ក្រសួងត្រួតពិនិត្យចំណីអាហាររបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងបានចាប់ផ្តើមការត្រួតពិនិត្យពិសេសមួយទៅលើការសម្គាល់ប្រទេសដើម សម្រាប់ផលិតផលអាហារសមុទ្រ ដែលបាននាំចូល ដើម្បីបំបាត់ការព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈ បន្ទាប់ពីប្រទេសជប៉ុនបានបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមការចេញផ្សាយរបស់កាសែតកូរ៉េខាងពីថ្ងៃទី 28 ខែសីហា ឆ្នាំ2023។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម “ព្យាបាល” ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ ដែលជាហេតុនាំឲ្យពិភពលោកកំពុងតែមានការព្រួយបារម្ភ និងមានការប្រឆាំងជាច្រើន ដែលលើកឡើងដោយប្រជាជននេសាទរបស់ខ្លួន និងប្រទេសជិតខាង។ ចំពោះការធ្វើអធិការកិច្ចរយៈពេល 100 ថ្ងៃ គឺសំដៅទៅលើការត្រួតពិនិត្យមើលរាល់អ្នកនាំចូល អ្នកចែកចាយ និងអ្នកលក់រាយ ត្រូវតែមានការកត់សម្គាល់ឲ្យបានត្រឹមត្រូវពីប្រភពដើមនៃមុខទំនិញគ្រឿងសមុទ្រសំខាន់ៗ ដែលមកពីក្រៅប្រទេសដូចជា ខ្យង ប្រហិតសមុទ្រ និងប្រម៉ោយសមុទ្រជាដើម ដើម្បីធានាបានថាតើគ្រឿងសមុទ្រទាំងអស់នោះមានប្រភពមកពីតំបន់ដែលមានបញ្ហាហ្វូគូស៊ីម៉ាដែរឬទេ?
បច្ចុប្បន្ន “រដ្ឋាភិបាលគ្រប់ប្រទេស ដែលជាប្រទេសជិតខាងជប៉ុន បាននឹងកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។ យ៉ាងណាមិញ រដ្ឋាភិបាលរបស់កូរ៉េខាងត្បូង នឹងធ្វើការស៊ើបអង្កេតជាពិសេសមួយក្នុងករណីគ្រឿងសមុទ្រដែលនាំចូល វាគឺជារឿងដែលមិនធ្លាប់មានពីមុនមក ខណៈដែលការព្រួយបារម្ភកំពុងកើនឡើងលើប្រព័ន្ធចែកចាយរបស់ជប៉ុន និងអាហារសមុទ្រដែលនាំចូលផ្សេងៗជាច្រើនទៀត។
ប្រទេសកូរ៉េបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ ពីខេត្តចំនួនប្រាំបីរបស់ប្រទេសជប៉ុននៅជិត Fukushima ក្នុងឆ្នាំ 2013 ព្រោះថ្នាក់ដឹកនាំមានការព្រួយបារម្ភអំពីកម្រិតវិទ្យុសកម្មរបស់ពួកគេ បន្ទាប់ពីឧប្បត្តិហេតុ ក្នុងឆ្នាំ 2011 ។
ខាងប្រទេសកូរ៉េបាននិយាយថា ខ្លួននឹងមិនដកការទប់ស្កាត់ការនាំចូលឡើយ ព្រោះសុវត្ថិភាព និងសុខភាពរបស់ប្រជាជនមិនអាចត្រូវបានគេធ្វើឱ្យខូចខាត។
តែវាគឺជាការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើកទីពីរចំពោះគ្រឿងសមុទ្រ ដែលនាំចូលបន្ទាប់ពីជុំទីមួយដែលបានធ្វើឡើងនៅក្នុងខែឧសភា និងខែមិថុនា ហើយរដ្ឋាភិបាលនឹងកៀរគរបុគ្គលិកទាំងអស់ រួមជាមួយស្ថាប័នឯកជនពាក់ព័ន្ធ សកម្មជនពលរដ្ឋ និងអ្នកជំនាញ។ យោងតាមក្រសួងបានឱ្យដឹងថា ហាង និងមជ្ឈមណ្ឌលចែកចាយប្រហែល 20,000 នឹងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយរដ្ឋាភិបាលនឹងបង្កើនចំនួននៃការត្រួតពិនិត្យ ដោយក្រុមអធិការកិច្ច នឹងទៅកាន់ហាងដោយផ្ទាល់។ សម្រាប់អ្នកលក់ ដែលខកខានមិនបានសម្គាល់ប្រទេសដើមអាចប្រឈមនឹងការផាកពិន័យរហូតដល់ 10 លានវ៉ុន (7,600 ដុល្លារ) ហើយអ្នកដែលក្លែងបន្លំអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 7 ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ 100 លានវ៉ុន។
បើយោងតាមប្រភពមួយបាននិយាយថា “ការត្រួតពិនិត្យរយៈពេល 100 ថ្ងៃនឹងធ្វើឡើងតាមរបៀប ដែលមិនធ្លាប់មានពីមុនមក ដើម្បីឱ្យប្រជាជនអាចទិញនិងបរិភោគអាហារសមុទ្រ ដែលមានសុវត្ថិភាពដោយគ្មានការព្រួយបារម្ភ” ។
ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ ប្រទេសកូរ៉េបាននាំចូលអាហារសមុទ្រពីប្រទេសជប៉ុនចំនួន 10,710 តោន ដែលស្មើនឹង 2 ភាគរយនៃការនាំចូលអាហារសមុទ្រសរុបរបស់ប្រទេស។ កាលពីខែឧសភា និងមិថុនា រដ្ឋាភិបាលបានត្រួតពិនិត្យបណ្តាញចែកចាយក្នុងស្រុកនៃអាហារសមុទ្រជប៉ុន និងចាប់បានអ្នកលក់រាយចំនួន 158 នាក់ ពីបទមិនអនុវត្តត្រឹមត្រូវ ឬគ្មានប្រភពដើម។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបាននិយាយថា កម្រិតវិទ្យុសកម្មនៅក្នុងទឹកនៅជិតប្រទេសកូរ៉េ នៅតែទាបជាងស្តង់ដារសម្រាប់ទឹកដែលអាចផឹកបានកំណត់ដោយអង្គការសុខភាពពិភពលោក (WHO)។
អ្វីដែលរដ្ឋាភិបាលកូរ៉េកំពុងអនុវត្តន៍នៅពេលនេះ វាគឺជាការសាកល្បងលើកដំបូងដែលធ្វើឡើងនៅលើទីតាំងចំនួន 15 នៅក្នុងតំបន់ចំនួន 3 នៃដែនទឹករបស់ប្រទេសកូរ៉េ បន្ទាប់ពីការបញ្ចេញទឹករបស់ប្រទេសជប៉ុន។