លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីរបស់ ភឿថៃ មានជាប់ពាក់ព័ន្ធនឹងការគេចពន្ធ ក្នុងកំឡុងពេលលោកកាន់តំណែងជាប្រតិបត្តិករនៅ Sansiri Plc

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri Plc កាលពីថ្ងៃព្រហស្បតិ៍បានចេញមុខការពារអតីតនាយកប្រតិបត្តិលោក Srettha Thavisin ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ ដើម្បីប្រឆាំងនឹងការចោទប្រកាន់ដែលធ្វើឡើងដោយអ្នកបញ្ចេញព័ត៌មានម្នាក់គឺលោក Chuvit Kamolvisit ដោយលោកបាននិយាយថា បេក្ខជននាយរដ្ឋមន្ត្រីរូបនេះមានជាប់ពាក់ព័ន្ធនឹងការគេចពន្ធ។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Chuvit Kamolvisit គឺជាអតីតមហាសេដ្ឋីហាងម៉ាស្សាមួយកន្លែង បានបង្ហាញពីឯកសារដែលលោកថាជាភស្តុតាងរឹងមាំនៃភាពមិនប្រក្រតីដែលជាប់ពាក់ព័ន្ធនឹងការទិញដីក្រុមហ៊ុនមួយកន្លែងកាលពីខែសីហាឆ្នាំ 2019 គឺនូវពេលដែលលោក Srettha Thavisin នៅកាន់មុខតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri Plc ។

លោក Chuvit បានអះអាងថា លោក Srettha និងក្រុមហ៊ុន Sansiri បានឃុបឃិតជាមួយម្ចាស់ដី ដើម្បីគេចពីកាបង់ពន្ធចំនួន 521 លានបាត លើការទិញដីឡូតិ៍ទំហំ 400 ម៉ែត្រការ៉េ នៅលើផ្លូវ Sarasin ក្នុងទីក្រុងបាងកក។

ចំពោះតម្លៃនៃការទិញកាលនោះត្រូវបានគេរាយការណ៍ថា សម្រាប់ទីតាំងនេះគឺមានតម្លៃរហូតដល់ទៅ 1.57 ពាន់លានបាត ឬជិត 4 លានបាតក្នុងមួយម៉ែត្រការ៉េ (4 ម៉ែត្រការ៉េ)។ នៅ​ពេល​នោះ វា​ជា​ការ​ទិញ​ដី​ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន។

លោក Chuvit ​បាន​បន្ត​ថា​លោក Srettha  បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​ជាមួយ​នឹង​មនុស្ស​១២​នាក់​ដែល​ជា​ម្ចាស់​ដី​ក្រោម​ប័ណ្ណ​កម្ម​សិទ្ធិ​តែ​មួយថែមទៀតផង។ បើយោងតាមលោក Chuvit បានឱ្យដឹងថា ម្ចាស់ទាំង 12 នាក់នោះបានបង្កើត “ភាពជាដៃគូធម្មតា” ដោយម្នាក់ៗនឹងត្រូវទទួលខុសត្រូវលើពន្ធលើប្រាក់ចំណូលនៃការលក់សរុបចំនួន 521 លានបាត។

ដើម្បីជៀសវាងការបង់ពន្ធដ៏ច្រើនបែបនេះ លោក Chuvit បាននិយាយថា បុគ្គលទាំង 12 នាក់បានទៅនាយកដ្ឋានដីធ្លីដើម្បីផ្ទេរដីតូចៗទៅឱ្យ Sansiri ដោយចំណាយពេល 12 ថ្ងៃ ដើម្បីបញ្ចប់ដំណើរការ។ ប្រតិបត្តិការទាំងនេះមិនស្ថិតក្រោមការគ្រប់គ្រងពន្ធដូចគ្នានឹងភាពជាដៃគូធម្មតានោះទេ។

យោងតាមលោក Chuvit ដដែលបានឲ្យដឹងថា កាលនោះសម្រាប់ដីដែលមានតម្លៃថ្លៃបែបនេះបែរជាមានការពន្ធត្រឹមតែ 59.2 លានបាតតែប៉ុណ្ណោះ

លោក Chuvit បានអះអាងបន្តថា លោក Srettha  មិនអាចបដិសេធការជាប់ពាក់ព័ន្ធរបស់លោកជាមួយករណីនេះបានទេ ដោយសារកំណត់ហេតុរបស់ក្រុមហ៊ុនបានបង្ហាញរូបរាង និងហត្ថលេខារបស់លោកនៅលើឯកសារ ដែលចែកចេញជា ១២ ច្បាប់ ដោយនិយាយពីឈ្មោះអ្នកលក់ផ្សេងៗគ្នាថែមទៀតផង។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Sansiri បាននិយាយថា អ្នកលក់ត្រូវទទួលខុសត្រូវលើការបង់ពន្ធ និងថ្លៃផ្ទេរកម្មសិទ្ធិសម្រាប់ការលក់ដីធ្លី ខណៈដែលក្រុមហ៊ុនមានកាតព្វកិច្ចទូទាត់តាមតម្លៃដែលបានព្រមព្រៀង និងទទួលការផ្ទេរកម្មសិទ្ធិដីធ្លី។

ការធ្វើបែបនេះ គឺបង្ហាញយ៉ាងច្បាស់ណាស់ថា ក្រុមហ៊ុននេះមិនមានចំណេះដឹងគ្រប់គ្រាន់ទៅលើកតព្វកិច្ចពាក់ព័ន្ធនឹងការបង់ពន្ធរបស់អ្នកលក់នោះទេ។

របាយការណ៍ដដែល​បាន​បន្ត​ថា​៖ «​ក្នុង​តួនាទី​ជា​នាយក​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន លោក Srettha Thavisin បានឃើញនិង​យល់ព្រម​លើ​ការ​ទិញ​ដី​នោះ​»​។ 

ចំពោះករណីនៃ “កិច្ចសន្យាដីធ្លី ការទូទាត់ និងការផ្ទេរកម្មសិទ្ធិដីធ្លី គឺជាកាតព្វកិច្ចរបស់ក្រុមអចលនទ្រព្យ ដែលទទួលខុសត្រូវផងដែរក្នុងការសម្របសម្រួល (ជាមួយភាគីពាក់ព័ន្ធ)។

ការផ្ទេរកម្មសិទ្ធិបានអនុវត្តតាមនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិត្រឹមត្រូវនៅមន្ទីរដែនដី។

ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ថា ខ្លួន​បាន​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន។

លោក Chuvit បាននិយាយថា វាហាក់ដូចជាមិនត្រឹមត្រូវទាល់តែសោះ ដែលមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat ប្រឈមនឹងការដកសិទ្ធិក្នុងការកាន់កាប់ភាគហ៊ុនចំនួន 42,000 នៅក្នុងក្រុមហ៊ុនទូរទស្សន៍ ដែលលែងមានប្រេកង់ដំណើរការ ខណៈដែលការបំពានលើថវិការរដ្ឋដែលធំជាងនេះរាប់សិបដង បែជាមិនមានអ្នកអើពើ។

លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​មិន​បាត់​បង់​ប្រាក់​ចំណូល​ពី​ករណី​នោះ​ទេ”។ ប៉ុន្តែ​ក្នុង​ករណី​របស់​លោក Srettha Thavisin ​ គឺលោកមានបំណងយ៉ាងច្បាស់ណាស់ក្នុងការ​គេច​ពី​ការ​បង់​ពន្ធ​ ដែល​នាំ​ឲ្យ​រដ្ឋមានការខាតបង់ចំណូលរហូតដល់ ៥២១ លាន​បាត។

លោកបានបន្ថែមថា “ខ្ញុំនឹងយកឯកសារទាំងអស់ជូនសមាជិកព្រឹទ្ធសភា និងប្រធានសភាដើម្បីពិចារណា និងសម្រេចចិត្តឡើងវិញថា តើពួកគេនឹងផ្តល់ការគាំទ្រដល់បុគ្គល ដែលបានប្រព្រឹត្តអំពើល្មើសនឹងច្បាប់តាមរយៈការគេចពន្ធដែរឬទេ”។

លោក Chuvit បាននិយាយថាគាត់ក៏មានបំណងបញ្ជូនព័ត៌មានរបស់គាត់ ទៅគណៈកម្មការមូលបត្រផងដែរ។

លោក​បាន​ទទូច​ថា ការ​លាតត្រដាង​របស់​លោក​មិន​ពាក់ព័ន្ធ​នឹង​ការ​សងសឹក​ផ្ទាល់ខ្លួន ឬ​ការ​ខក​ចិត្ត​ដែល​ក្រុមហ៊ុន Sansiri មិន​បាន​ទិញ​ដី​ដែល​លោក​កាន់កាប់​នោះ​ទេ។

ហើយលោក​មិន​មាន​ការ​ជំទាស់​នឹង​នាយក​រដ្ឋមន្ត្រី​ដែលមក​ពី​គណបក្ស​ភឿថៃ ​ដែល​បាន​ដាក់​បេក្ខជន​ពីរ​រូប​ផ្សេង​ទៀត​នោះដែរ។ 

នៅពេលវេលានេះ លោក គ្រាន់តែចង់បានចម្លើយពី អ្នកជំនាញច្បាប់លោក Chaikasem Nitisiri ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាស្ថាបនិក និងនៅតែជាអ្នកកាន់អំណាចពិតប្រាកដ នៅពីក្រោយគណបក្សមួយនេះ។

Reporter:
scroll to top