ក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់ប្រទេសខ្លួននឹងចាត់ទុក ក្រុមទាហ៊ានស៊ីឈ្នួល Wagner របស់រុស្ស៊ី ថាជាអង្គការភេរវកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣។
អ្នកនាំពាក្យរបស់ក្រសួងមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីព្រាងច្បាប់ដែលនឹងត្រូវដាក់នៅចំពោះមុខសភានឹងអនុញ្ញាតឱ្យទ្រព្យសម្បត្តិរបស់ Wagner ត្រូវបានគេចាត់ថ្នាក់ជាទ្រព្យសម្បត្តិភេរវករ ដែលរដ្ឋត្រូវរឹបអូស។
ខាងក្រសួងបានបញ្ជាក់ទៀតថា វានឹងក្លាយជាការខុសច្បាប់ ប្រសិនបើមានការចូលរួមជាសមាជិក ឬក៏គាំទ្រចំពោះអង្គការមួយនេះ ហើយអ្នកដែលល្មើសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ ឆ្នាំ។
ក្នុងនោះផងដែររដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេស លោកស្រី Suella Braverman បានពណ៌នាអំពីក្រុមទាហ៊ានស៊ីឈ្នួល Wagner ថាជា “ក្រុមអំពើហឹង្សា និងជាក្រុមបំផ្លិចបំផ្លាញ” ដោយលោកស្រីបានបន្ថែមទៀតថា ក្រុមទាហ៊ានមួយនេះ បានដើរតួជាឧបករណ៍យោធាយ៉ាងសំខាន់សម្រាប់រុស្ស៊ី ក៏ដូចជាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
សេចក្តីថ្លែងការណ៍បាននិយាយថា នៅទូទាំងប្រទេសអ៊ុយក្រែន មជ្ឈិមបូព៌ា និងអាហ្វ្រិក ក្រុមទាហ៊ានឯកជន Wagner បានជាប់ពាក់ព័ន្ធក្នុងកណរណីជាច្រើនដូចជា៖ ការលួច ការធ្វើទារុណកម្ម និង “ឃាតកម្មដ៏ព្រៃផ្សៃ” ជាដើម។ល។ បន្ទាប់មកពួកគេទាំងអស់សនោះបានហៅទង្វើលរបស់ក្រុមទាហ៊ាននោះថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។
លោកស្រី Suella Braverman បាននិយាយថា “ទាហ៊ានស៊ីឈ្នួល Wagnerគឺជាក្រុមភេរវករយ៉ាងសាមញ្ញ តែសម្រាប់ការបញ្ជាទិញរបស់ពួកគេវិញ បានធ្វើឱ្យវាកាន់តែមានភាពច្បាស់លាស់នៅក្នុងច្បាប់របស់ចក្រភពអង់គ្លេស” ។
ដីកានេះត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ១៣ ខែកញ្ញា បន្ទាប់ពីនោះវានឹងជាបទល្មើសព្រហ្មទណ្ឌដែលនិងដាក់ស្លាកសញ្ញាជាសាធារណៈ សម្រាប់ការរៀបចំផ្សព្វផ្សាយថែមទៀតផង។
គួរបញ្ជាក់ថា ក្រុមទាហ៊ានស៊ីឈ្នួល Wagner ធ្លាប់បានប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី លីប៊ី និងប្រទេសមួយចំនួនទៀតនៅទូទាំងភាគខាងជើង និងខាងលិចនៃទ្វីបអាហ្វ្រិក។ វាបានជ្រើសរើសទណ្ឌិតរាប់ពាន់នាក់ពីពន្ធនាគាររុស្សី ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ដោយផ្តល់កម្លាំងវាយប្រហារដ៏សំខាន់សម្រាប់ការវាយលុករដូវរងានៅក្នុងឆ្នាំ 2022-2023 ដែលជាមហិចតារបស់រុស្ស៊ី។
នៅក្នុងខែមិថុនាឆ្នាំនេះ ក្រុមទាហ៊ាននេះបានបើកការបះបោរខ្លីមួយនៅក្នុងប្រទេសរុស្ស៊ី ដោយថ្កោលទោសថាជាអំពើក្បត់ជាតិ វាគឺជាការវិនិច្ជ័យរបស់លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយនៅថ្ងៃទី 23 ខែសីហា ចៅហ្វាយរបស់ខ្លួន លោក Yevgeny Prigozhin ដែលមេទ័ពកំពូលត្រូវបានគេសម្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ។
គួររំលឹកថា ចក្រភពអង់គ្លេសក៏ធ្លាប់ បានដាក់ទណ្ឌកម្ម លើលោក Prigozhin កាលពីនៅក្នុងឆ្នាំ 2020 ហើយបន្ទាប់មកទៀតក៏ធ្វើការដាក់ទណ្ឌកម្មលើក្រុម Wagner ទាំងមូលនៅក្នុងខែមីនា ឆ្នាំ 2022 នឹងចំនែកឯនៅក្នុងខែកក្កដាឆ្នាំនេះ ចក្រភពអង់គេក៏បានដាក់ទណ្ឌកម្មលើបុគ្គល និងអាជីវកម្មដែលមានទំនាក់ទំនងជាមួយក្រុមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ម៉ាលី និងស៊ូដង់។
សមាជិកសភានៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភាកាលពីខែកក្កដា បានជំរុញឱ្យមានការដាក់ទណ្ឌកម្មគោលដៅបន្ថែមទៀតលើអ្វីដែលខ្លួនបាននិយាយថាជា “បណ្តាញនៃអង្គភាព” នៅក្រោម Wagner Group ផងដែរ។