រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងនឹងដាក់ចេញនូវវិធានការណ៍មួយចំនួនដែលរៀបចំឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយសារការឡើងថ្លៃនៃទំនិញ ដើម្បីជំរុញឲ្យខាងផ្នែកសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរជាងបច្ចុប្បន្ន ជាពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលនឹងបញ្ចុះថ្លៃអគ្គិសនី និងប្រេងម៉ាស៊ូត ព្រមទាំងមានការផ្អាកបំណុលសម្រាប់កសិករ និងសហគ្រិនខ្នាតតូច និងមធ្យម (SMEs) ថែមទាំងមានការបើកប្រាក់បៀវត្សរ៍ពីរសប្តាហ៍ម្តងសម្រាប់មន្ត្រីរាជការជំនួសឱ្យប្រចាំខែវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា នាយករដ្ឋមន្ត្រីលោក Srettha Thavisin បានចាត់ឲ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល លោក Pirapan Salirathavibhaga បង្កើតវិធានការកាត់បន្ថយថ្លៃអគ្គិសនី និងតម្លៃថាមពលឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីជួយសម្រួលដល់ផលលំបាករបស់ប្រជាពលរដ្ឋ និងដើម្បីជួយជំរុញការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។ .
ទន្ទឹមនឹងនោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បានណែនាំឲ្យអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បង្កើតក្រុមការងារលើការផ្អាកបំណុលសម្រាប់កសិករ និងសហគ្រាសធុនតូច និងមធ្យមដែលបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19។
លោកបានមានប្រសាសន៍ទៀតថា វិធានការត្រូវតែបង្ហាញសម្រាប់ការពិចារណារបស់គណៈរដ្ឋមន្ត្រីក្នុងរយៈពេល 14 ថ្ងៃទៀត។
លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា នាយករដ្ឋមន្ត្រីក៏បានប្រាប់លោក Julapun ឱ្យមកបង្ហាញព័ត៌មានលម្អិតអំពីគម្រោងការចែកប្រាក់ឌីជីថល ១០,០០០ បាត ហើយលោកនឹងដាក់ជូនគណៈរដ្ឋមន្ត្រីឱ្យបានឆាប់រហ័ស។
លោកបានបន្ថែមថា ក្រសួងហិរញ្ញវត្ថុនឹងធ្វើការជាមួយការិយាល័យថវិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងទីភ្នាក់ងារផ្សេងទៀត ដើម្បីដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ច។
អ្នកនាំពាក្យរូបនេះបាននិយាយថា ខុទ្ទកាល័យក៏បានបញ្ជាឱ្យអគ្គនាយកដ្ឋានគណនេយ្យសិក្សាវិធានការជំរុញសាច់ប្រាក់ឲ្យបានងាយស្រួលសម្រាប់មន្ត្រីរដ្ឋាភិបាល ហើយវិធានការនេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំក្រោយ។
ទន្ទឹមនឹងនេះ គម្រោងគ្មានទិដ្ឋាការដែលបានគ្រោងទុកនឹងចាប់ផ្តើមពីថ្ងៃទី 25 ខែកញ្ញា នឹងដំណើរការរហូតដល់ថ្ងៃទី 29 ខែកុម្ភៈ ឆ្នាំក្រោយសម្រាប់ភ្ញៀវមកពីប្រទេសចិន និង Kazakhstan។
យ៉ាងណាមិញ លោក ស្រេត ថា បានបញ្ជាឲ្យភ្នាក់ងាររដ្ឋទាំងអស់ត្រៀមខ្លួនសម្រាប់ផលប៉ះពាល់នៃគ្រោះរាំងស្ងួត ដែលបង្កឡើងដោយបាតុភូតអាកាសធាតុ El Nino ដែលកំពុងលេចឡើងផងដែរ។ លោកបានមានប្រសាសន៍ទៀតថា គណៈរដ្ឋមន្ត្រីបានសម្រេចកាត់បន្ថយពន្ធលើរថយន្តអគ្គិសនីពី ៤,៤៥ បាតក្នុងមួយគ្រឿងមកត្រឹម ៤,១០ បាត ដោយគិតចាប់ពីការចេញវិក្ក័យប័ត្រក្នុងខែនេះតទៅ។ លោកបានបន្តទៀតថា គណៈរដ្ឋមន្ត្រីក៏នឹងរក្សាតម្លៃប្រេងម៉ាស៊ូតស្តង់ដារឲ្យស្ថិតក្រោម ៣០ បាតក្នុងមួយលីត្រចាប់ពីថ្ងៃទី ២០ ខែកញ្ញានេះតទៅ ព្រោះថាប្រេងម៉ាស៊ូតគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះវិស័យដឹកជញ្ជូន។ បើតាមប្រភពបានបង្ហាញថា កាលពីថ្ងៃពុធ តម្លៃប្រេងម៉ាស៊ូត B7 គឺមានតម្លៃ ៣១,៩៤ បាតក្នុងមួយលីត្រ នៅក្នុងទីក្រុងបាងកក។ បើទោះជាយ៉ាងនេះក្តី សម្រាប់មធ្យោបាយធ្វើដំណើរដោយប្រើសាំង គឺនូវតែមិនទាន់ត្រូវបានគេធ្វើបាននៅឡើយទេ។