យោងតាមការចុះផ្សាយរបស់កាសែតចិននៅព្រឹក កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា វិនិយោគិនបរទេសនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹតបន្តឹងនៃការក្តោបក្តាប់របស់ចិនលើបញ្ហាសន្តិសុខជាតិ ហើយពួកគេក៏កំពុងអំពាវនាវឱ្យមានតម្លាភាពកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងប៉េកាំង ដើម្បីកែលម្អបរិយាកាសអាជីវកម្ម ខណៈដែលពួកគេកំពុងតែរង់ការផ្លាស់ប្តូរខាងគោលនយោបាយការបរទេស និងវិធានការគាំទ្រអ្នកវិនិយោគ។
“ច្បាប់ឯកជនភាពទិន្នន័យថ្មី និងច្បាប់ប្រឆាំងចារកម្មបាននាំឲ្យក្រុមហ៊ុនអន្តរជាតិមួយចំនួនមិនអាចធ្វើប្រតិបត្តិការនៅប្រទេសចិនបាន គឺដោយសារតែមានការរារាំងការធ្វើសមាហរណកម្ម និងលំហូរ នៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ។
លោក Noah Fraser នាយកគ្រប់គ្រង និងជាប្រធានតំណាងនៅក្រុមប្រឹក្សាធុរកិច្ចកាណាដាចិនបាននិយាយថា ការពិនិត្យឡើងវិញនូវបទប្បញ្ញត្តិទាំងនេះ គឺវាជារឿងចាំបាច់បំផុត” ហើយទីក្រុងប៉េកាំង ត្រូវតែធ្វើសមាហរណកម្ម និងបើកចំហឱ្យកាន់តែមានភាពល្អប្រសើរឡើងជានេះ ទាំងនៅក្នុងសកលភាវូបនីយកម្មផងដែរ ព្រោះអ្វីទាំងអស់នេះ គឺ“ជាមូលដ្ឋានគ្រឹះ នៃអាជីវកម្ម ដើម្បីឲ្យមានភាពរីកចម្រើន និងស្ថិរភាព។ យើងសង្ឃឹមថាអ្នកបង្កើតគោលនយោបាយរបស់ទីក្រុងប៉េកាំង នឹងបន្តចូលរួមក្នុងការសន្ទនាមួយក្នុងន័យស្ថាបនា ដោយរួមបញ្ចូលនូវទស្សនវិស័យពីក្រុមអ្នកស្រុក និងអ្នកវិនិយោគចម្រុះ។
លោក Roberta Lipson ស្ថាបនិកនៃ United Family Healthcare និងជាអនុប្រធានសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិន បាននិយាយនៅក្នុងក្រុមតែមួយថា តម្លាភាព និងនិរន្តរភាពបន្ថែមទៀតនឹងត្រូវបានស្វាគមន៍ – ជាពិសេសតម្លាភាពកាន់តែច្រើននៅក្នុងបទប្បញ្ញត្តិ ដែលទាក់ទងនឹងការវិនិយោគផលប័ត្រ ការការពារទិន្នន័យ និងអំពើចារកម្មជាដើម។ ព្រោះថាអ្វីទាំងនេះសុទ្ធសឹងតែជាការតំណាងឱ្យការព្រួយបារម្ភដ៏ធំបំផុត ក្នុងចំណោមក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន។
ការកត់សម្គាល់នេះបានកើតឡើង នៅពេលដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងជួបនឹងការថយចុះនូវទំនុកចិត្តក្នុងចំណោមអ្នកវិនិយោគបរទេស ដែលនាំឱ្យមនុស្សជាច្រើនពិចារណាលើការដកខ្លួនចេញពីប្រទេសចិន ខណៈពេលដែលសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះបន្ទាប់ពីការរីករាលដាលនៃមេរោគ Covid ១៩។
គួររំលឹកថា ការអនុវត្តន៍គោលនយោបាយដើម្បីសុវត្ថិភាពទិន្នន័យ និងច្បាប់ប្រឆាំងចារកម្ម គឺមានមាននៅក្នុងរបៀបវារៈការងារសម្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកលោកស្រី Gina Raimondo ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសចិនកាលពីសប្តាហ៍មុន។
ការអត្ថាធិប្បាយរបស់លោកស្រី Raimondo ដែលថាក្រុមហ៊ុនអាមេរិកមួយចំនួនជឿថា ប្រទេសចិន “មិនអាចធ្វើការវិនិយោគបាន” ។ បើយោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងចន្លោះពីខែមករាដល់ខែកក្កដា បានធ្លាក់ចុះរហូតដល់ 9.8 ភាគរយបើធៀបនឹងឆ្នាំមុន មកនូវត្រឹម 111.8 ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
ទីក្រុងប៉េកាំងបានចេញផ្សាយគោលការណ៍ណែនាំរបស់ខ្លួនកាលពីខែមុនក្នុងការដេញថ្លៃ ដើម្បីរក្សាអ្នកវិនិយោគបរទេស ដោយសន្យាថា នឹងមានប្រតិបត្តិការនៅក្នុងទីផ្សារកាន់តែច្រើន ហើយលំហូរទិន្នន័យឆ្លងព្រំដែននឹតកាន់តែលឿន បូករួមទាំងការចូលមកក្នុងប្រទេសចិនគឺមានការប្រើទិដ្ឋាការកាន់តែងាយស្រួលជាងមុន ក្នុងគោលបំណងទាក់ទាញអ្នកដែលមានទេពកោសល្យពីបរទេស។
បើទោះជាយ៉ាងណាក៏ដោយ ការវាយឆ្មក់របស់ទីក្រុងប៉េកាំង ទៅលើក្រុមហ៊ុនប្រឹក្សាយោបល់បរទេស និងច្បាប់ប្រឆាំងចារកម្ម ដែលបានអនុម័តនាពេលថ្មីៗនេះ នៅតែបន្តមានផលប៉ះពាល់យ៉ាងក្តៅគគុកលើសហគមន៍ធុរកិច្ចបរទេសដដែល។
តើរដ្ឋាភិបាលក្រុងប៉េកាំងបានប្រើវិធីសាស្រ្តអ្វីខ្លះ ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ប្រទេសចិនកន្លងមក?
“ការពន្យារពេលនៃច្បាប់ពន្ធលើប្រាក់ចំណូលបុគ្គល គឺជាការស្វាគមន៍យ៉ាងខ្លាំងសម្រាប់សហគមន៍អាជីវកម្ម។ វាបានធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់អង្គការ ដែលត្រូវនាំជនបរទេសមួយចំនួនធំចូល ជាឩទាហរណ៍ដូចជា សាលាអន្តរជាតិជាដើម»។
អ្នកតំណាងជាច្រើននៃអ្នកវិនិយោគបរទេសបានចង្អុលបង្ហាញពីបញ្ហាប្រឈមក្នុងការទិញយកទេពកោសល្យ ក៏ដូចជាបរិយាកាសរស់នៅ ដែលមិនអាចទទួលយកបានសម្រាប់បុគ្គលិកបរទេស។
“ទីក្រុងប៉េកាំងគឺជាតំបន់មួយដែលមានការរឹតត្បិតបំផុត ដើម្បីអាចជួលមនុស្សឱ្យធ្វើការនៅប្រទេសរបស់ខ្លួនបាន។ ក្រុមហ៊ុនរបស់យើងជាច្រើនចង់ជួលមនុស្សនៅក្នុងទីក្រុងប៉េកាំង ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ពួកគេចាំបាច់ត្រូវចុះឈ្មោះអង្គភាពនៅទីនេះជាមុនសិន។ ការចុះឈ្មោះអង្គភាពនៅក្នុងទីក្រុងណាមួយផ្សេងទៀតនឹងត្រូវចំណាយប្រាក់ជាងមួយលានយ័នសម្រាប់មួយក្រុមហ៊ុន។ ដូច្នេះពួកគេត្រូវបានបង្ខំឱ្យប្រើអ្នកផ្តល់សេវាភាគីទីបី ដោយពួកគេត្រូវចំណាយប្រាក់ច្រើនជានេះទៅទៀត សម្រាប់ការជួល អ្នករត់ការឯកសារទាំងលើនេះ យើងអាចនិយាយបានថា វាជាផលលំបាករបស់អ្នកវិនិយោគជនបរទេស។