យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយនឹងពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូនូវសព្វាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៊ីនិយាយថា ខ្លួនកំពុងស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង។
នៅក្នុងដំណើរដ៏កម្រមួយនៅក្រៅប្រទេស លោក គីម នឹងធ្វើដំណើរ ពីទីក្រុងព្យុងយ៉ាង ប្រហែលជាត្រូវធ្វើដំណើរដោយរថភ្លើងពាសដែក ទៅកាន់ទីក្រុងវ្លាឌីវ៉ូស្តុក លើឆ្នេរប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ី ជាកន្លែងដែលលោកនឹងជួបជាមួយលោក ពូទីន នេះបើយោងតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយដកស្រង់ប្រភពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដ៏ជិតស្និត។
កាសែតខាងលើនេះបានរាយការណ៍ទៀតថា ទីក្រុង Vladivostok ដែលជាទីក្រុងកំពង់ផែនូវមិនឆ្ងាយប៉ុន្មានពីប្រទេសកូរ៉េខាងជើង វាគឺជាទីតាំង សម្រាប់ជំនួបនៃ មេដឹកនាំទាំងពីរ នឹងពិភាក្សាអំពីការបញ្ជូនកាំភ្លើងធំទៅកាន់រុស្ស៊ី និងមីស៊ីលប្រឆាំងរថក្រោះ ដើម្បីជាថ្នូរនឹងបច្ចេកវិទ្យាទំនើបរបស់ទីក្រុងម៉ូស្គូសម្រាប់ប្រព័ន្ធផ្កាយរណប និងនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ។
ហើយវាក៏ស្របពេលដែលសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភអំពីការបង្កើនទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ យ៉ាងណាមិញចំពោះដំណឹងនៃដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោក គីម បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងជើងថែមទៀតផង។
ចំនែកឯទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃច័ន្ទថា “ហេតុអ្វីមិនមែនជាអ្នកជិតខាងរបស់យើង។ វាគឺជាពាក្យបុរាណរបស់រុស្ស៊ីមួយតែងពោរថា អ្នកមិនជ្រើសរើសអ្នកជិតខាងរបស់អ្នក វាជាការប្រសើរជាងក្នុងការរស់នៅជាមួយអ្នកជិតខាងរបស់អ្នកដោយសន្តិភាព និងសុខដុមរមនា” ។
នៅពេលមានសំនួរមួយសួរទៅកាន់លោក លោក Sergei Shoigu អំពីលទ្ធភាពនៃសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរ លោកបានឆ្លើយថា “វាជាការពិតណាស់” ដែលប្រទេសពួកយើងទាំងពីរត្រូវការការពិភាក្សាគ្នាជាមុនសិន។
បើយោងតាម «ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap មុននេះ បានដកស្រង់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងថា លោក Shoigu ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីខែកក្កដា បានស្នើទៅលោក Kim ថា ប្រទេសរបស់ពួកគេ ចង់ធ្វើសមយុទ្ធយោធាជើងទឹក រួមជាមួយនឹងប្រទេសចិន។
តើការពិតនឹងមានអ្វីកើតឡើងជាបន្តរ ប្រសិនបើប្រទេសទាំងបីនេះពិតជា ធ្វើសមយុទ្ធយោធាជើងទឹក រួមគ្នានោះ?