យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា យោធាចិនបានចាប់ផ្តើមធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ដោយប្រទេសមួយនេះបាននិយាយថា វាគឺជា “ការព្រមានដ៏ធ្ងន់ធ្ងរ” ដល់កងកម្លាំងដែលចង់បំបែកខ្លួន ជាពិសេសគឺនៅពេលដែលអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai បានធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិច ហើយវាគឺជាមូលហេតុចម្បងដែលនាំឲ្យរដ្ឋាភិបាលចិនមានភាពខឹងសម្បារ។
លោក Lai ដែលជាអ្នកនាំមុខគេក្នុងការក្លាយជាប្រធានាធិបតីតៃវ៉ាន់ ក្នុងការបោះឆ្នោតកាលនៅខែមករា បានធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ហើយវាគឺជាកន្លែងសម្រាប់លោក Lai បានឈប់សម្រាកជាផ្លូវការបន្ទាប់ពីចាកចេញពីប្រទេសប៉ារ៉ាហ្គាយ។
ចិនតែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បើទោះបីមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលកោះនេះយ៉ាងណាក៏ដោយ។
សម្រាប់ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន ដែលមានទំនួលខុសត្រូវលើតំបន់ជុំវិញកោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ខ្លួនកំពុងអនុវត្តរួមគ្នាជាមួយកងទ័ពជើងទឹក និងផ្លូវអាកាស ដើម្បីល្បាតជុំវិញកោះមួយនេះ។
ខាងប្រទេសចិនបាននិយាយទៀតថា ខ្លួនក៏កំពុងតែធ្វើសមយុទ្ធរួមគ្នា ក្នុងការហ្វឹកហ្វឺនកងកម្លាំងជើងទឹក និងអាកាស ដោយផ្តោតលើ ការសម្របសម្រួលនាវា និងយន្តហោះ និងការដណ្តើមការគ្រប់គ្រង ដើម្បីសាកល្បង “សមត្ថភាពប្រយុទ្ធពិតប្រាកដ” របស់កងកម្លាំង។
ចិនបាននិយាយបន្ថែមទៀតថា “នេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយ ចំពោះកោះតៃវ៉ាន់ ដែលមានចិត្តចង់ប្រឆាំងនឹងប្រទេសចិន ជាពិសេសគឺការផ្តើមគំនិតនៃការចង់បំបែកខ្លួនដោយឯករាជ្យ ដោយចាប់ផ្តើមឃុបឃិតជាមួយកងកម្លាំងខាងក្រៅដើម្បីបង្ករឿង”។
ចំនែកឯក្រសួងការពារជាតិរបស់តៃវ៉ាន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ដោយនិយាយថា ខ្លួននឹងបញ្ជូនកងកម្លាំងសមស្របដើម្បីឆ្លើយតប អមជាមួយនឹងកងទ័ពដែលមានសមត្ថភាព ការប្តេជ្ញាចិត្ត និងទំនុកចិត្តក្នុងការធានាបានសន្តិសុខជាតិ ចំពោះប្រជាជនលើកោះតៃវ៉ាន់។
ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចាប់ផ្តើមសមយុទ្ធយោធាលើកនេះ គឺមិនត្រឹមតែមិនជួយដល់សុខសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចិត្តគំនិតយោធានិយមរបស់ចិនផងដែរ”។
បើយោងតាមវិនិច្ឆ័យរបស់អ្នកជំនាញរ៉យទ័រ បាននិយាយថា វិសាលភាពនៃការធ្វើសមយុទ្ធកាលពីថ្ងៃសៅរ៍ គឺមិនមានភាពច្បាស់លាស់នោះទេ។
អ្នកភ្ជាប់និងអ្នកវិភាគផ្នែកការពារជាតិក្នុងតំបន់កំពុងពិនិត្យពិច័យលើមាត្រដ្ឋាន និងអាំងតង់ស៊ីតេនៃប្រតិបត្តិការរបស់កោះតៃវ៉ាន់ ដោយស្វែងរកការវាស់វែងនៃលទ្ធភាពរបស់ពួកគេ ដែលកំពុងប្រឆាំងនឹងល្បែងសង្គ្រាមរបស់ចិន។
គួរកត់សម្គាល់ទៀតថាចំពោះសមយុទ្ធរបស់ចិនកាលពីខែមេសា គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបជាមួយប្រធានសភា Kevin McCarthy ពេលឈប់សម្រាកនៅរដ្ឋកាលីហ្វ័រញ៉ា ដោយចិនធ្វើសមយុទ្ធប្រយុទ្ធពេញលេញមួយ ដោយផ្តើមចេញពីនាវាផ្ទុកយន្តហោះពីរ ដោយបានធ្វើឡើងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់កោះ។ មន្ត្រីតៃវ៉ាន់បាននិយាយថា លើកនេះប្រទេសចិនទំនងជាធ្វើសមយុទ្ធយោធានៅសប្តាហ៍នេះ គឺនៅជិតកោះតៃវ៉ាន់តែម្តង ក្រោមហេតុផលមួយថា ដោយសារតែលោក Lai បានធ្វើដំណើរទស្សនៈកិច្ចទៅកាន់សហរដ្ឋអាមេរិច នេះគឺជាលេសមួយដែលល្អបំផុតរបស់ចិន ដើម្បីបំភិតបំភ័យប្រជាជនលើកោះតៃវ៉ាន់ ឲ្យបានមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ។ ជាការពិតណាស់ចិនគឺមានបំណងធ្វើឱ្យប្រជាជនមានការ “ភ័យខ្លាចនឹងសង្គ្រាម”។