យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីថ្ងៃទី 26 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសឥណ្ឌាបានចេញវិធានការទប់ស្កាត់លើការនាំចេញអង្ករបន្ថែមទៀត ដើម្បីធានាបាននូវសន្តិសុខស្បៀងអាហារសម្រាប់ប្រទេសរបស់ខ្លួន។
បើយោងតាមការជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃសុក្របាននិយាយថា រដ្ឋាភិបាលខ្លួនបានយកពន្ធនាំចេញ 20 ភាគរយ លើអង្ករ parboiled ដោយទទួលបាននូវប្រសិទ្ធភាពភ្លាមៗ ហើយការរាយការខាងលើនេះ ក៏ត្រូវបានបញ្ជាក់ឡើងវិញដោយ Bloomberg News ផងដែរ។
តាមប្រភពខាងដដែលបានឲ្យដឹងទៀតថា ឥឡូវនេះ ប្រទេសឥណ្ឌាបានរឹតបន្តឹងការលក់ទៅក្រៅប្រទេស នូវពូជដែលមិនមែនជា parboiled ទាំងអស់ ដែលមានប្រហែល 80 ភាគរយនៃការនាំចេញអង្ករសរុបរបស់ខ្លួន។ ប្រភពមួយនេះបាននិយាយទៀតថា ខ្លួនគឺបានរួមចំនែកខាងផ្នែកពាណិជ្ជកម្មពិភពលោក សម្រាប់ការផ្គត់ផ្គង់អង្ករគឺមានចំនួនប្រហែល៤០ ភាគរយ។
បច្ចុប្បន្នតម្លៃអង្ករនៅក្នុងអាស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីដើមខែនេះ ហើយវានឹងអាចកើនឡើងបន្ថែមទៀត ដោយសារតែការបង្កើនការចំណាយសម្រាប់អ្នកនាំចូលដូចជា ប្រទេសហ្វីលីពីន និងប្រទេសអាហ្វ្រិកមួយចំនួនជាដើម។
ចំពោះវិធានការនៃការពារនាពេលថ្មីៗនេះ ឥណ្ឌាបានបង្កើនកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងការធ្វើឱ្យតម្លៃម្ហូបអាហារក្នុងស្រុកមានតុល្យភាព មុនពេលការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយដែលនឹងខិតជិតមកដល់ ហើយវាគឺជាពេលដែល លោកនាយករដ្ឋមន្ត្រី Narendra Modi កំពុងតែស្វែងរកអាណត្តិទីបី។
លោក BV Krishna Rao ប្រធានសមាគមអ្នកនាំចេញអង្ករបានថ្លែងថា៖ «ជាមួយនឹងវិធានការនេះ វាបានធ្វើឲ្យតម្លៃទីផ្សានៅក្នុងស្រុកនឹងធ្លាក់ចុះ ហើយវានឹងជួយរដ្ឋាភិបាលក្នុងការគ្រប់គ្រងអតិផរណាស្បៀងអាហារបានយ៉ាងល្អ»។ “ប៉ុន្តែចំពោះតម្លៃសកលវិញ នឹងមានការកើនឡើង ហើយអ្នកទិញទាំងអស់នឹងរងផលប៉ះពាល់នៃការកើនឡើងមួយនេះ។ ស្ថានភាពមួយនេះផងដែរ វាក៏អាចនាំមកនូវការចរចាឡើងវិញរវាងអ្នកទិញ និងអ្នកលក់លើកិច្ចសន្យាមួយចំនួន។
អង្ករគឺជាអាហារចម្បងសម្រាប់ប្រជាជន ប្រហែលជាពាក់កណ្តាលនៃចំនួនប្រជាជននៅក្នុងពិភពលោក។ គួរបញ្ជាក់ផងដែរថា ការទប់ស្កាត់របស់ប្រទេសឥណ្ឌា បានកើតឡើង ស្របពេលដែលតម្លៃស្បៀងអាហារនៅលើពិភពកាន់តែមានការកើនឡើង ដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងដោយសារការប្រែប្រួលនៃអាកាសធាតុនៅទូទាំងពិភពលោក វាបានគំរាមកំហែងដល់ការផ្គត់ផ្គង់ដល់ផ្នែកស្បៀងអាហារ និងគ្រាប់ធញ្ញជាតិថែមទៀតផង។
បច្ចុប្បន្នពិភពលោកមានការព្រួយបារម្ភថា ចំណាត់ការរបស់ប្រទេសឥណ្ឌាក្នុងការធានាសន្តិសុខស្បៀងក្នុងស្រុក នឹងប៉ះពាល់ដល់ប្រទេសក្រីក្រមួយចំនួន ដែលពួកគេនៅតែតស៊ូដើម្បីងើបឡើងវិញពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលកើតឡើងដោយសារ Covid។
យ៉ាងណាមិញ ចំពោះអង្ករសំរូប មានប្រហែលមួយភាគបីនៃការនាំចេញអង្ករ សរុបរបស់ប្រទេសឥណ្ឌា គឺបានហាមឃាត់ការនាំអង្ករសធម្មតា ដែលមិនមែនជាអង្ករបាម៉ាទី។ ក្នុងនោះផងដែរឥណ្ឌា ក៏ងមានការទប់ស្កាត់ការនាំចេញស្រូវសាលី និងស្ករ ជាពិសេសគឺការដាក់កម្រិត លើការស្តុកទុកដំណាំមួយចំនួនថែមទៀតផង។ ប្រទេសឥណ្ឌាក៏កំពុងពិចារណាលុបចោលពន្ធនាំចូល 40 ភាគរយលើស្រូវសាលី ប៉េងប៉ោះ ខ្ទឹមបារាំង និងគ្រាប់ធញ្ញជាតិពីទុនបំរុងរបស់រដ្ឋ ដើម្បីកែលម្អការផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត។
សម្រាប់ប្រភេទអង្ករ Parboiling គឺជាដំណើរការមួយដែលពាក់ព័ន្ធនឹងដំណើរការនៃស្រូវមុនពេលកិន ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភរបស់វា និងផ្លាស់ប្តូរវាយនភាពនៃអង្ករឆ្អិន។ ភោជនីយដ្ឋានខ្លះបានប្រើបាយចំហុយ ព្រោះវាស្អាតហើយងាយចម្អិន។
ខណៈពេលដែលការបង់ពន្ធលើអង្ករ parboiled គឺកាន់តែទទួលបាននូវប្រសិទ្ធភាពកាលពីថ្ងៃសុក្រ។ ចំពោះអ្នកនាំចេញ ដែលមានលិខិតឥណទានត្រឹមត្រូវវិញ នឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺក្នុងករណីដែលពាណិជ្ជករបានបញ្ជាទិញមុន ពេលដែលរដ្ឋាភិបាលបានចេញសេចក្តីប្រកាសតែប៉ុណ្ណោះ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុ។