យោងតាមទីភ្នាក់ងាររបស់សារព័ត៌មាន CNN កាលពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា ប្រធានាធិបតី បេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បេឡារុស្ស មានឆន្ទៈក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលផ្តល់ដោយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនគឺប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់នៅពេលមានការឈ្លានពានពីបរទេស។ លោកប្រធានាធិបតី Alexander Lukashenko បាននិយាយបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសរបស់លោកកំពុងតែមានភាពតានតឹងកាន់តែខ្លាំងឡើង នៅជុំវិញតំបន់ព្រុំដែនរបស់ប្រទេសជាមួយប្រទេសដែលជាសមាជិករបស់អង្គការណាតូ។
ទីក្រុង Minsk បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយទីក្រុងមូស្គូបានប្រើប្រាស់ប្រទេសបេឡារុស្សជាកន្លែងឈរជើងរបស់ខ្លួនសម្រាប់ការលុកលុយនៅដើមឆ្នាំ 2022 ខណៈដែលសមយុទ្ធយោធារួមគ្នារវាងរុស្សី និងបេឡារុស្សកាលពីឆ្នាំមុនបានជំរុញឱ្យមានការព្រួយបារម្ភថា កងទ័ពបេឡារុស្សអាចចូលរួមជាមួយកងកម្លាំងរុស្ស៊ីនៅក្នុង ជម្លោះលើប្រទេសអ៊ុយក្រែន។
កាលពីនៅក្នុងខែមិថុនា ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីត្រូវ បានគេរាយការណ៍ថាបានប្រគល់ទៅឱ្យប្រទេសបេឡារុស្ស សម្រាប់ “ការការពារខ្លួន” នេះបើយោងតាមការថ្លែងសន្ទរកថារបស់ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
នៅក្នុងបទសម្ភាសន៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta បានឲ្យដឹងថា លោក Alexander Lukashenko បានអះអាងថា ប្រទេសបេឡារុស្សនឹង “មិនចូលរួមក្នុងសង្គ្រាមនេះទេ” លុះត្រាតែជនជាតិអ៊ុយក្រែនឆ្លងកាត់ព្រំដែនរបស់ខ្លួន។ ប៉ុន្តែលោកបានបន្ថែមថា “យើងនឹងបន្តជួយរុស្ស៊ី ព្រោះពួកគេគឺជាសម្ព័ន្ធមិត្តដ៏ល្អរបស់យើង”។
លោក Alexander Lukashenko ក៏បានព្រមានផងដែរថា ប្រសិនបើមានការបង្ករហេតុណាមួយកើតឡើង ជាពិសេសប្រទេសជិតខាងដែលជាសមាជិកណាតូ ដូចជាប៉ូឡូញ លីទុយអានី និងឡាតវី នោះបេឡារុស្សនឹង “ឆ្លើយតបភ្លាមៗជាមួយនឹងអ្វីៗទាំងអស់ដែលយើងមាន” រួមទាំងអាវុធនុយក្លេអ៊ែរថែមទៀតផង។
បើគិតមកទល់នឹងពេលនេះវាមិនច្បាស់ទេថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីមានចំនួនប៉ុន្មាន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសបេឡារុស្សនានោះទេ ហើយមន្ត្រីអាមេរិក និងលោកខាងលិចមិនបានបញ្ជាក់ជាសាធារណៈថា តើមានអាវុធណាមួយត្រូវបានផ្ទេរ បើទោះបីជាមន្ត្រីជាន់ខ្ពស់មកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាមេរិក (DIA) បាននិយាយថា ពួកគេគ្មានហេតុផលដើម្បី សង្ស័យ” លើការអះអាងរបស់លោកពូទីន។
បើយោងតាមការរៀបរាប់ក្នុងអំឡុងពេលសម្ភាសន៍វិញ លោក Alexander Lukashenko បាននិយាយថា ប្រសិនបើបេឡារុស្សត្រូវរងការវាយប្រហារនោះ “យើងនឹងមិនរង់នោះទេ។ យើងនឹងប្រើឃ្លាំងអាវុធទាំងមូលសម្រាប់ការរារាំង»។
ហើយកាលនោះលោកបានបន្ថែមថា៖ «យើងមិនបាននាំអាវុធនុយក្លេអ៊ែរមកទីនេះ ដើម្បីបន្លាចនរណាម្នាក់នោះទេ “ព្រោះថា អាវុធនុយក្លេអ៊ែរតំណាងឱ្យកត្តារារាំងដ៏ខ្លាំងក្លាមួយ។ ប៉ុន្តែទាំងនេះគឺជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនមែនជាអាវុធយុទ្ធសាស្ត្រទេ។ នេះជាមូលហេតុដែលយើងនឹងប្រើវាភ្លាមៗនៅពេលការឈ្លានពាន ត្រូវបានចាប់ផ្តើមប្រឆាំងនឹងយើង»។
បើតាមការវិភាគ របស់មន្ត្រីជាន់ខ្ពស់ DIA បាននិយាយកាលពីខែកក្កដាថា ពួកគេមិនជឿថា លោក Alexander Lukashenko នឹងមានសិទ្ធិក្នុងការគ្រប់គ្រងណាមួយលើឃ្លាំងអាវុធ ដែលជារបស់រុស្ស៊ីនោះទេ។