យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី 11 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ(MFP) លោក Pita Limjaroenrat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា លោកអាចត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៅក្នុងសភា ដោយមិនចាំបាច់រង់ចាំការសម្រេចពីខាងតុលាការនោះទេ។
ការតែងតាំងលោក Pita ត្រូវបានច្រានចោលមុននេះ ដោយការប្រជុំរួមរបស់សមាជិកសភា និងព្រឹទ្ធសមាជិកកាលពីថ្ងៃទី 19 ខែកក្កដា ក្រោមបទប្បញ្ញត្តិរបស់សភាបន្ទាប់ពីមានការហាមឃាត់សំណើដែលត្រូវបានច្រានចោលដោយសភារួចហើយក្នុងការបញ្ជូនឡើងវិញក្នុងសម័យប្រជុំសភាដដែល។បទប្បញ្ញត្តិនេះអាចត្រូវផ្លាស់ប្តូរ លុះត្រាតែស្ថានភាព ឬកាលៈទេសៈជុំវិញការបោះឆ្នោតក្នុងសភាសម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រី មានការផ្លាស់ប្តូរជាមុនសិន។
អ្នកដែលបានច្រានចោលការតែងតាំងរបស់គាត់បានប្រកែកថាមេដឹកនាំ MFP ដែលជាមនុស្សតែម្នាក់គត់ដែលត្រូវបានតែងតាំងសម្រាប់មុខតំណែងនោះបរាជ័យ ក្នុងកិច្ចប្រជុំថ្ងៃទី 13 ខែកក្កដា ដូច្នេះច្បាប់គួរតែត្រូវបានអនុវត្ត។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់លោក Pita បានអះអាងថា ច្បាប់របស់សភាមិនត្រូវបានអនុវត្តនៅក្នុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រី ហើយបានបញ្ជូនបញ្ហានេះទៅតុលាការធម្មនុញ្ញដើម្បីធ្វើការសម្រេចតាមរយៈការិយាល័យ Ombudsman ។
ឆ្លើយតបទៅនឹងសំណួរអំពីសំណុំរឿងរបស់តុលាការដែលមិនទាន់សម្រេចនោះ លោក Pita បាននិយាយថា គាត់ជឿថាគាត់នៅតែមានសិទ្ធិ ក្នុងការប្រកួតប្រជែងក្រោមបទប្បញ្ញត្តិរបស់សភា ដោយមិនចាំបាច់ត្រូវរង់ចាំការសម្រេចរបស់តុលាការនោះទេ។
ទោះយ៉ាងណាក៏ដោយ លោកបាននិយាយថា ពេលនេះមិនមែនជាពេលវេលាដើម្បីព្យាយាមតែងតាំងលោកទេ ដោយសារតែ MFP បានយល់ព្រមថយក្រោយមួយជំហ៊ាន និងអនុញ្ញាតឱ្យគណបក្សភឿថៃដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។
ប៉ុន្តែនៅពេលដែលមានសំនួរសួរទាក់ទងនិងនិន្នាការរបស់បក្សប្រឆាំងមួយនេះ លោក Pita បានបង្ហាញក្តីសង្ឃឹមថា(ខ្ញុំនឹងមានឱកាសនៅថ្ងៃណាមួយក្នុងជួររដ្ឋាភិបាល)។
ដោយលោក Pita បាននិយាយថា៖«ប្រសិនបើ [ប្រទេស] ចង់បានមនុស្សជំនាន់ថ្មីធ្វើការឲ្យពួកគេ ខ្ញុំបាទ Pita Limjaroenrat បានត្រៀមខ្លួនរួចហើយ ហើយខ្ញុំពិតជាចង់បង្ហាញថាប្រទេសរបស់យើងអាចដើរទៅមុខជាងនេះ។
លោកបានមានប្រសាសន៍ទៀតថា “ប្រសិនបើអ្នកមានការចាប់អារម្មណ៍ចំពោះការអនុវត្តរបស់យើងក្នុងនាមជាគណបក្សប្រឆាំង យើងអាចផ្តល់ឲ្យកាន់តែច្រើនក្នុងនាមជារដ្ឋាភិបាល”។