តុលាការ​អ៊ីរ៉ង់ ​បង្គាប់​ឱ្យ​អាមេរិក​ បង់ប្រាក់ ​៣៣០​លាន​ដុល្លារ​ សម្រាប់ «​ការធ្វើ​ផែនការ​រដ្ឋប្រហារ​» 

តុលាការរបស់ប្រទេសអ៊ីរ៉ុង បានបញ្ជាឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង់ប្រាក់សំណងចំនួន 330 លានដុល្លារ សម្រាប់ “ការធ្វើផែនការរដ្ឋប្រហារ” ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ដែលទើបនឹងបង្កើតនៅឆ្នាំ 1980 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VOA កាលពីថ្ងៃទី 26 ខែសីហា​ ឆ្នាំ 2023។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅមួយឆ្នាំបន្ទាប់ពីបដិវត្តន៍អ៊ីស្លាមក្នុងឆ្នាំ 1979 បានផ្តួលរំលំពួក Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយក្រុមមន្ត្រីកងទ័ពបះបោលភាគច្រើន បានព្យាយាមផ្តួលរំលំរដ្ឋាភិបាលថ្មីដូចគ្នាដែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថា “ពួកបះបោរ” ត្រូវបានដឹកនាំដោយ Saeed Mahdiyoun គឺជាអតីតមេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ និងមានទីស្នាក់ការកណ្តាលរបស់ពួកគេនៅ Nojeh ដែលជាមូលដ្ឋានទ័ពអាកាសនៅខេត្ត Hamedan ភាគខាងលិច។

ដោយកាលនោះមនុស្ស​ជា​ច្រើន​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ​រវាង​អ្នក​គ្រោង​ធ្វើ​រដ្ឋ​ប្រហារ ​និង​កង​កម្លាំង​រដ្ឋាភិបាល។

IRNA បាននិយាយថា “គោលបំណងរបស់ពួកគេ គឺដើម្បីដណ្តើមការគ្រប់គ្រងមូលដ្ឋានយោធានៅទូទាំងប្រទេស និងកំណត់គោលដៅឲ្យក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងលំនៅដ្ឋានរបស់មេដឹកនាំបដិវត្តន៍។

ប៉ុន្តែបើ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ គឺត្រូវបានរារាំង”។

នៅក្នុងគេហទំព័រមួយដែលមានឈ្មោះថា Mizan Online បាននិយាយថា កាលពីឆ្នាំមុន សាច់ញាតិរបស់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ​ បានដាក់ញត្តិផ្លូវច្បាប់ទៅតុលាការអន្តរជាតិរបស់អ៊ីរ៉ង់ ដើម្បីទាមទារការខូចខាត។ ហើយពួកគេ​បាន​ចោទ​ជា​ពិសេស​ ទៅលើសហរដ្ឋ​អាមេរិក​តែម្តង ដោយមានការអះអាងថា អាមេរិកគឺជាអ្នក​រៀបចំ​ផែនការ និង​អនុវត្តការធ្វើ​រដ្ឋប្រហារ។

ហើយរឿងនេះ ត្រូវបានតុលាការអ៊ីរ៉ុង​សម្រេច​​ចិត្ត​ដោយ​បញ្ជា​ឱ្យ​ “រដ្ឋាភិបាល​អាមេរិក​បង់​ប្រាក់​ដល់​ដើម​ចោទ​ចំនួន 30 លាន​ដុល្លារ ​ជា​ប្រាក់​ដែលបង់លើការខូចខាត​ខាង​សម្ភារៈ និង​សីលធម៌ និង 300 លាន​ដុល្លារទៀត គឺ​ជា​ប្រាក់​ពិន័យ”។

គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតនោះទេ បើគិតចាប់តាំងពីក្រោយបដិវត្តន៍ឆ្នាំ ១៩៧៩ មកម្ល៉េះ។

ប៉ុន្តែបើយើងក្រឡែកទៅមើលកាលពីឆ្នាំ 1953 វិញ សេវាស៊ើបការណ៍សម្ងាត់បាននិយាយថា អង់គ្លេស និងសហរដ្ឋអាមេរិកបានរៀបចំក្នុងការផ្តួលរំលំនាយករដ្ឋមន្ត្រី Mohammad Mossadegh ដែលបានធ្វើជាតូបនីយកម្មឧស្សាហកម្មប្រេងដែលរកកម្រៃបានច្រើនរបស់អ៊ីរ៉ង់។

ហើយក្នុងឆ្នាំ 2016 តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានបញ្ជាឱ្យទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅសហរដ្ឋអាមេរិកគួរតែត្រូវបានបង់ទៅឱ្យជនរងគ្រោះនៃការវាយប្រហារ ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាវាជាទោសកំហុសរបស់ទីក្រុងតេអេរ៉ង់ រួមទាំងការទម្លាក់គ្រាប់បែកកាលពីឆ្នាំ 1983 លើបន្ទាយទាហ៊ានម៉ារីនអាមេរិកនៅក្នុងទីក្រុងបេរូត និងការបំផ្ទុះក្នុងឆ្នាំ 1996 នៅអារ៉ាប៊ីសាអូឌីត។

ចំនែកនៅក្នុងខែមីនាឆ្នាំនេះ តុលាការយុត្តិធម៌អន្តរជាតិបានកាត់ក្តីថា ការបង្កកមូលនិធិរបស់ទីក្រុងវ៉ាស៊ីនតោន ដែលជាកម្មសិទ្ធិរបស់បុគ្គល និងក្រុមហ៊ុនជាច្រើនដែលស្ថិតនៅអ៊ីរ៉ង់ វាគឺជារឿង “មិនសមហេតុផល” ។

ប៉ុន្តែអ៊ីរ៉ុង​បានឆ្លើយតបវិញ​ថា អ្វីទាំងនេះគឺមកពីពួកយើង ​គ្មានលទ្ធភាពគ្រប់គ្រាន់​ក្នុងការ​យក​ទ្រព្យសម្បត្តិ​ដែលមានតម្លៃជិត ២ ពាន់​លាន​ដុល្លាររបស់យើង ពីធនាគារកណ្តាលអ៊ឺរ៉ុប ​ដែលវាត្រូវបាន​បង្កក​ដោយ​សហរដ្ឋអាមេរិក។

Reporter:
scroll to top