បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងទីក្រុង DERNA នៃប្រទេសលីប៊ី មានមនុស្សយ៉ាងតិច ១០,០០០នាក់ ត្រូវបានគេភ័យខ្លាចថា អាចត្រូវបានបាត់ខ្លួននៅក្នុងប្រទេសលីប៊ី កាលពីថ្ងៃអង្គារ ខណៈដែលគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះដ៏ធំមួយ បានបំផ្ទុះទំនប់វារីអគ្គិសនី ហើយវាបានបោកបក់បំផ្លាញអគារជាច្រើន ការបាត់បង់នេះទៀតសោតត្រូវបានអាជ្ញាធារនិយាយថា វាអាចស្មើនឹងមួយភាគបួននៃទីក្រុងភាគខាងកើតនៃប្រទេស។
បើយោងតាមប្រភពមួយបានឲ្យដឹងថា សាកសពមនុស្សជាង 1,000 នាក់ត្រូវបានគេរកឃើញរួចហើយនៅក្នុងទីក្រុង Derna។ ហើយក្រុមមន្ត្រីបានរំពឹងទុកថា ចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ គឺបន្ទាប់ពីព្យុះ Daniel បានបក់កាត់សមុទ្រមេឌីទែរ៉ាណេចូលទៅក្នុងប្រទេសកំសត់មួយនេះ ដែលធ្លាប់ដួលរលំបន្ទាប់ពីជម្លោះជាងមួយទសវត្សរ៍កន្លងមក។
នៅក្នុងហេតុការណ៍នោះផងដែរ មានអ្នកកាសែតរបស់រ៉យទ័រម្នាក់ កំពុងតែនៅតាមផ្លូវដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Derna ដែលជាទីក្រុងឆ្នេរសមុទ្រមួយ ដែលមានប្រជាជនរស់នៅប្រហែល 125,000 នាក់ ហើយបន្ទាប់ពីព្យុះនោះបានបក់បោក អ្នកយកព័ត៌មានបានឃើញថា មានរថយន្តជាច្រើនបានក្រឡាប់នៅតាមដងផ្លូវ ព្រមទាំងមានដើមឈើដួលរលំ ហើយផ្ទះដែលប្រជាជនរស់នៅត្រូវបានជន់លិចទឹក។
លោក Hichem Abu Chkiouat រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិល និងជាសមាជិកនៃគណៈកម្មាធិការសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋបាល ដែលគ្រប់គ្រងភាគខាងកើតបាននិយាយប្រាប់រ៉យទ័របានទូរស័ព្ទថា “ខ្ញុំបានត្រលប់មកពីទីក្រុង Derna វិញហើយ វាពិតជាគ្រោះមហន្តរាយដែលគួរឲ្យភ័យខ្លាចខ្លាំងណាស់។
លោកបានមានប្រសាសន៍ថា៖ «ចំនួនសាកសពដែលបានរកឃើញនៅទីក្រុង Derna គឺមានច្រើនជាង 1,000 នាក់ទៅទៀត។ “ខ្ញុំមិននិយាយបំផ្លើសទេ នៅពេលនេះ ខ្ញុំនិយាយអាចនិយាយបានថា 25% នៃប្រជាជនដែលរស់នៅក្នុងទីក្រុងគឺបានបាត់ខ្លួន គឺដោយសារតែមានអគារជាច្រើនបានដួលរលំ” ។
បើយោងតាមការរៀបរាប់របស់លោក Tamer Ramadan ប្រធានគណៈប្រតិភូនៃសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ តាមរយៈតំណភ្ជាប់វីដេអូពីទុយនីស៊ី ថា “យើងអាចបញ្ជាក់បានពីប្រភពឯករាជ្យរបស់យើងនៃព័ត៌មានថាចំនួនអ្នកបាត់ខ្លួនគឺ រហូតមកដល់ពេលនេះមានដល់ទៅ ១០ ម៉ឺននាក់»។
បើយោងតាមវីដេអូមួយបានបង្ហាញថា ទឹកជំនន់ដោយសារទឹកភ្លៀវបន្ទាប់ពីព្យុះ Daniel បានហូរកាត់ទីក្រុង Derna បន្ទាប់ពីទំនប់បានផ្ទុះ ហើយក្រោយមកវាក៏បង្ករឲ្យអាគារជាច្រើនបានបាក់បែក។
គួរបញ្ជាក់ថា ទីក្រុង Derna គឺជាទីក្រុងមួយដែលប្រសព្វដោយទន្លេ ហើយតាមរដូវដែលទឹកហូរ គឺហូរពីតំបន់ខ្ពង់រាបទៅកាន់ភាគខាងត្បូង បើជាធម្មតាប្រជាជនក្នុងតំបន់ត្រូវបានការពារពីការជន់លិចដោយសារតែទំនប់។ ប្រភពខាងលើបានឲ្យដឹងទៀតថា សំណល់នៃទំនប់ដែលបាក់នៅចម្ងាយប្រហែល 11.5 គីឡូម៉ែត្រ (7 ម៉ាយល៍) ខាងលើនៃទីក្រុង ដែលជាជ្រលងទន្លេចំនួនពីរបានហូរមកបញ្ចូលគ្នា ដែលឥឡូវនេះគឺបានហ៊ុំព័ទ្ធទៅដោយទឹកជំនន់ប្រៀបបានដូចជាអាងស្តុកទឹកល្អក់ដ៏ធំមួយទៅវិញ។
គួររំលឹកថា ប្រទេសលីប៊ីគឺជាប្រទេសមួយដែលត្រូវបានគេបែងចែកផ្នែកនយោបាយរវាងភាគខាងកើត និងខាងលិច ហើយសេវាសាធារណៈបានដួលរលំចាប់តាំងពីមានការបះបោរគាំទ្រដោយអង្គការណាតូកាលពីឆ្នាំ 2011 ដែលបានជំរុញឱ្យមានជម្លោះជាច្រើនឆ្នាំ។
បច្ចុប្បន្នរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅទីក្រុងទ្រីប៉ូលី មិនបានគ្រប់គ្រងតំបន់ភាគខាងកើតនោះទេ ប៉ុន្តែបានបញ្ជូនជំនួយទៅកាន់ទីក្រុង Derna ដោយមានជើងហោះហើរសង្គ្រោះយ៉ាងហោចណាស់មួយបានចាកចេញពីទីក្រុង Misrata ភាគខាងលិចកាលពីថ្ងៃអង្គារ នេះបើយោងតាមអ្នកកាសែតរបស់រ៉យទ័រដែលស្ថិតនៅលើយន្តហោះបានរាយការណ៍។
នៅពេលនេះផងដែរ មានប្រទេសផ្សេងទៀតជាច្រើនរួមទាំងសហរដ្ឋអាមេរិកបាននិយាយថាពួកគេនឹងជួយឩបត្ថមដល់គ្រោះមហន្តរាយមួយនេះ។