បន្ទាប់ពីព្យុះទីហ្វុង Doksuri ត្រូវបានបញ្ចប់ ព្យុះទីហ្វុង ខាន់ណុន ក៏បានមកដល់កោះតៃវ៉ាន់វិញម្តង

បើគិតត្រឹមម៉ោង 1 និង 15 នាទីរសៀល ម៉ោងនៅទីក្រុងតៃប៉ិ (0515 GMT) នៅថ្ងៃទី 03 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ព្យុះទីហ្វុង Khanun ដែលត្រូវបានចាត់ថ្នាក់ដោយការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ថាជាកម្រិតព្យុះទីហ្វុងខ្លាំងបំផុតទីពីរ បានធ្វើដំណើរយឺតៗឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគឦសានរបស់វា ជាមួយនឹងកម្លាំងខ្យល់អតិបរមា 198 គីឡូម៉ែត្រក្នុងមួយម៉ោង (123 ម៉ាយក្នុងមួយម៉ោង)។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅភាគខាងជើងនៃកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានបិទអាជីវកម្ម និងសាលារៀន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើរ។  ព្យុះទីហ្វុង ខាន់ណុន ដែលកំពុងបក់បោកកាត់ភាគឦសានរបស់កោះ គឺស្របពេលមានការព្រមានអំពីទឹកជំនន់ និងខ្យល់បក់ខ្លាំង។

ព្យុះនេះត្រូវបានគេរំពឹងថានឹងបោកបក់កាត់ឆ្នេរសមុទ្រភាគខាងជើង របស់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ មុនពេលផ្លាស់ប្តូរយ៉ាងខ្លាំងទៅកាន់ភាគឦសាននៅថ្ងៃសុក្រ ដោយនាំមកនូវទឹកភ្លៀងសរុបរហូតដល់ 0.6 ម៉ែត្រ (2 ហ្វីត) នៅតំបន់ភ្នំកណ្តាលនៃកោះតៃវ៉ាន់ និង 0.3 ម៉ែត្រនៅលើភ្នំនៅជិតទីក្រុងតៃប៉ិ។

ទីក្រុងភាគខាងជើង រួមទាំងរដ្ឋធានីតៃប៉ិ បានបិទអាជីវកម្ម និងសាលារៀន ហើយទីផ្សារភាគហ៊ុន និងទីផ្សារប្តូរប្រាក់បរទេសរបស់តៃវ៉ាន់ក៏ត្រូវបានបិទផងដែរ។

ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង 110 ត្រូវបានលុបចោល ខណៈដែលខ្សែកាណូតក្នុងស្រុកទាំងអស់ត្រូវបានផ្អាក។

នៅទីក្រុងតៃប៉ិ ភ្លៀង និងខ្យល់បានធ្វើឱ្យផ្លាកសញ្ញាផ្លូវ និងដើមឈើរាប់សិបដើមធ្លាក់ចុះ ខណៈសេវារថភ្លើងក្រោមដីត្រូវបានកាត់បន្ថយ ហើយសេវាកម្មដឹកជញ្ជូនអាហារត្រូវបានផ្អាក។ ក្នុងនោះក៏មានទាហ៊ាន​រាប់​រយ​នាក់​កំពុងតែប្រចាំការ ដើម្បី​រង់ចាំ​នៅ​ក្នុង​ទីក្រុង​ក្បែរ​នោះ​សម្រាប់​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ។

ព្យុះនេះបានកាត់ផ្តាច់ថាមពលដល់គ្រួសារជាង 16,000 នៅទូទាំងកោះតៃវ៉ាន់ ទោះបីជាភាគច្រើននៃពួកគេត្រូវបានស្ដារឡើងវិញក៏ដោយ។

ចំនែកឯនៅទីក្រុងអូគីណាវ៉ា ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសជប៉ុន ព្យុះទីហ្វុង ខាន់ណុន បានបង្ករឱ្យមានមនុស្សពីរនាក់បាត់បង់ជីវិត និងមនុស្ស 62 នាក់ ផ្សេងទៀតបានរងរបួស ចំនែកឯផ្ទះជាង 200,000 គ្រួសារគ្មានចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

ព្យុះទីហ្វុង Khanun កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុង Doksuri បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងមកកាន់ភាគខាងត្បូងរបស់តៃវ៉ាន់។

Reporter:
scroll to top