នាយករដ្ឋមន្រ្តីថៃលោក ស្រេតថា ថាវីស៊ីន បាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នឹងពិភាក្សាអំពីឱកាសវិនិយោគ ដែលអាចកើតមាននៅក្នុងប្រទេសថៃ ជាមួយគណៈប្រតិភូថៃនៅទីក្រុងញូវយ៉ក តាមរយៈសន្និសីទតាមទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣។
លោក ស្រេតថា ថាវីស៊ីន បានថ្លែងក្នុងពេលចូលរួមសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA78) នៅទីក្រុងញូវយ៉ក ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា បន្ទាប់ពីលោក ស្រេតថា ថាវីស៊ីន បានចូលកាន់អំណាច លោកបានដោះស្រាយបញ្ហាជាច្រើន ពោល ការបញ្ចុះតម្លៃអគ្គិសនី ការបញ្ចុះតម្លៃប្រេងឥន្ធនៈ ការតម្លើប្រាក់ឈ្នួលកម្មករអប្បរមា៤០០ បាត ក្នុងមួយថ្ងៃ ហើយជាពិសេសនាពេលនេះ រដ្ឋាភិបាលថ្មីរូបនេះគ្រោងនឹងអញ្ជើញអ្នកវិនិយោគបរទេសឲ្យមកបណ្តាក់ទុននៅប្រទេសថៃ ថែមទៀតផង លោកបានថ្លែងថា លោកនឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនឈានមុខគេនៅក្នុងពិភពលោកដូចជា Microsoft, Google និង Tesla ដើម្បីពិភាក្សា។
ដើម្បីជំរុញវិស័យសេដ្ឋកិច្ចក្នុងស្រុកឲ្យមានការរីកចំរើន លោក ស្រេត ថា បានថ្លែងថា៖ «ឥឡូវនេះ មហាលសេដ្ឋីលំដាប់លេខមួយនៅក្នុងពិភពលោក លោកElon Musk បានទទួលយកការអញ្ជើញ ក្នុងការចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូរដ្ឋាភិបាលថៃតាមរយៈសន្និសីទទូរគមនាគមន៍។
ក្រៅពីលោក Musk នាយករដ្ឋមន្ត្រីថ្មីបាននិយាយថា នាយកប្រតិបត្តិផ្សេងទៀតនៃក្រុមហ៊ុនល្បីឈ្មោះដែលបានទទួលយកការអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សារួមមានអ្នកមកពី Microsoft, BlackRock, JP Morgan និង Estee Lauder ជាដើម។
លោក ស្រេថា បាននិយាយថា គណៈប្រតិភូថៃនឹងណែនាំដល់នាយកប្រតិបត្តិនូវអ្វី ដែលថៃផ្តល់ជូនអ្នកវិនិយោគបរទេស។ នាយករដ្ឋមន្ត្រីបាននិយាយបន្ថែមទៀតថា លោកមានបំណងចង់គូសបញ្ជាក់សេវាថែទាំសុខភាពរបស់ប្រទេសថៃថាជាកម្លាំងមួយដើម្បីទាក់ទាញអ្នកវិនិយោគថែមទៀតផង។
មុននឹងការធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក លោក ស្រេត ថា បានបង្ហោះលើ X (អតីត Twitter) ថា៖ដំណើរកម្សាន្តនឹងផ្ដោតលើការបង្ហាញមុខមាត់ថ្មីសម្រាប់ប្រទេសថៃលើឆាកអន្តរជាតិ។
លោក ស្រេតថា បាននិយាយពីគោលបំណងរបស់លោកថា “ខ្ញុំមានបំណងជំរុញសកម្មភាពដើម្បីសម្រេចបាននូវ SDGs [គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព] ប្តេជ្ញារក្សាពហុភាគីនិយម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍ពិភពលោកនាពេលបច្ចុប្បន្ននេះ រួមទាំងការប្រែប្រួលអាកាសធាតុ ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ កំណើនបៃតង ។
លោកបានបន្ថែមថា “ចង់ស្វែងរកកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ទាំងសាធារណៈ និងឯកជន និងដើម្បីពង្រឹងទំនាក់ទំនងជាមួយអ្នកដឹកនាំផ្សេងទៀត ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព និងនិរន្តរភាពសម្រាប់ប្រជាជនថៃទាំងអស់គ្នា”។
ដោយក្នុងនោះអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke មានប្រសាសន៍ថា លោក ស្រេតថា នឹងជួបជាមួយថ្នាក់ដឹកនាំជាតិ ប្រធានអង្គការអន្តរជាតិ និងបុគ្គលសំខាន់ៗនៅកម្រិតទ្វេភាគី និងពហុភាគី។
លោក បានបញ្ជាក់ទៀតថា គោលដៅ ១៧ របស់លោកស្រេតថា ថាវីស៊ីន គឺជាការដឹកនាំ ដោយគ្មានភាពក្រីក្រ; អត់ឃ្លាន; ប្រជាជនមានសុខភាពល្អនិងសុខុមាលភាព; ការអប់រំប្រកបដោយគុណភាព; សមភាពយេនឌ័រ; ទឹកស្អាតនិងអនាម័យ; ធ្វើឲ្យទំនិញនៅក្នុងទីផ្សាមានតម្លៃសមរម្យ; ការងារសមរម្យ មានឧស្សាហកម្មច្រើន មានការច្នៃប្រឌិត និងហេដ្ឋារចនាសម្ព័ន្ធ; កាត់បន្ថយវិសមភាព; ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព; ការប្រើប្រាស់និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ; សកម្មភាពអាកាសធាតុ; សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ; និងភាពជាដៃគូសម្រាប់គោលដៅ គឺដើម្បីឲ្យមានកំណើនសេដ្ឋកិច្ច។ គួរបញ្ជាក់ថា លោក ស្រេត ថា ក៏នឹងចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលលោកនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការចូលរួមជាមួយសហគមន៍ពិភពលោកក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថានផងដែរ។