កាលពីថ្ងៃទី 15 ខែ សីហា ឆ្នាំ 2023 លោក Chaithawat Tulaton អគ្គលេខាធិការនៃគណបក្សចលនាឆ្ពោះទៅមុខ (MFP) បាននិយាយថា គណបក្សចលនាឆ្ពោះទៅមុខ(MFP) ដែលឈ្នះការបោះឆ្នោតសកល នឹងមិនគាំទ្របេក្ខជនគណបក្សភឿថៃឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់នោះទេ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ត។
ការសម្រេចចិត្តរបស់គណបក្សចលនាឆ្ពោះទៅមុខ(MFP) បែបនេះ អាចធ្វើអោយមានស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់បក្សភឿថៃ ដើម្បី ទទួលបានការគាំទ្រ ព្រោះថាគណបក្សរបស់ខ្លួនកំពុងតែត្រូវការការគាំទ្របន្ថែមទៀត ដើម្បីបង្កើតរដ្ឋាភិបាល។ ប្រសិនបើ (MFP) ធ្វើបែបនេះ គឺមិនខុសអ្វីពីការអូសបន្លាយ ម្តងហើយម្តងទៀត នៃភាពជាប់គាំងនៃនយោបាយនោះទេ។
ថ្វីត្បិតតែគណបក្សចលនាឆ្ពោះទៅមុខ(MFP) បានប្រកាសកាលពីដើមខែនេះ ថាខ្លួនផ្តល់ឳកាសឲ្យភឿថៃបង្កើតរដ្ឋាភិបាលចម្រុះក៏ដោយ ប៉ុន្តែគណបក្សភឿថៃ ដែលឈរនៅលំដាប់លេខ២ គឺកំពុងស្វែងរកការគាំទ្រពីអតីតសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះសម្រាប់ជួយដល់ឧកញ៉ាអចលនទ្រព្យ លោក ស្រេកថា ថាវីស៊ីន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីដែរ។
លោក Chaithawat Tulaton បាននិយាយប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា សមាជិកសភារបស់គណបក្សចលនាឆ្ពោះទៅមុខ(MFP) គឺបានឯកច្ឆ័ន្ទក្នុងការប្រឆាំងរួចទៅហើយ។
លោកបានថ្លែងបន្ទាប់ពីការប្រជុំប្រចាំសប្តាហ៍របស់សមាជិកសភាបក្សថា៖ «ការបង្កើតរដ្ឋាភិបាលនូវពេលនេះ គឺមិនបានឆ្លុះបញ្ចាំងពីសំឡេងរបស់ប្រជាជននោះទេ។
“វាច្បាស់ណាស់ថាសមាជិកព្រឹទ្ធសភា និងគណបក្សផ្សេងទៀតចង់ធីប (បិទ) គណបក្សចលនាឆ្ពោះទៅមុខ”។
ការធ្វើអត្ថាធិប្បាយអំពីការសម្រេចចិត្តរបស់គណបក្សចលនាឆ្ពោះទៅមុខ បានធ្វើឲ្យមេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត Cholnan Srikaew បាននិយាយថា គណបក្សរបស់លោកមិនមានការភ្ញាក់ផ្អើលចំពោះការសម្រេចមួយនេះទេ ហើយរូបលោកក៏នៅតែគោរពតាមការសម្រេចចិត្តនេះដដែល។
បើយើងរំលឹកឡើងវិញ នៅបញ្ហារបស់មេដឹកនាំ MFP លោក Pita Limjaroenrat បានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនសម្រាប់នាយករដ្ឋមន្ត្រីនៅឯការប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី 13 ខែកក្កដា។ សមាជិកសភាភាគច្រើន បានបោះឆ្នោតជាបន្តបន្ទាប់នៅថ្ងៃទី 19 ខែកក្កដា ដោយមិនអនុញ្ញាតឱ្យ លោក Pita ត្រូវបានតែងតាំងជាលើកទីពីរនោះទេ។
សេចក្តីសម្រេចចុងក្រោយនេះ ត្រូវបានជំទាស់នៅក្នុងតុលាការធម្មនុញ្ញ ដែលគ្រោងនឹងប្រកាសនៅថ្ងៃពុធ ថាតើពួកគេនឹងលើកយកសំណុំរឿងនេះដែរឬទេ។
ប្រសិនបើតុលាការបដិសេធមិនទទួលយករឿងក្តីនេះ ការបោះឆ្នោតបន្ទាប់សម្រាប់នាយករដ្ឋមន្ត្រីត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃសុក្រ ឬថ្ងៃអង្គារទី 22 ខែសីហា។
លោកបណ្ឌិត Cholnan Srikaew បាននិយាយថា សមាជិកសភាគណបក្សភឿថៃទាំង ១៤១ រូប បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ដើម្បីតែងតាំងលោក ស្រេត ថា ជានាយករដ្ឋមន្ត្រី ហើយបានបង្ហាញទំនុកចិត្តថា លោកនឹងទទួលបានសំឡេងយ៉ាងតិច ៣៧៥ ឬច្រើនជាងនេះនៅក្នុងសភាទាំងពីរ បើទោះបីជាគ្មាន MFP ក៏ដោយ។
គណបក្សចលនាឆ្ពោះទៅមុខ(MFP) បានបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតសម្ព័ន្ធបន្ទាប់ពីការតែងតាំងរបស់លោក Pita ត្រូវបានច្រានចោល ដែលបង្កើតផ្លូវសម្រាប់គណបក្សភឿថៃ ដែលកំពុងបង្កើតសម្ព័ន្ធភាពថ្មីមួយទៀត។
សម្ព័ន្ធថ្មីរួមមានគណបក្ស Bhumjaithai ដែលឈរនៅលំដាប់ទី 3 ដែលជាតួអង្គសំខាន់នៅក្នុងរដ្ឋាភិបាលដែលកំពុងបន្ត។ របាយការណ៍ជាច្រើនបាននិយាយថា ភឿថៃក៏កំពុងស្វែងរកការគាំទ្រពីគណបក្ស “ពូ” ទាំងពីរ ហើយវាជាមុខសញ្ញាដែលគណបក្សចលនាឆ្ពោះទៅមុខត្រូវតែបដិសេធជាគោលការណ៍។
គណបក្ស “ពូ” គឺ Palang Pracharath (PPRP) ដឹកនាំដោយឧត្តមសេនីយ៍ Prawit Wongsuwon និង United Thai Nation (UTN) ដែលជាគណបក្សបង្កើតជាយានជំនិះសម្រាប់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ 2014 ហើយឥឡូវនេះ ពួកគេទាំងពីរ កំពុងតែបោះជំហ៊ានទៅមុខជាមួយនឹងភឿថៃ ដែលជាហេតុនាំឲ្យ(MFP) យល់ថា វាមិនមែនជាប្រជាធិបតេយ្យ ។
(MFP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ X (អតីត Twitter) ថា “ស្ទើរតែគ្រប់គណបក្សកាន់អំណាចបែបប្រពៃណី” ត្រូវបានប្រមូលផ្តុំគ្នាដើម្បីបង្កើតរដ្ឋាភិបាល។ «នេះជាការផ្ទុយពីឆន្ទៈរបស់ប្រជាជនដែលបានបង្ហាញយ៉ាងច្បាស់នៅថ្ងៃបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភា» បើទោះជា(MFP) ជាអ្នកដែលឈ្នះក្នុងការបោះឆ្នោតក៏ដោយ។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «ទោះបីជានៅពេលនេះនៅមិនទាន់មានភាពច្បាស់លាស់អំពីសមាសភាពគណៈរដ្ឋមន្ត្រីក៏ដោយ វាច្បាស់ណាស់ថារូបរាងរបស់គណៈរដ្ឋមន្ត្រីថ្មី នឹងមិនខុសពីរដ្ឋាភិបាលមុននោះទេ»។
គណបក្សចលនាឆ្ពោះទៅមុខ(MFP) មិនចូលរួមចំពោះការបង្កើតរដ្ឋាភិបាលមួយនេះទេ តែក៏មិនមែនមិនគោរពអ្នកកាន់អំណាចដែរ ប៉ុន្តែកិច្ចការមួយនេះ មិនមែនជាកិច្ចការដែលធ្វើឡើងដើម្បីប្រជាជន»។