យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ BBC កាលពីថ្ងៃទី 20 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា អ្នកឧតុនិយមរបស់សហរដ្ឋអាមេរិកបានព្រមានថា ខ្យល់ព្យុះ Hurricane Hilary ដែលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ម៉ិកស៊ិកូ បានចុះខ្សោយ ប៉ុន្តែវានៅតែអាចបង្កជាទឹកជំនន់ ដែល”គំរាមកំហែងដល់អាយុជីវិត” ។
មជ្ឈមណ្ឌលឩតុនិយមជាតិបាននិយាយថា ខ្យល់ព្យុះហ៊ីឡារី បានបក់បោករហូតដល់ 100 ម៉ាយក្នុងមួយម៉ោង (175 គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយវានឹងត្រូវចុះចតនៅថ្ងៃសៅរ៍។
មជ្ឈមណ្ឌល NHC កំពុងរាយការណ៍ថាមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងផ្នែកខ្លះនៃឧបទ្វីប Baja California របស់ប្រទេសម៉ិកស៊ិកូ និងភាគនិរតីនៃសហរដ្ឋអាមេរិក។
ព្យុះ Hilary នឹងចុះខ្សោយទៅជាព្យុះត្រូពិច មុនពេលវាទៅដល់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។
នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ខ្លួននៅម៉ោង 21:00 GMT នៅថ្ងៃសៅរ៍ NHC និយាយថា ខ្យល់ព្យុះនេះគឺមានចម្ងាយប្រហែល 285 ម៉ាយល៍ (459 គីឡូម៉ែត្រ) ពីភាគអាគ្នេយ៍នៃ Baja California ភាគខាងលិចបំផុតនៃ Punta Eugenia ។
លោក John Cangialosi អ្នកឯកទេសខាងព្យុះសង្ឃរាជាន់ខ្ពស់នៅ NHC ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពីថ្ងៃសៅរ៍ថា ព្យុះ “Hilary ហាក់ដូចជាបានចុះខ្សោយយ៉ាងឆាប់រហ័ស” ។ ដោយលោកបានបន្ថែមថា ពីមុនព្យុះ Hilary គឺជាព្យុះប្រភេទទី 3 ដែលមានកម្លាំងខ្យល់បក់រហូតដល់ 130 ម៉ាយក្នុងមួយម៉ោង។
NHC បាននិយាយទៀតថា ទឹកភ្លៀងអាចឡើងដល់ 10in (25cm) នៅក្នុងតំបន់មួយចំនួននៃភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា និងភាគខាងត្បូងនៃរដ្ឋណេវ៉ាដា។ ដោយមជ្ឈមណ្ឌលមួយនេះបានបន្ថែមថា “គ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងអាចនឹងត្រូវកើតឡើងថែមទៀតផង” ។
នៅក្នុងទីក្រុង San Diego សេវាអាកាសធាតុជាតិ (NWS) មុននេះ បានចេញការព្រមានសម្រាប់ “សក្តានុពលខ្ពស់” នៃទឹកជំនន់ភ្លាមៗ ហើយមនុស្សជិត 26 លាននាក់ នៅភាគនិរតីនៃសហរដ្ឋអាមេរិកស្ថិតនៅក្រោមការឃ្លាំមើលនៃស្ថានភាពទឹកជំនន់។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (Fema) មាន “បុគ្គលិក និងការផ្គត់ផ្គង់ជាមុននៅក្នុងតំបន់។
លោកបានបន្តថា៖ «ខ្ញុំសូមដាស់តឿនអ្នកនៅតាមផ្លូវព្យុះឲ្យមានការប្រុងប្រយ័ត្ននិងស្តាប់ការណែនាំពីមន្ត្រីរដ្ឋនិងមូលដ្ឋាន។ ព្រោះថាផ្នែកខ្លះនៃប្រទេសម៉ិកស៊ិកូស្ថិតនៅក្រោមការឃ្លាំមើលព្យុះត្រូពិច ហើយរដ្ឋាភិបាលរបស់ខ្លួនបានដាក់ទាហ៊ាមចំនួន 18,000 នាក់ឱ្យរង់ចាំមើល ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
នៅពេលដែលព្យុះបានធ្លាក់ចុះនោះ Major League Baseball បានកំណត់ពេលការប្រកួតចំនួនបីនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែល SpaceX បានពន្យារពេលការបាញ់បង្ហោះរ៉ុក្កែតចេញពីមូលដ្ឋានរបស់ខ្លួននៅលើឆ្នេរកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ារហូតដល់យ៉ាងហោចណាស់ត្រឹមថ្ងៃច័ន្ទ។
សេវាឧទ្យានជាតិក៏បានបិទឧទ្យានជាតិ Joshua Tree និងអភិរក្សជាតិ Mojave ទាំងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីការពារភ្ញៀវទេសចរពីការជាប់គាំងក្នុងករណីទឹកជំនន់។
មន្ត្រីមូលដ្ឋាននៅតាមទីក្រុងនានាទូទាំងតំបន់ រួមទាំងក្នុងរដ្ឋ Arizona កំពុងផ្តល់បាវខ្សាច់ដល់ប្រជាពលរដ្ឋដែលស្វែងរកការការពារទ្រព្យសម្បត្តិរបស់ពួកគេប្រឆាំងនឹងទឹកជំនន់ដែលអាចកើតមាន។
ខ្យល់ព្យុះសង្ឃរា និងព្យុះត្រូពិចគឺជារឿងធម្មតានៅម៉ិកស៊ិកូ ប៉ុន្តែពេលវេលាចុងក្រោយដែលព្យុះត្រូពិចបានបោកបក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាគឺនៅឡុងប៊ិចក្នុងឆ្នាំ 1939 ។
អ្នកជំនាញនិយាយថា ព្រឹត្តិការណ៍អាកាសធាតុមិនប្រក្រតី ដែលកំពុងញាំញីសហរដ្ឋអាមេរិក និងតំបន់ជាច្រើននៅទូទាំងពិភពលោក កំពុងត្រូវបានជះឥទ្ធិពលដោយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីមនុស្ស។
បើយោងតាមអង្គការណាសា ដែលជាខែក្តៅបំផុតក្នុងកំណត់ត្រា ខែកក្កដា ឆ្នាំ២០២៣ ភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើបបានរីករាលដាលពាសពេញកោះហាវ៉ៃ កាលពីថ្ងៃទី ៨ ខែសីហា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១១ នាក់ ។
ការខូចខាតត្រូវបានកើនឡើងដោយសារតែខ្យល់ព្យុះសង្ឃរាបានឆ្លងកាត់តំបន់នោះ។