ហ្វីលីពីន បានក្លាយទៅជាប្រទេសជិតខាងចុងក្រោយបង្អស់របស់ចិន ដែលជំទាស់នឹង ផែនទីជាតិថ្មីរបស់ខ្លួន ដោយបានចូលរួមជាមួយម៉ាឡេស៊ី និងឥណ្ឌា ក្នុងការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ទីក្រុងប៉េកាំងថាបានរំលោភលើទឹកដីរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយរបស់ CNN កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។
យោងតាមប្រភពបានឲ្យដឹងទៀតថា ប្រទេសចិនបានចេញផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួនកាលពីថ្ងៃច័ន្ទ គឺដូចអ្វីដែលខ្លួនបានធ្វើជាទៀងទាត់ចាប់តាំងពីឆ្នាំ 2006 ដើម្បីកែតម្រូវនូវអ្វីដែលទីក្រុងប៉េកាំងមានកាលពីអតីតកាលដែលហៅថា “ផែនទីបញ្ហា” ហើយរឿងនេះ ចិនតែងតែអះអាងថា វាជាកំហុសលើព្រំដែនទឹកដីរបស់ខ្លួន។
ប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបាន “ច្រានចោល” ផែនទីដោយសារតែការដាក់បញ្ចូលបន្ទាត់ដាច់ ៗ ជុំវិញតំបន់ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង ដែលជាកម្មវត្ថុនៃសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្នុងឆ្នាំ 2016 ដែលអាចនិយាយបានថា ទីក្រុងម៉ានីលគឺពេញចិត្តចំពោះការសម្រេចមួយនោះ។
នាយកដ្ឋានកិច្ចការបរទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនទីនេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតក្នុងការធ្វើឱ្យស្របច្បាប់នូវអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសចិន មកលើលក្ខណៈពិសេសរបស់ហ្វីលីពីន ដូចជាតំបន់ដែនសមុទ្រហើយមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិនោះទេ” ។
រីឯប្រទេសឥណ្ឌាវិញ គឺជាប្រទេសដំបូងគេដែលបានត្អូញត្អែរកាលពីថ្ងៃអង្គារនៅពេលដែលខ្លួនបានធ្វើការតវ៉ាយ៉ាងខ្លាំងអំពីការដាក់បញ្ចូលរដ្ឋ Arunachal Pradesh របស់ឥណ្ឌា និងខ្ពង់រាប Aksai-Chin ដែលមានជម្លោះនៅក្នុងទឹកដីចិន។
បន្ទាប់មករដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Arindam Bagchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ យើងបានធ្វើការតវ៉ាយ៉ាងខ្លាំង តាមរយៈបណ្តាញការទូតជាមួយភាគីចិន លើអ្វីដែលហៅថា “ផែនទីស្តង់ដារ” ឆ្នាំ 2023 របស់ប្រទេសចិន ដែលកំពុងតែទាមទារចង់បានទឹកដីរបស់ប្រទេសឥណ្ឌា។ «យើងសូមបដិសេធការអះអាងទាំងនេះ ព្រោះវាគ្មានមូលដ្ឋាននោះទេ»។
ក្រសួងការបរទេសម៉ាឡេស៊ីក៏បានច្រានចោលការអះអាងជាឯកតោភាគីរបស់ចិនផងដែរ ដោយបន្ថែមថា ប្រជាជាតិអាស៊ីអាគ្នេយ៍ “គឺស្របនឹងជំហររបស់ខ្លួនក្នុងការបដិសេធការអះអាងរបស់ភាគីបរទេសណាមួយចំពោះអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងយុត្តាធិការលើលក្ខណៈដែនសមុទ្ររបស់ម៉ាឡេស៊ី”។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានច្រានចោលការតវ៉ានេះ ដោយនិយាយថា ការកែប្រែនេះគឺជា “ការអនុវត្តជាប្រចាំនៃអធិបតេយ្យភាពស្របតាមច្បាប់” ។
លោកបានបន្ថែមថា “យើងសង្ឃឹមថា ភាគីពាក់ព័ន្ធអាចរក្សាគោលដៅ និងស្ងប់ស្ងាត់ ហើយជៀសវាងពីការបកស្រាយលើសបញ្ហា”។
បើទោះជាប្រទេសជិតខាងសុទ្ធសឹងតែជំទាស់ក៏ដោយ តែភាពតានតឹងដែលពិភពលោកចាប់អារម្មណ៍ជាងគេនោះ គឺជាមួយប្រទេសឥណ្ឌា។
គួររំលឹកផងដែរថា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ 2012 មេដឹកនាំចិនលោក Xi Jinping បានព្យាយាមផ្លាស់ប្តូរប្រទេសចិនទៅជាមហាអំណាចពិភពលោក ដោយជំរុញឱ្យមានគោលនយោបាយការបរទេស ដ៏ឈ្លានពាន និងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងចំណុចសំខាន់ៗមួយចំនួននៅទូទាំងអាស៊ី។
យ៉ាងណាមិញចំពោះជម្លោះផែនទីបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ ពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងលោក Xi Jinping បានជួបមុខគ្នាដ៏កម្រមួយនៅអាហ្វ្រិកខាងត្បូង វាជាកន្លែងដែលពួកគេបានយល់ព្រម “បង្កើនកិច្ចខិតខំប្រឹងប្រែង” ដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែនរបស់ពួកគេ ដែលជាវិធានការមួយត្រូវបានគេមើលឃើញថា ជាជំហ៊ានឆ្ពោះទៅរកការជួសជុលទំនាក់ទំនងដ៏អាក្រក់របស់ពួកគេឡើងវិញ។
ប៉ុន្តែជាក់ស្តែងរឿងនេះនៅតែត្រូវអូសបន្លាយដដែល គឺបន្ទាប់ពីឥណ្ឌា និងចិនបានចូលរួមក្នុងកិច្ចចរចាលើកទី 19 ។
សូមបញ្ជាក់ថាភាពតានតឹងរវាងប្រទេសទាំងពីរបានហក់ឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០ គឺបន្ទាប់ពីការវាយប្រហារដ៏សាហាវនៅជ្រលងភ្នំ Galwan ជិតតំបន់ Aksai Chin ជាតំបន់ដែលគ្រប់គ្រងដោយប្រទេសចិន ប៉ុន្តែត្រូវបានទាមទារដោយប្រទេសទាំងពីរ។ ភាពតានតឹងបាននិងកំពុងឆាបឆេះចាប់តាំងពីខែធ្នូឆ្នាំមុន នៅពេលដែលការប៉ះទង្គិចគ្នារវាងកងទ័ពពីភាគីទាំងពីរនៅក្នុងវិស័យ Tawang នៃ Arunachal Pradesh បានបណ្តាលឲ្យមានរបួសតិចតួច។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាបានចាត់វិធានការមួយចំនួនដើម្បីរុញច្រានប្រឆាំងនឹងការគំរាមកំហែង ដែលគេយល់ឃើញពីប្រទេសចិន រួមទាំងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok និងកម្មវិធីរបស់ចិនល្បីៗផ្សេងទៀត ដោយនិយាយថា ចិនចង់បង្ក “ការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាព” ខណៈពេលដែលឥណ្ឌាកំពុងឈានទៅរកការរារាំងក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនផងដែរ ឩទាហរណ៍ដូចជា Huawei និង ZTE ជាដើម។
បច្ចុប្បន្នទីក្រុងញូវដែលី ពិតជាមានការព្រួយបារម្មណ៍លើការអះអាងរបស់ទីក្រុងប៉េកាំង ហើយវាជាហេតុផលមួយដែលបានជំរុញ ឲ្យឥណ្ឌាបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកយ៉ាងជិតស្និត រួមទាំងតាមរយៈកិច្ចសន្ទនាសន្តិសុខ Quadrilateral ឬ Quad ដែលជាក្រុមនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា និងអូស្ត្រាលីដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា វាជាការទប់ទល់នឹងប្រទេសចិន។ ដូច្នេះហើយទើបប្រទេសចិនកាលពីដើមឆ្នាំនេះបានធ្វើពហិការកិច្ចប្រជុំទេសចរណ៍ G20 ដែលរៀបចំដោយប្រទេសឥណ្ឌានៅលើទឹកដីហិម៉ាឡៃយ៉ានៃ Jammu និង Kashmir ដោយលើកឡើងពីការប្រឆាំងរបស់ខ្លួន “ព្រោះការការរៀបចំកិច្ចប្រជុំ G20 គ្រប់ប្រភេទបែរជាធ្វើឡើងនៅលើទឹកដីដែលកំពុងមានជម្លោះទៅវិញ”