀងអាហារខ្លាំងណាស់ ដោយសារតែប្រទេសទាំងនោះបានរងផលប៉ះពាល់ពីកក្កតាធម្មជាតិដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនឆ្នាំ។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ អ៊ុយក្រែនបានដឹកជញ្ជូនស្បៀងអាហារចំនួន 625,000 តោន ជាជំនួយមនុស្សធម៌ទៅកាន់អាហ្វហ្គានីស្ថាន អេត្យូពី កេនយ៉ា សូម៉ាលី ស៊ូដង់ និងយេម៉ែន។
ចំនែកឯក្រសួងការបរទេសរបស់ប្រទេសបារាំងវិញបានចោទប្រកាន់រុស្ស៊ីថា “មានចេតនាដាក់សន្តិសុខស្បៀងអាហារពិភពលោកក្នុងហានិភ័យ” បន្ទាប់ពីការខូចខាតដល់ការនាំចេញគ្រាប់ធញ្ញជាតិនៅកំពង់ផែអ៊ុយក្រែន។
គួររំលឹកផងដែរថាកាលពីសប្តាហ៍មុន យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីក៏បានវាយប្រហារឃ្លាំងគ្រាប់ធញ្ញជាតិនៅ Reni រួចបន្តទៅទន្លេ Danube ដែនៅជាប់នឹងទឹកដីរបស់ រ៉ូម៉ានីផងដែរ។
ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារនៅជិតប្រទេសរ៉ូម៉ានី គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលប៉ះពាល់ដល់ “សមត្ថភាពផ្ទេរផលិតផលម្ហូបអាហាររបស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែន” និងទៅកាន់អ្នកដែលកំពុងតែត្រូវការជំនួយផ្នែកស្បៀងអាហារនៅក្នុងពិភពលោក។
ហើយមុននេះ រុស្ស៊ីបានវាយប្រហារកំពង់ផែសមុទ្រខ្មៅដ៏ធំនៃ Odesa និង Chornomorsk ជាកន្លែងដែលអាជ្ញាធរបាននិយាយថា គ្រាប់ធញ្ញជាតិ 60,000 តោនគឺត្រូវបានរងការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយនោះ ។