យោងតាមការចុះផ្សាយរបស់ AP នៅថ្ងៃទី 24 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា រដ្ឋបាលរបស់ លោក Joe Biden បានយល់ព្រមលក់អាវុធចំនួន 500 លានដុល្លារសហរដ្ឋអាមេរិច ទៅឱ្យតៃវ៉ាន់ ខណៈដែលខ្លួនកំពុងតែព្យាយាមបង្កើនជំនួយផ្នែកយោធាទៅដល់កោះមួយនេះ បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីប្រទេសចិនយ៉ាងណាក៏ដោយ។
ក្រសួងការបរទេសរបស់អាមេរិចបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើការលក់ប្រព័ន្ធតាមដានស្វែងរកអ៊ីនហ្វ្រារ៉េដ រួមជាមួយនឹងឧបករណ៍ពាក់ព័ន្ធសម្រាប់យន្តហោះចម្បាំងទំនើប F-16 ជាដើម។ ការលក់នេះរួមមានប្រព័ន្ធអ៊ីនហ្វ្រារ៉េដ ក៏ដូចជាជំនួយការសាកល្បង និងឧបករណ៍ កម្មវិធីកុំព្យូទ័រ និងគ្រឿងបន្លាស់ផ្សេងៗជាច្រើនទៀត។ ថ្វីបើកិច្ចព្រមព្រៀងនេះមានលក្ខណៈតិចតួច តែបើប្រៀបធៀបទៅនឹងការលក់សព្វាវុធពីមុន ទង្វើនេះទំនងជាអាចទាក់ទាញការរិះគន់យ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ដែលពួកគេចាត់ទុកតៃវ៉ាន់ជាខេត្ត ដែលគ្រប់គ្រងខ្លួនឯង និងបដិសេធមិនព្រមបង្រួបបង្រួមវាជាមួយចិនដីគោកឡើងវិញ។
ក្រសួងការបរទេសអាមេរិចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការលក់ដែលបានស្នើឡើងនេះគឺបម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់អ្នកទទួល ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងដើម្បីរក្សានូវសមត្ថភាពការពារដ៏គួរឱ្យទុកចិត្ត” ។
“ការលក់ដែលបានស្នើឡើងនឹងធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់អ្នកទទួលក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត។ ដោយការរួមចំណែកដល់សមត្ថភាពរបស់អ្នកទទួល ដើម្បីការពារដែនអាកាសរបស់ខ្លួន ការផ្តល់សន្តិសុខក្នុងតំបន់ និងបង្កើនអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកតាមរយៈកម្មវិធី F-16 របស់ខ្លួន”។
សេចក្តីប្រកាសនេះបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ គឺបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានសន្យាជាថ្មី ដើម្បីពង្រឹងការការពារស្វ័យការពាររបស់កោះតៃវ៉ាន់ ខណៈដែលលោកស្រីបានទៅទស្សនាវិមានអនុស្សាវរីយ៍សង្រ្គាម គឺជាពេលវេលាចុងក្រោយដែលតៃវ៉ាន់ និងចិនបានប្រយុទ្ធគ្នា។ លោកស្រី Tsai បានទៅលេងកោះ Kinmen ជាកន្លែងដែលជម្លោះត្រូវបានប្រយុទ្ធកាលពី 65 ឆ្នាំមុន ដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនោះ។
គួររំលឹកផងដែរថា សេចក្តីប្រកាសរបស់ក្រសួងការបរទេសកាលពីថ្ងៃពុធក៏ធ្វើឡើង បន្ទាប់ពីមានការខឹងសម្បាររបស់ចិនចំពោះការឆ្លងកាត់សហរដ្ឋអាមេរិករបស់អនុប្រធានាធិបតីតៃវ៉ាន់លោក William Lai ក្នុងដំណើររបស់គាត់ទៅ និងមកពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសប៉ារ៉ាហ្គាយកាលពីសប្តាហ៍មុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្នុងដែនទឹក និងអាកាស ជុំវិញកោះតៃវ៉ាន់ ដោយបានបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកនៅជិតកោះនេះ ឬដើម្បីឡោមព័ទ្ធ ដើម្បីបន្លាចប្រជាជន មុនពេលដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នឹងប្រព្រឹត្តទៅនៅខែ មករា។ (AP)