ប្រទេសកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងធ្វើការថ្កោលទោសទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចំពោះការរិះគន់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងទីក្រុងមូស្គូ គឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំលោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ីដោយនិយាយថា វាជា “កក្តាធម្មជាតិ” និង “ធម្មតា” សម្រាប់អ្នកជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធចំពោះគ្នា នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា លោក Yoon បាននិយាយបែបនេះនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ដោយលោកបានប្រកាសថា ប្រសិនបើរុស្ស៊ីជួយកូរ៉េខាងជើងបង្កើនកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន នោះវានឹងជា “ការបង្កហេតុដោយផ្ទាល់” តែម្តង ។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA របស់ប្រទេសកូរ៉េខាងជើងវិញបានសរសេរថា លោក Yoon មានចេតនាបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការមិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ីយ៉ាងច្បាស់ ហើយសារព័ត៌មានមួយនេះបានសរសេរទៀតថា លោក Yoon កំពុងតែបម្រើការឲ្យសហរដ្ឋអាមេរិក ទើបលោកនិយាយដូច្នេះ ។
ចំពោះលោក គីម ជុងអ៊ុនបានឆ្លើយតបនឹងប្រធានាធិបតីខាងត្បូងវិញថា “វាជារឿងធម្មតាទេ ព្រោះសម្រាប់ប្រទេសជិតខាង គឺមានទួនាទីថែររក្សាទំនាក់ទំនងចំពោះគ្នាទៅវិញទៅមក ហើយក៏គ្មានហេតុផលណាមួយដើម្បីហៅការអនុវត្តបែបនេះទៅជាគណនីដូចលោក Yoon គិតនោះដែរ”។
លោក គីម បានមកដល់ផ្ទះវិញកាលពីសប្តាហ៍មុន បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសរុស្ស៊ី ដែលលោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចនៃប្រទេសដែលប្រកាន់យករបបកុម្មុយនីស។
ប៉ុន្តែជំនួបរវាង មេដឹកនាំផ្តាច់ការទាំងពីរនេះ គឺវាបានបង្ករឲ្យរដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា រុស្ស៊ីអាចកំពុងព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង ដើម្បីបន្តរសង្គ្រាមរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងតែស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
គួររំលឹកថារាល់សកម្មភាពណាមួយដែលជួយដល់កម្មវិធីអាវុធរបស់កូរ៉េខាងជើង គឺត្រូវបានហាមឃាត់ក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់។
បើទោះជាយ៉ាងណាក៏ដោយ រាល់ការអត្ថាធិប្បាយរបស់លោក គីម តែងតែបញ្ជាក់ថា “គោលនយោបាយការបរទេសរបស់កូរ៉េខាងជើង នឹងមិនចងភ្ជាប់ជាមួយអ្វីទាំងអស់ ហើយវាគ្រាន់តែជាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងជិតស្និទ្ធនឹងបន្តរីកចម្រើនកាន់តែខ្លាំង” ។ កូរ៉េខាងជើង គឺជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាមានិតកូរ៉េ។