ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃច័ន្ទ ទី 14 ខែសីហា នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីជួយធានាដល់ “អំណាចយោធាឲ្យបានច្រើនលើសលប់” ដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។ គឺស្របពេលដែលប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតែត្រៀមលក្ខណៈសម្រាប់សមយុទ្ធយោធាប្រចាំឆ្នាំ។
លោក គីម បានផ្តល់ការបញ្ជាទិញនេះ ខណៈដែលលោកបានទៅទស្សនា រោងចក្រគ្រាប់រំសេវសំខាន់ៗ ដែលមានការផលិតកាំជ្រួចយុទ្ធសាស្ត្រ វេទិកាបាញ់មីស៊ីល រថពាសដែក និងគ្រាប់កាំភ្លើងធំកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។
ការត្រួតពិនិត្យរបស់មេកដឹកនាំ គីម គឺជាការធ្វើដំណើរចុងក្រោយបង្អស់ក្នុងដំណើរទស្សនកិច្ចទៅកាន់ រោងចក្រផលិតសព្វាវុធ ជាកន្លែងដែលគាត់បានបញ្ជាឱ្យផលិតសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយរឿងនេះវាបានកើតឡើងនូវប៉ុន្មានថ្ងៃមុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលជាហេតុនាំឲ្យទីក្រុងព្យុងយ៉ាងមើលឃើញថា វាជាការហាត់សមសម្រាប់ការធ្វើសង្គ្រាម។
KCNA បាននិយាយថា លោក គីម បានកត់សម្គាល់ពី “គោលដៅសំខាន់មួយ ដើម្បីបង្កើនសមត្ថភាពផលិតកាំជ្រួច” នឹងសម្រាប់បំពេញនូវតម្រូវការរបស់អង្គភាពយោធាជួរមុខដែលត្រូវបានពង្រីក និងពង្រឹង។
លោក គីម ត្រូវបានគេដកស្រង់សម្តីថា “កម្រិតគុណភាពនៃការរៀបចំសង្រ្គាម គឺអាស្រ័យលើការអភិវឌ្ឍន៍នៃឧស្សាហកម្មអាវុធ ហើយរោងចក្រនឹងមានទំនួលខុសត្រូវយ៉ាងខ្លាំងក្លា ក្នុងការពន្លឿនការរៀបចំសង្រ្គាមរបស់យោធារបស់យើង”។
KCNA បាននិយាយទៀតថា នៅរោងចក្រផ្សេងទៀត លោក គីម បានត្រួតពិនិត្យ និងបើករថយន្តពាសដែកប្រយុទ្ធឧបករណ៍ប្រើប្រាស់ថ្មី ហើយលោកក៏បានសរសើរពីវឌ្ឍនភាពថ្មីៗក្នុងការធ្វើទំនើបកម្មខ្សែសង្វាក់ផលិតកម្មសម្រាប់គ្រាប់រ៉ុក្កែតជាច្រើនដែលមានសមត្ថភាពដ៏អស្ចារ្យ។
លោកបាននិយាយថា មាន “តម្រូវការបន្ទាន់” ដើម្បី “បង្កើនជានិទស្សន្ត” ការផលិតគ្រាប់រ៉ុក្កែតបែបនេះ គឺដើម្បីពង្រឹងអង្គភាពកាំភ្លើងធំនៅជួរមុខ។
លោក Kim បាននិយាយទៀតថា “កងទ័ពរបស់យើងត្រូវតែធានាឱ្យបានហ្មត់ចត់នូវអំណាចយោធា និងការត្រៀមខ្លួនយ៉ាងរឹងមាំដើម្បីដោះស្រាយសង្រ្គាមនៅពេលណាមួយដែលអាចកើតឡើងគ្រប់ពេល ដើម្បីកុំឱ្យសត្រូវហ៊ានប្រើកម្លាំងផ្តេសផ្តាស ពួកគេនឹងត្រូវវិនាស (ប្រសិនបើវាកើតឡើង)”។
ចំនែកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកវិញបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេនឹងធ្វើសមយុទ្ធរដូវក្តៅ Ulchi Freedom Guardian នៅថ្ងៃទី 21-31 ខែសីហា ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើងបានបរិហារសមយុទ្ធយោធារបស់សម្ព័ន្ធមិត្តថាជាការហាត់សមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ។
សមយុទ្ធនៅឆ្នាំនេះនឹងធ្វើឡើងក្នុង “ទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានពីមុនមក” វាជាការប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ ពីភាគីទាំងសងខាង ក៏ដូចជារដ្ឋសមាជិកមួយចំនួននៃបញ្ជាការអង្គការសហប្រជាជាតិ សម្រាប់កម្មវិធីហ្វឹកហ្វឺនប្រមាណ 30 កន្លែង នេះបើយោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ។
អ្នកនាំពាក្យរបស់ JCS លោក Col. Lee Sung-jun បានប្រាប់សន្និសីទសារព័ត៌មានមួយថា “សមយុទ្ធគឺជាធាតុសំខាន់មួយក្នុងការរក្សាជំហរការពាររួមបញ្ចូលគ្នាដ៏រឹងមាំ ក្នុងករណីដែលមានភាពអាសន្ន – ហើយវាពិតជាចាំបាច់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាដែលកំពុងកើនឡើងពីកូរ៉េខាងជើង” ។
សហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្តល់អាវុធដល់រុស្ស៊ី សម្រាប់ការធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន រួមមានទាំងកាំភ្លើងធំ គ្រាប់រ៉ុក្កែតបាញ់ស្មា និងកាំជ្រួចជាដើម។
ប៉ុន្តែការចោទប្រកាន់នេះត្រូវបាន កូរ៉េខាងជើង និងរុស្ស៊ី បានបដិសេធ ។
មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនក៏គ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលើកូរ៉េខាងជើង អ៊ុយក្រែន និងបញ្ហាផ្សេងទៀតនៅពេលពួកគេប្រមូលផ្តុំសម្រាប់កិច្ចប្រជុំកំពូល ជាត្រីភាគី នៅថ្ងៃទី 18 ខែសីហានៅ Camp David ។
តែខាង KCNA បាននិយាយដោយឡែកពីគ្នាកាលពីថ្ងៃច័ន្ទថា លោក Kim គឺគ្រាន់តែទៅទស្សនា “តំបន់ដែលរងគ្រោះដោយព្យុះទីហ្វុង” បន្ទាប់ពី ព្យុះត្រូពិច Khanun បានបោកបក់លើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ដោយវាបានធ្វើឲ្យជន់លិចដីស្រែចម្ការតែប៉ុណ្ណោះ។