បន្ទាប់ពីការពន្យាពេលជាច្រើនលើក ទីបំផុតអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានត្រឡប់មកដល់ប្រទេសថៃវិញហើយ បន្ទាប់ពីលោកបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ ហើយបានបង្ហាញខ្លួនមួយភ្លែត នៅមុខចំណតយន្តហោះឯកជន នៅអាកាសយានដ្ឋាន ដនមឿង កាលពីព្រឹកថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ត។
យន្តហោះឯកជនរបស់លោកបានចុះចតនៅអាកាសយានដ្ឋានដនមឿងប្រហែលម៉ោង ៩ ព្រឹកថ្ងៃអង្គារ គឺស្របទៅតាមការគ្រោងទុក។ ហើយអ្នកគាំទ្រ និងឥស្សរជននយោបាយសំខាន់ៗរាប់ពាន់នាក់ ដែលភាគច្រើនមកពីគណបក្សភឿថៃ កំពុងរង់ចាំស្វាគមន៍គាត់នៅខាងក្រៅចំណតយន្តហោះឯកជន MJETs នៅព្រលានយន្តហោះក្នុងទីក្រុងបាងកក។
នៅវេលាម៉ោងប្រហែល 9.25 នាទីព្រឹក លោកថាក់ស៊ីន បានស្លៀកពាក់ឈុតពណ៌ខៀវខ្មៅ និងខ្សែកពណ៌ផ្កាឈូក បានដើរចេញពីខាងមុខចំណតយន្តហោះឯកជនជាមួយនឹកកូនបីនាក់របស់គាត់។ ខណៈនោះផងដែរលោក ថាក់ស៊ីន ក៏បានគោរពព្រះបរមរូបរបស់ព្រះមហាក្សត្រ ដែលដាក់នៅក្បែរច្រកចូលមុនការមកដល់។
បន្ទាប់មក លោកបានគ្រវីដៃទៅកាន់អ្នកគាំទ្រ ដោយទឹកមុខញញឹមស្រស់ស្រាយ។ លោកថាក់ស៊ីន បានដើរទៅស្វាគមន៍ឥស្សរជននយោបាយសំខាន់ៗ ដែលភាគច្រើនមកពីគណបក្សភឿថៃ ដែលកំពុងរង់ចាំដោយស្នាមញញឹមនៅជិតច្រកចូលស្ថានីយផងដែរ។
តែទន្ទឹមនឹងនោះក៏មានសេចក្តីរាយការណ៍មកមុននេះថា លោកនឹងត្រូវបញ្ជូនទៅតុលាការកំពូល ក្បែរព្រះបរមរាជវាំង ដើម្បីចាត់ការតាមនីតិវិធី ដោយពាក់ព័ន្ធនឹងការផ្តន្ទាទោសរបស់លោក។
ចាប់តាំងពីត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2006 លោកថាក់ស៊ីនបានរស់នៅក្នុងនិរទេសដោយខ្លួនឯង លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសក្នុងឆ្នាំ 2008 តែប៉ុណ្ណោះ។ ក្នុងអំឡុងពេលអវត្តមានរបស់គាត់ នាយកដ្ឋានព្រហ្មទណ្ឌរបស់តុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយបានកាត់ទោសឱ្យគាត់ជាសរុបចំនួន 12 ឆ្នាំនៅក្នុងពន្ធនាគារក្នុង 4 ករណី។
លក្ខន្តិកៈនៃការកំណត់សម្រាប់សេចក្តីសម្រេចរបស់តុលាការលើសំណុំរឿងទី២ ទី៣ និងទី៤ មិនទាន់ផុតកំណត់ទេ។