ប្រភពពីគណបក្សភឿថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបាននិរទ្ទេសខ្លួនទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំ បាននិយាយកាលពីចុងខែកក្កដាថា ខ្លួននិងវិលត្រឡប់ទៅកាន់ប្រទេសថៃនៅថ្ងៃទី១០ ខែ សីហា នេះ។ ប៉ុន្តែនៅថ្ងៃនេះ បើយោងតាមកាសែតបាងកកប៉ុស្តន៍បានសរសេរថា លោក ថាក់ស៊ី ស៊ីណាវ៉ាត្រា នឹងត្រូវពន្យារពេលម្តងទៀត គឺរហូតដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃត្រូវបានបង្កើតឡើងរួចរាល់ជាមុនសិន។
អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានគេជឿថា ជាមេដឹកនាំពីក្រោយខ្នងរបស់គណបក្សភឿថៃ គ្រោងវិលត្រឡប់មកវិញនៅខែ សីហា ដែលជាការប្រកាសដោយកូនស្រីរបស់ លោកថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra “អ៊ុង អ៊ីង” កាលពីសប្តាហ៍មុននៅលើ Instagram របស់លោកស្រី។
តាមប្រភពបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីធានាថាការវិលត្រឡប់របស់លោក ថាក់ស៊ីន នឹងប្រព្រឹត្តទៅដោយរលូន។
ប្រភពដដែលបាននិយាយទៀតថា លោក ថាក់ស៊ីនបា នសម្រេចចិត្តពន្យារពេលការវិលត្រឡប់មកវិញរបស់គាត់នៅពេលដែលលោកបានស្តាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃនេះ(04 សីហា) ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថា តើការតែងតាំងលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសភាជាលើកទីពីរ គឺស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។
ដោយសារតែមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ MFP បានបាត់បង់ឳកាសជាលើកដំបូងរបស់ខ្លួន ព្រោះតែការប្រកាន់ជំហររបស់គាត់ក្នុងការធ្វើវិសោធនកម្មលើមាត្រា 112 នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។
ប្រភពបានបន្ថែមថា លោកថាក់ស៊ីនក៏ជឿជាក់ថាគាត់គួរតែរង់ចាំនៅពេលដែលគណបក្សភឿថៃកំពុងពិភាក្សាជាមួយភាគីផ្សេងទៀតដើម្បីចូលរួមជាមួយសម្ព័ន្ធថ្មីរបស់ខ្លួន។
បច្ចុប្បន្ន គណបក្សចំនួនបីទំនងជាចូលរួមជាមួយប្លុក ដែលដឹកនាំដោយគណបក្សភឿថៃ គឺគណបក្ស Bhumjaithai, Chartthaipattana និងគណបក្សប្រជាធិបតេយ្យ។ ការចរចានៅតែដំណើរការជាមួយគណបក្ស United Thai Nation (UTN) និងគណបក្ស Palang Pracharath (PPRP) ប៉ុន្តែភាគីតូចៗជាច្រើន ត្រូវបានគេរំពឹងថានឹងជួយជំរុញប្លុកមួយនេះ។
លោក Pichit Tamoon ដែលជាឥស្សរជនសំខាន់នៃរណសិរ្សរួបរួមនៃក្រុមអាវក្រហមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការនៃជំពូក Chiang Mai បាននិយាយថា សេចក្តីប្រកាសអំពីការវិលត្រឡប់របស់លោកថាក់ស៊ីននៅថ្ងៃទី 10 ខែសីហា គ្រាន់តែជាឧបាយកលដើម្បីបង្រួបបង្រួមការគាំទ្រពីអ្នកអាណិតអាសូរភឿថៃតែប៉ុណ្ណោះ។ “ខ្ញុំមិនគិតថា ថាក់ស៊ីននឹងត្រលប់មកផ្ទះវិញក្នុងពេលនេះទេ ដោយសារបារម្ភពីសុវត្ថិភាពខ្លួនឯងផ្ទាល់ហើយម្យ៉ាងវិញទៀតនៅពេលនេះ គឺមានមនុស្សជាច្រើនដែលស្អប់គាត់”។
លោក Pichit បាននិយាយថា “អ្នកគាំទ្រអាវក្រហមនឹងខកចិត្តប្រសិនបើគាត់មិនត្រឡប់មកវិញ ប៉ុន្តែ ដូចដែលយើងបានរង់ចាំប្រហែល 20 ឆ្នាំមកហើយ។ វាអាស្រ័យលើការសម្រេចចិត្តរបស់គាត់តែប៉ុណ្ណោះ ថាពេលណាគាត់ចង់ត្រលប់មកវិញ” ។
អគ្គស្នងការនគរបាលជាតិ លោក Pol Gen Damrongsak Kittiprapas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ពីកាលវិភាគរបស់គាត់ជាមួយប៉ូលីសនោះទេ។
លោកថាក់ស៊ីនបានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ២០០៨ មិនយូរប៉ុន្មានមុនពេលគាត់ត្រូវបានកាត់ទោសដោយតុលាការកំពូលពីបទជួយប្រពន្ធរបស់គាត់គឺលោកស្រី Khunying Potjaman Na Pombejra ទិញដីនៅតំបន់ Ratchadaphisek ក្នុងតម្លៃក្រោមទីផ្សា ខណៈពេលដែលគាត់កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី។