រដ្ឋបាលលោក Joe Biden ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្ទុកដោយគ្រាប់បែកចង្កោម ការធ្វើដូច្នេះ វាអាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី នេះបើយោងតាមមន្ត្រីអាមេរិកបួននាក់ ដែលបានចុះផ្សាយតាមរយៈសារព័ត៌មាន VOA កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣។
បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោម ដែលបានចែកចាយក្នុងគ្រាប់កាំភ្លើងធំដែលមានទំហំ 155 មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកក៏កំពុងតែពិចារណាលើការដឹកជញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ដែលអាចហោះបានចម្ងាយដល់ទៅ 306 គីឡូម៉ែត្រ និងប្រព័ន្ធកាំជ្រួច Guided Multiple Launch Rocket System (GMLRS) ដែលមានចំនួន 72 គ្រាប់ថែមទៀតផង។
តែបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ប្រព័ន្ធរ៉ុក្កែត រយៈចម្ងាយឆ្ងាយ GMLRS អាចផ្ទុកគ្រាប់បែកចង្កោមរហូតដល់ 404 គ្រាប់។ ឥឡូវនេះផងដែរខាងរដ្ឋបាល លោក Joe Biden កំពុងពិចារណាបន្ថែមទៀតលើការផ្គត់ផ្គង់ ATACMS ដោយខ្លួនមានការបារម្ភថា ការដឹកជញ្ជូនរបស់ពួកគេទៅកាន់អ៊ុយក្រែននឹងត្រូវបានក្រុមអ្នករិៈគន់ចាត់ទុកថា វាជាសកម្មភាពឈ្លានពានហួសហេតុក្នុងការប្រឆាំងនឹងរុស្ស៊ី។
បើយោងតាមប្រភពចំនួនពីរបានប្រាប់រ៉យទ័រថា ជាមួយនឹងការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី បើទោះជាមានការបង្ហាញសញ្ញានៃវឌ្ឍនភាពក៏ដោយនោះ តែខាងទីក្រុងវ៉ាស៊ីនតោនចង់ជំរុញយោធាអ៊ុយក្រែនប្រើវានៅពេលដែលសំខាន់តែប៉ុណ្ណោះ។
យោធារបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងឡើងវិញនូវកន្លែងខួងយកឧស្ម័ន និងប្រេងនៅឈូងសមុទ្រជាច្រើននៅជិតតំបន់គ្រីមៀ។
ដោយពួកគេបាននិយាយនៅលើ Telegram ថា ប្រតិបត្តិការនេះរួមមានកងកម្លាំងពិសេសរបស់អ៊ុយក្រែន បានបំផ្លាញយន្តហោះចម្បាំងរុស្ស៊ី Su-30 ថែមទាំងបានចាប់បានគ្រាប់រំសេវ ឧទ្ធម្ភាគចក្រ និងឧបករណ៍រ៉ាដាជាដើម។
ប្រទេសអ៊ុយក្រែនក៏បាននិយាយកាលពីថ្ងៃច័ន្ទថា កងទ័ពរបស់ខ្លួនបានដណ្តើមយកទឹកដីបន្ថែមទៀតនៅសមរភូមិភាគខាងកើត និងខាងត្បូងក្នុងសប្តាហ៍មុននៃការវាយលុករបស់ខ្លួនប្រឆាំងនឹងកម្លាំងរុស្ស៊ី។
ដោយក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានកត់សម្គាល់ថាជនជាតិអ៊ុយក្រែនបានយកមកវិញប្រហែល 50% ទឹកដីដែលរុស្ស៊ីធ្លាប់បានកាន់កាប់ បើគិតចាប់តាំងពីមានការឈ្លានពានពេញលេញរបស់រុស្ស៊ីកន្លងមក។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបាននិយាយទៀតថា ការបង្ហាញមួយនៃផលលំបាករបស់រុស្ស៊ីក្នុងការទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងយោធារបស់ខ្លួនគឺបានបង្ហាញតាមរយៈ ទង្វេលរបស់លោក [ប្រធានាធិបតីរុស្ស៊ី] វ្ល៉ាឌីមៀ ពូទីន ដោយបាន”ធ្វើដំណើរឆ្លងកាត់ប្រទេសរបស់គាត់ ដោយពាក់មួកក្នុងដៃ ដើម្បីអង្វរ [មេដឹកនាំកូរ៉េខាងជើង] គីម ជុងអ៊ុន សម្រាប់ជំនួយយោធា” ។
ជំនួបរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅព្រឹកថ្ងៃអង្គារនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។
លោក Miller បាននិយាយថា “យើងនឹងតាមដានយ៉ាងដិតដល់នូវលទ្ធផលនៃកិច្ចប្រជុំនេះ” ។ “ខ្ញុំនឹងរំលឹកប្រទេសទាំងពីរថា ការផ្ទេរអាវុធពីកូរ៉េខាងជើងទៅរុស្ស៊ីនឹងបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជាការពិតណាស់ ពួកយើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងចាស់ដៃ ដើម្បីប្រឆាំងនឹងអង្គភាពដែលផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី។ យើងនឹងបន្តការអនុវត្តទណ្ឌកម្មទាំងនោះ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តទណ្ឌកម្មថ្មីប្រសិនបើវាកើតឡើងពិតមែននោះ»។