យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ CNN នៅថ្ងៃទី 08 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា លោក Serhii Dobriak ប្រធានរដ្ឋបាលយោធាទីក្រុង Pokrovsk បាននិយាយថា កាំជ្រួច Iskander របស់រុស្ស៊ីចំនួនពីរបានវាយប្រហារទីក្រុង Pokrovsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងរយៈពេល 30-40 នាទី ដោយកាំជ្រួចទីពីរបានធ្វើឲ្យមានការរងរបួស ថែមទាំងបានសម្លាប់បុគ្គលិកសេវាសង្គ្រោះបន្ទាន់ ខណៈដែលពួកគេកំពុងសង្គ្រោះមនុស្សនៅតំន់នោះ បន្ទាប់ពីមានការវាយប្រហារលើកដំបូង នេះបើយោងតាមលោក Serhii Dobriak ប្រធានរដ្ឋបាលយោធាទីក្រុង Pokrovsk ។
បើយោងតាមការរៀបរាប់របស់ប្រធានរដ្ឋបាលយោធាទីក្រុង Pokrovsk បានបង្ហោះនៅក្នុងGroup Telegram ថា “ កាំជ្រួចទីមួយបានវាយប្រហារនៅម៉ោង 19:15 នារី ហើយ កាំជ្រួចទីពីរបានវាយប្រហារនៅម៉ោង 19:52យប់ ។ ចំពោះការវាយប្រហារនេះអាចនិយាយបានថា វាគឺជាសេណារីយ៉ូស្តង់ដាររបស់រុស្ស៊ី – ហ្វាស៊ីសនិយម ដែលធ្វើការវាយប្រហារដោយចំនាយពេលត្រឹមតែ- 30-40 នាទីរវាងកាំជ្រួចទី1 និង ទី2។
នៅពេលដែលសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ និងអ្នកជួយសង្គ្រោះមកដល់ដើម្បីជួយសង្រ្គោះមនុស្ស ស្រាប់តែមានកាំជ្រួចទីពីរបានវាយប្រហារបន្តទៀត ដូច្នេះហើយទើបធ្វើឲ្យចំនួនជនរងគ្រោះមានការកើនឡើង”។
លោកបានបន្ថែមថា៖ «កាំជ្រួចផ្ទុះធំណាស់ បង្អួចក្នុងអគារជាច្រើនត្រូវបានវាយកម្ទេច ក្នុងនោះយ៉ាងហោចណាស់មានបង្អួចចំនួន ២០០០បានខ្ទេច»។
មន្ត្រីមូលដ្ឋានបាននិយាយថា អគារលំនៅឋាន សណ្ឋាគារ ហាង និងអគាររដ្ឋបាលមួយបានរងការខូចខាត។ សណ្ឋាគារ Druzhba (Friendship) Hotel និង Corleone Pizzeria ដែលពេញនិយមជាមួយអ្នកសារព័ត៌មាន ត្រូវបានខូចខាតក្នុងការវាយប្រហារ នេះបើយោងតាមរូបភាពភូមិសាស្ត្រពីកន្លែងកើតហេតុ។
លោក Pavlo Kyrylenko ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពថា ក្នុងចំណោមមនុស្ស 7 នាក់ដែលត្រូវបានសម្លាប់ គឺមានជនស៊ីវិល 5 នាក់ អ្នកជួយសង្គ្រោះម្នាក់ និងទាហ៊ានម្នាក់។
លោកបាននិយាយថា មានមនុស្ស ៨១ នាក់បានរងរបួស ក្នុងនោះមានជនស៊ីវិល ៣៩ នាក់ កុមារ ២ នាក់ មន្ត្រីប៉ូលិស ៣១ នាក់ អ្នកជួយសង្គ្រោះ ៧ នាក់ និងទាហ៊ានចំនួន ៤ នាក់។
លោក Pavlo Kyrylenko បានបន្ថែមថា “បើគិតត្រឹមម៉ោង 11:00 ព្រឹក អគារពហុជាន់ចំនួន 12 ត្រូវបានខូចខាត ក៏ដូចជាសណ្ឋាគារមួយកន្លែង ការិយាល័យព្រះរាជអាជ្ញា មូលនិធិសោធននិវត្តន៍ ឱសថស្ថាន ហាងចំនួន 2 ហាងកាហ្វេចំនួន 2 និងរថយន្តស៊ីវិលចំនួន 2” ។
ប៉ូលិសជាតិអ៊ុយក្រែនបាននិយាយថា អនុប្រធានផ្នែកសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនក្នុងតំបន់ Donetsk លោក Andrii Omelchenko ត្រូវបានសម្លាប់នៅនឹងកន្លែង ហើយបានបញ្ជាក់ថា មន្ត្រីប៉ូលិសចំនួន ៣១នាក់បានរងរបួស។
ប៉ូលីសបាននិយាយនៅលើ Telegram ថា “ពួកគេទាំងអស់ដែលនៅទីនោះ នៅពេលក្រុមអ្នកជួយសង្គ្រោះកំពុងខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះមនុស្សបន្ទាប់ពីការវាយប្រហារលើកទី មួយ” ។ “ពួកគេបានដឹងថាមានជនរងគ្រោះនៅក្រោមគំនរបាក់បែក ដូច្នេះហើយ ពួកគេម្នាក់ៗ ខិតខំរុះរើអ្នកទាំងនោះចេញពីកន្លែងកើតហេតុ តែជាអកុសល គ្រាប់ទីពីរ ក៏បានវាយប្រហារជាថ្មីម្តងទៀត”។