ទីក្រុងប៉េកាំង នៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ២០២៣ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលមកពីព្យុះទីហ្វុងមួយបានធ្វើឱ្យលិចតំបន់មួយចំនួននៅភាគខាងត្បូងនៃប្រទេសប្រទេសចិន អស់រយៈពេលប្រាំពីរថ្ងៃមកហើយ ខណៈដែលពពកព្យុះកំពុងរំកិលពីខេត្តក្វាងទុងតាមឆ្នេរសមុទ្រទៅកាន់ខេត្តក្វាងស៊ី ហើយបានជន់លិចតំបន់តាមវាលទំនាប។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃច័ន្ទថា នៅតំបន់ជនបទ Bobai ក្នុងតំបន់ Guangxi ក្រុមអ្នកជួយសង្គ្រោះគឺនៅលើទូក ដើម្បីព្យាយាមជួយមនុស្សទៅកាន់កន្លែងសុវត្ថិភាពចាប់តាំងពីយប់ថ្ងៃអាទិត្យ ខណៈដែលទឹកភ្លៀងលិចគឺជ្រៅជាង 2 ម៉ែត្រ (6.6 ហ្វីត) ទៅទៀត។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងខេត្តក្វាងស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះថែមទៀតផង។
បច្ចុប្បន្នបើទោះជាព្យុះ ទីហ្វុងHaikui បានចុះខ្សោយទៅជាព្យុះត្រូពិចក៏ពិតមែន តែបើគិតចាប់តាំងពីវាបានបោកបក់ក្នុងខេត្ត Fujian កាលពីថ្ងៃទី 5 ខែកញ្ញាមក ចរន្តដែលនៅសេសសល់របស់វាបានបន្តធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅភាគខាងត្បូងនៃប្រទេសចិនជាច្រើន ដោយក្នុងនោះរួមមានទីក្រុង Shenzhen ដែលមានប្រជាជនច្រើនបានលិចលង់ដោយភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ 1952 ។ ចំនែកឯទីក្រុងហុងកុង ដែលនៅជិតខាង ត្រូវបានរុញច្រានដោយព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេល 140 ឆ្នាំចុងក្រោយនេះផងដែរ។
ខាងអ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះទីហ្វុងដែលកំពុងវាយលុកប្រទេសចិនកាន់តែខ្លាំង វានឹងបង្កើនហានិភ័យនៃគ្រោះមហន្តរាយ សូម្បីតែនៅក្នុងទីក្រុងឆ្នេរសមុទ្រដូចជា Shenzhen ដែលមានព្យុះស៊ីក្លូនត្រូពិចជាទៀងទាត់ក៏ដោយ។
លោក Shao Sun អ្នកជំនាញអាកាសធាតុនៅសកលវិទ្យាល័យ California, Irvine បាននិយាយថា “ព្យុះទីហ្វុង ដែលផ្លាស់ទីទៅឆ្ងាយក្នុងដីប៉ះពាល់ដល់តំបន់ដែលមិនសូវមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលជារឿយៗមានភាពធន់នឹងគ្រោះមហន្តរាយទាប ដែលនាំឱ្យមានការខាតបង់កាន់តែធ្ងន់ធ្ងរ” ។
“នៅក្នុងករណីនៃទីក្រុង Shenzhen នេះ គ្រោះមហន្តរាយកើតឡើងជាចម្បងដោយសារតែចលនាយឺតទៅទិសខាងលិចនៃចរាចរសំណល់របស់ Haikui ដែលស្ទើរតែជាប់គាំងនៅក្នុងទីតាំងលំហរបស់វា ចាប់ពីរសៀលថ្ងៃទី 7 ខែកញ្ញា ដល់ព្រឹកព្រលឹមថ្ងៃទី 8 ខែកញ្ញា និង “ឥទ្ធិពលនៃបណ្តុំនៃពពកខ្មៅជាច្រើន” ទើបបង្ករឲ្យមាន “ភ្លៀងធ្លាក់ខ្លាំងបានកើតឡើង ហើយវាគឺជាព្រឹត្តិការណ៍ដែលលើសពីកម្រិតដែលរំពឹងទុករបស់អ្នកជំនាញទៅទៀត”។