យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត នៅទី22 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា កិច្ចប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីល្ងាចថ្ងៃអង្គារ បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ដែលជាបេក្ខជន នៃគណបក្សភឿថៃ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ជាមួយនឹងសម្លេងគាំទ្ររហូតដល់ទៅ ៤៨២ ហើយ ១៦៥ សម្លេងបានប្រឆាំងលោក និង ៨១ សម្លេងទៀតជាអនុប្បវាទ។
ដោយក្នុងនោះ មានតំណាងសភាជាប់ឆ្នោតចំនួន 500 នាក់ បច្ចុប្បន្នសមាជិកព្រឹទ្ធសភាចំនួន 249 នាក់ត្រូវបានគេតែងតាំង។ ក្នុងចំណោមសំឡេងឆ្នោតទាំង៤៨២សម្រាប់លោក Srettha Thavisin គឺមាន ៣៣០ រូប ជាតំណាងរាស្រ្ត និង១៥២រូបជាសមាជិកព្រឹទ្ធសភា។ ទន្ទឹមនឹងនោះក្នុងចំណោម ១៦៤ សំឡេងដែលប្រឆាំងលោក គឺមាន ១៥២ សំឡេងជាតំណាងរាស្រ្ត និង ១២ រូបជាសមាជិកព្រឹទ្ធសភា។ ចំនែកឯអនុបវាទចំនួន ៨១រូបវិញ គឺមានតំណាងរាស្ត្រ១៣រូប និងសមាជិកព្រឹទ្ធសភា ៦៨ រូប។
សម័យប្រជុំសភាសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រី បានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ។ ហើយនៅម៉ោងប្រហែល 11 ព្រឹក មេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត Cholnan Srikaew បានតែងតាំងលោក Srettha Thavisin ដែលជាមហាសេដ្ឋីអចលនទ្រព្យ ជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់ ហើយការជជែកដេញដោលពាក់ព័ន្ធនឹងតំណាងជាប់ឆ្នោត និងតែងតាំងសមាជិកព្រឹទ្ធសភាអំពីលក្ខណៈសម្បត្តិរបស់លោក Srettha Thavisin សម្រាប់ការងារនេះជាមុនសិន។
តំណាងរាស្រ្តជាច្រើនរូបបាននិយាយថា លោក Srettha Thavisin គួរតែចូលរួមសម័យប្រជុំ ដើម្បីណែនាំខ្លួន និងគោលនយោបាយរបស់លោក ជាពិសេសនោះ លោកក៏គួរតែបញ្ជាក់ពីភាពស្អាតស្អំរបស់លោក ចំពោះការចោទប្រកាន់ចំពោះគាត់នាពេលថ្មីៗនេះ ព្រោះថាលោកគឺជាមនុស្សតែម្នាក់ដែលត្រូវបានគេតែងតាំងសម្រាប់មុខតំណែងសំខាន់ក្នុងការគ្រប់គ្រងជាតិ។
យ៉ាងណាមិញ នៅពេលដែលបោះឆ្នោតកាលពីសៀលនេះ គឺមានតំណាងរាស្រ្តមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីការចោទប្រកាន់ លោក Srettha Thavisin ពីការគេចវេស ក្នុងការបង់ពន្ធជូនរដ្ឋ ដោយកាលនោះលោក គឺជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Sansiri Plc។
សមាជិកព្រឹទ្ធសភាម្នាក់ លោក Wiwat Saengsuriyachat បាននិយាយថា លោកមានចំណេះដឹងតិចតួចអំពីលោក Srettha Thavisin ហើយគណបក្សភឿថៃ មិនបានចែកចាយប្រវត្តិរូបជាលាយលក្ខណ៍អក្សរ នៃបេក្ខជនរបស់ពួកគេដល់សមាជិកសភាមុនការតែងតាំងជានាយករដ្ឋមន្ត្រីនោះទេ។
លោក Wiwat បាននិយាយថា “ខ្ញុំទើបតែបានឃើញរបាយការណ៍ព័ត៌មានអំពីគាត់ ហើយវាគឺជារឿងដែលមានការចោទប្រកាន់ជាច្រើនប្រឆាំងនឹងគាត់” ។
ចំនែកឯលោក Suratin Pijarn ប្រធានគណបក្សប្រជាធិបតេយ្យថ្មីបានថ្លែងថា លោកមិនបានដឹងព័ត៌មានលម្អិតអំពីលោក Srettha Thavisin ទេ លោកគ្រាន់តែដឹងថា បេក្ខជននាយករដ្ឋមន្ត្រីរូបនេះ គឺជាអ្នកសាងសង់ផ្ទះសម្រាប់លក់។
គាត់ក៏បានចោទជាសំនួរឡើងថា «តើយើងត្រូវបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដូចជាយើងទិញផលិតផលតាមអ៊ីនធឺណិតដែរឬទេ?»
ទីបំផុតនៅម៉ោង 2.50 រសៀល មេដឹកនាំគណបក្សភឿថៃ លោក ឆុលណាន បាននិយាយថា គណបក្សរបស់លោកបានដឹងពីការចោទប្រកាន់លើលោក Srettha Thavisin ប៉ុន្តែក្រុមមេធាវីរបស់យើងបានស៊ើបអង្កេតលើរឿងនេះរួចហើយ តែរកមិនឃើញភស្តុតាងណាមួយ ដែលបង្ហាញថាលោក Srettha Thavisin បានបំពានច្បាប់នោះទេ។
លោក បណ្ឌិត ជុន ណាន បានមានប្រសាសន៍ថា “ការចោទប្រកាន់នេះមិនត្រូវបានគេបង្ហាញឲ្យឃើញទេ ដូច្នេះលោក Srettha Thavisin ត្រូវបានចាត់ទុកថា ជាមនុស្សគ្មានកំហុស និងមានស្មោះត្រង់”។
ប្រធានសភាលោក Wan Muhamad Noor Matha បានបញ្ចប់ការជជែកដេញដោលលើលក្ខណៈសម្បត្តិរបស់លោក Srettha Thavisin នៅម៉ោង ៣ និង ១១ នាទីរសៀល ហើយបានចាប់ផ្តើមការបោះឆ្នោតដោយហៅឈ្មោះសមាជិកសភា និងសមាជិកព្រឹទ្ធសភារៀងៗខ្លួន។
លទ្ធផលបោះឆ្នោតត្រូវបានប្រកាសនៅម៉ោង៥និង៤០នាទីល្ងាច។ ប្រធានសភា លោកគ្រូ Wan នឹងប្រកាសតំណែងនាយករដ្ឋមន្រ្តីថ្មីដែលជាប់ឆ្នោត ដោយរង់ចាំការអនុម័តពីព្រះមហាក្សត្រជាមុនសិន។