យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា ជើងហោះហើរជិត ៩០០ ជើងនៅក្នុងប្រទេសជប៉ុនត្រូវបានលុបចោល ហើយមនុស្ស ២៤០,០០០ នាក់ ត្រូវបានបញ្ជាឱ្យផ្លាស់ទីទៅកាន់កន្លែងសុវត្ថិភាព ហើយផ្ទះរាប់សិបខ្នងបានដាច់ចរន្តអគ្គិសនី ខណៈដែលព្យុះទីហ្វុងកំពុងរំកិលយឺត បានឆ្លងកាត់កោះសំខាន់របស់ប្រទេសជប៉ុនគឺ Honshu ដែលជាកោះមួយនៅមិនឆ្ងាយពីរដ្ឋធានីបុរាណនៃទីក្រុងក្យូតូប៉ុន្មាននោះទេ។
ព្យុះទីហ្វុង Lan ដែលខិតជិតមកដល់ គឺវាបានបក់ចេញពីមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃអង្គារ គឺនៅចុងភាគខាងត្បូងនៃខេត្ត Wakayama ចម្ងាយប្រហែល 400 គីឡូម៉ែត្រ (250 ម៉ាយ) ពីភាគនិរតីនៃទីក្រុងតូក្យូ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងពាសពេញតំបន់ភាគកណ្តាល និងភាគខាងលិចនៃប្រទេសជប៉ុន ព្យុះនោះផងដែរវាបានផ្លាស់ទីទៅភាគខាងជើង។
អាជ្ញាធរបានចេញការព្រមានអំពីទឹកជំនន់ និងការបាក់ដី ខណៈទឹកទន្លេឡើងដល់កំពូលច្រាំងទន្លេ ដោយផ្នែកខ្លះនៃស្ពានត្រូវទឹកជន់លិច។ ខ្យល់ព្យុះកំបុតត្បូងបានកើតឡើងក្នុងតំបន់ជាច្រើន ប៉ុន្តែមិនបានបង្ករឲ្យមានការខូចខាតធំដុំទេ។
នៅពេលល្ងាចចំណុចកណ្តាលនៃព្យុះ – ដែលបានចុះខ្សោយទៅជាកម្លាំងព្យុះត្រូពិច – បានខិតជិតសមុទ្រជប៉ុន បើទោះបីជាអ្នកព្យាករណ៍បានព្រមានថា ភ្លៀងប្រមូលផ្តុំនៅតែអាចកើតមាននៅទូទាំងតំបន់ ។
ព្យុះមួយនេះវាបានបន្តរំកិលបន្តិចម្តងៗក្នុងល្បឿនប្រហែល 15 គីឡូម៉ែត្រក្នុងមួយម៉ោង (9.3 ម៉ាយក្នុងមួយម៉ោង) ដែលបង្កើនសក្តានុពលនៃការជន់លិច ខណៈដែលភ្លៀងបានបោកបក់លើតំបន់ដូចគ្នាអស់រយៈពេលយូរ។ ផ្នែកខ្លះនៃភាគកណ្តាលប្រទេសជប៉ុនបានកត់ត្រាពីទឹកភ្លៀងធ្លាក់ក្នុងកម្រឹត 585 មីលីម៉ែត្រ (23 អ៊ីញ) ក្នុងរយៈពេល 24 ម៉ោង នេះបើគិតត្រឹមម៉ោង 7:00 យប់ (1000 GMT) ។
ទូរទស្សន៍សាធារណៈ NHK បាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួស ដោយមានមនុស្សម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អាជ្ញាធរបាននិយាយថា ពួកគេបានបង្កើតមជ្ឈមណ្ឌលជម្លៀសនៅក្នុងអគារសុវត្ថិភាព និងកន្លែងខ្ពស់សម្រាប់អ្នករស់នៅទូទាំង 11 ខេត្ត ដែលភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយបានប្រាប់ឱ្យស្វែងរកទីជម្រកបន្ថែម។
ការរំខានដល់ជើងហោះហើរ ភ្លៀង និងខ្យល់ដ៏គ្រោះថ្នាក់ បានបង្ខំឱ្យបិទផ្លូវមួយចំនួន និងការផ្អាកសេវាកម្មរថភ្លើងរាប់សិបជើង បើទោះបីជានៅល្ងាចថ្ងៃអង្គារមានផ្លូវមួយចំនួនត្រូវបានបើកឡើងវិញក៏ដោយ។
ព្យុះនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Khanun បានបោកបក់មកលើប្រទេសជប៉ុនក្នុងកំឡុងរដូវវិស្សមកាល Obon ដ៏ធំបំផុតរបស់ខ្លួន នៅពេលដែលរោងចក្រជាច្រើនបានបិទ ហើយអ្នករស់នៅក្នុងទីក្រុងត្រឡប់ទៅទីក្រុង និងភូមិរបស់ពួកគេវិញ។
ខាងអាជ្ញាធរបាននិយាយថា ការដាច់ចរន្តអគ្គិសនីបានធ្វើឲ្យប៉ះពាល់រហូតជិតដល់ 90,000 គ្រួសារ នៅតំបន់កណ្តាល និងខាងលិច។ Seven & i (3382.T) បាននិយាយថាហាងលក់ទំនិញ 7-Eleven មួយចំនួន 210 ត្រូវបានបិទដោយសារហេតុផលសុវត្ថិភាព។