មេដឹកនាំរបស់កូរ៉េខាងជើង បានបង្កើតការបាញ់សាកល្បងកាំជ្រួច Cruise ខណៈសមយុទ្ធកូរ៉េខាងត្បូង-អាមេរិកកំពុងតែចាប់ផ្តើម

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយដែលមានឈ្មោះថា KCNA បាននិយាយកាលពីថ្ងៃច័ន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងនូវកាំជ្រួចនាវាចរណ៍យុទ្ធសាស្ត្រមួយប្រភេទ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលនាំឲ្យទីក្រុងព្យុងយ៉ាងមើលឃើញថា វាជាការហាត់សមសម្រាប់ការធ្វើសង្គ្រាម នេះបើយោងតាមរយៈការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី 21 ខែ សីហា​ ឆ្នាំ 2023។

តាមដានយើងតាមរយៈ Telegram CPN Daily

KCNA បាននិយាយថា លោក Kim បានទៅទស្សនាកងនាវាកងទ័ពជើងទឹក ដែលឈរជើងនៅឆ្នេរសមុទ្រភាគខាងកើត ដើម្បីត្រួតពិនិត្យការសាកល្បងនៅលើនាវាចម្បាំងមួយ តែក៏មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការធ្វើដំណើររបស់មេដឹកនាំផ្តាច់ការរូបនេះឡើយ។

KCNA បាននិយាយទៀតថា ការបាញ់បង្ហោះនេះមានគោលបំណងផ្ទៀងផ្ទាត់ “មុខងារប្រយុទ្ធរបស់កប៉ាល់ និងលក្ខណៈពិសេសនៃប្រព័ន្ធកាំជ្រួចរបស់វា” ខណៈពេលដែលការកែលម្អសមត្ថភាពរបស់នាវិកក្នុងការអនុវត្ត “បេសកកម្មដើម្បីវាយប្រហារក្នុងសង្គ្រាមជាក់ស្តែង” ដោយកត់សម្គាល់ថា កាំជ្រួចរបស់នាវានេះអាចវាយប្រហារ គោលដៅរបស់ខ្លួនបានខ្លាំងក្លាប៉ុណ្ណា។

KCNA ក៏បានរៀបរាប់ទៀតថា លោក Kim បានសរសើរកប៉ាល់សម្រាប់ការរក្សាបាននូវ “ការចល័តខ្ពស់ និងថាមពលដ៏ខ្លាំងក្លា និងការត្រៀមខ្លួនជានិច្ចសម្រាប់ការប្រយុទ្ធ ដើម្បីទប់ទល់នឹងស្ថានភាពណាមួយដែលកើតឡើងភ្លាមៗ” ។

ចំនែកឯក្រសួងការពារជាតិកូរ៉េខាងត្បូងវិញបាននិយាយថា ខ្លួនបានរកឃើញសញ្ញានៃការបាញ់បង្ហោះ ថែមទាំងមានការបញ្ជាក់ទៀតថា ការអះអាងនៅក្នុង KCNA គឺជាការ “បំផ្លើស” និង “ខុសពីការពិត” (ដោយមិនបានបញ្ជាក់លម្អិត)។

ការសាកល្បងកាំជ្រួចចុងក្រោយបំផុតបានកើតឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើម សមយុទ្ធរដូវក្តៅ Ulchi Freedom Shield កាលពីថ្ងៃច័ន្ទ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

យោធាកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនៅឆ្នាំនេះនឹងធ្វើឡើងក្នុង “ទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានពីមុនមក ដោយប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ពីភាគីទាំងសងខាង ក៏ដូចជាប្រទេសសមាជិកមួយចំនួននៃបញ្ជាការអង្គការសហប្រជាជាតិ។

លោកប្រធានាធិបតី Yoon Suk Yeol បាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងក្រោមសេណារីយ៉ូ ដែលអាចកើតមានជាច្រើនករណី បូករួមទាំងការវាយប្រហារតាមអ៊ីនធឺណិត ភេរវកម្ម និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតពីកូរ៉េខាងជើង។

លោក Yoon បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថា “សន្តិភាពពិតប្រាកដត្រូវបានថែរក្សាដោយកម្លាំងដ៏លើសលប់ មិនមែនដោយការសុំទានតែម្ខាង ឬដោយសុច្ឆន្ទៈតែម្ខាងនោះទេ”។

សមាជិកសភា កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ឬធ្វើសកម្មភាពយោធាផ្សេងទៀត ដើម្បីប្រឆាំងនឹងសមយុទ្ធរបស់សម្ព័ន្ធមិត្ត ឬ កិច្ចប្រជុំកំពូល កាលពីសប្តាហ៍មុន របស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។

ប្រទេសកូរ៉េខាងជើងបាននឹងកំពុងសាកល្បងនូវអ្វីដែលខ្លួនហៅថា “កាំជ្រួច Cruise យុទ្ធសាស្ត្រ” ដែល អ្នកវិភាគ មួយចំនួន បាននិយាយថា អាចនឹងត្រូវបានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងអំឡុងពេលពីរឆ្នាំកន្លងមកនេះ។  ព្រោះថាការធ្វើទំនើបកម្ម និងពង្រឹងកម្លាំងទ័ពជើងទឹករបស់កូរ៉េខាងជើងបានព្យាយាមបង្ហាញ ពីនាវាមុជទឹកគ្មានមនុស្សបើក សម្រាប់វាយប្រហារក្រោមទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរថ្មី កាលពីនៅក្នុងខែមីនា។

KCNA បាននិយាយថា នៅលើនាវានោះ លោក Kim បានប្តេជ្ញាពង្រឹងកងទ័ពជើងទឹកជាមួយនឹង “ប្រសិទ្ធភាពប្រយុទ្ធ និងមធ្យោបាយទំនើបដ៏ពេញលេញមួយនៅក្នុងផ្ទៃទឹក ថែមទាំងមានសមត្ថភាពវាយលុក និងការការពារក្រោមទឹក” ។

ក្នុងនោះផងដែរ ក៏មានការដកស្រង់សម្តីពីមេដឹកនាំកូរ៉េខាងជើងថា “យើងនឹងធ្វើឱ្យមានការជំរុញដល់ទំនើបកម្មនៃអាវុធ និងឧបករណ៍កងទ័ពជើងទឹក រួមទាំងការកសាងនាវាចម្បាំងដ៏មានឥទ្ធិពល និងការអភិវឌ្ឍន៍នាវា ដែលមានប្រព័ន្ធអាវុធក្រោមទឹកថែមទៀតផង” ។

Reporter:
scroll to top