ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងកម្លាំងទ័ពអាកាសរបស់អ៊ីរ៉ង់បានទទួលយន្តហោះហ្វឹកហាត់ប្រយុទ្ធទំនើបរបស់រុស្ស៊ីមួយក្រុម ដើម្បី “កែលម្អការហ្វឹកហ្វឺន និងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងផ្លូវអាកាស” នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ2023 ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានឱ្យដឹងថា “យន្តហោះហ្វឹកហាត់ Yak-130 មួយចំនួនបានចូលទៅក្នុងប្រទេសប្រទេសអ៊ីរ៉ុង ហើយបានចូលរួមជាមួយកងទ័ពមូលដ្ឋានផ្លូវអាកាស Shahid Babaei ដែលមានទីតាំងកណ្តាលប្រទេស Isfahan”ថែមទៀតផង។
ទីភ្នាក់ងារនេះបានដកស្រង់ពីនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់កងទ័ពបាននិយាយថា ការមកដល់នៃ Yakovlev Yak-130 ដែលបានមកដល់វាគ្រាន់តែជាផ្នែកមួយនៃ “កិច្ចសន្យាអាវុធរបស់សាធារណរដ្ឋអ៊ីស្លាមជាមួយសហព័ន្ធរុស្ស៊ី” តែប៉ុណ្ណោះ។
បច្ចុប្បន្នប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ទាំងពីរនេះ កំពុងតែស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិដែលមានការរឹតបន្តឹងពាណិជ្ជកម្ម ប៉ុន្តែកាលពីឆ្នាំមុនពួកគេបានពង្រឹងទំនាក់ទំនងរឹងមាំក្នុងវិស័យផ្សេងៗរួមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ។
គួររំលឹកផងដែរថា កាលពីខែមីនា អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងមួយលើការទិញយន្តហោះចម្បាំង Sukhoi Su-35 ពីប្រទេសរុស្ស៊ី។
ប៉ុន្តែចំពោះប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនបានចោទក្រុងតេអេរ៉ង់ថា អ៊ីរ៉ុងបានផ្គត់ផ្គង់សព្វាវុធដល់ក្រុងម៉ូស្គូ សម្រាប់ប្រើក្នុងសង្រ្គាមប្រឆាំងនឹងក្រុងគៀវ។
តែការលើកឡើងខាងលើនេះ គឺត្រូវបានអ៊ីរ៉ង់បដិសេធ តែក៏មិនបានធ្វើអធិប្បាយនោះដែរ។
បើយោងតាមប្រភពមួយបានឲ្យដឹងថា កាលពីខែឧសភា សហរដ្ឋអាមេរិកបាននិយាយថា អ៊ីរ៉ង់ និងរុស្ស៊ីកំពុង “ពង្រីកភាពជាដៃគូការពារជាតិដែលមិនធ្លាប់មានពីមុនមក”។
ដោយក្នុងនោះអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយនៅពេលនោះថា អ៊ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកជាង ៤០០ គ្រឿងទៅឱ្យប្រទេសរុស្ស៊ីចាប់តាំងពីខែសីហាឆ្នាំមុន។ លោកបានបន្ថែមថា ក្រុងតេអេរ៉ង់កំពុងស្វែងរកទិញឧទ្ធម្ភាគចក្រវាយប្រហារ រ៉ាដា និងយន្តហោះ Yak-130 ពីប្រទេសរុស្ស៊ី។
បច្ចុប្បន្នអ៊ីរ៉ង់ត្រូវបានគេទស្សទាយថា ប្រទេសមួយនេះគឺមានយន្តហោះចម្បាំង MiG និង Sukhoi របស់រុស្ស៊ីភាគច្រើន ដែលមានតាំងពីសម័យសូវៀត ក៏ដូចជាយន្តហោះចិនមួយចំនួន រួមទាំងយន្តហោះ F-7 ផងដែរ។ ហើយចំពោះយន្តហោះចម្បាំង F-4 និង F-5 របស់អាមេរិកមួយចំនួន ដែលមានអាយុកាលតាំងពីមុនបដិវត្តន៍អ៊ីស្លាមឆ្នាំ 1979 ក៏ជាផ្នែកមួយនៃកងនាវារបស់ប្រទេសមួយនេះផងដែរ។