របបយោធាមីយ៉ាន់ម៉ា បានវាយប្រហារតាមអាកាស និងការសម្លាប់រង្គាល ដើម្បីកាត់បន្ថយចំនួនប្រជាជន

នៅក្នុងទីក្រុង ហ្សឺណែវ លោក Volker Türk ដែលជាស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកលើសិទ្ធិមនុស្សកំពុងអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិដើម្បីបញ្ចប់របបឃោរឃៅ និងគាបសង្កត់កាន់តែខ្លាំងឡើងនៃយោធាមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកាលពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅក្នុងរបាយការណ៍មួយដែលបានដាក់កាលពីថ្ងៃអង្គារទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថារបបយោធាមីយ៉ាន់ម៉ាបាន “ពង្រីកបន្ថែមទៀតនូវការវាយប្រហាររបស់ខ្លួន” ក្នុងការប្រឆាំងនឹងប្រជាជនស៊ីវិល។ ហើយរបាយការណ៍នេះគឺវាបានបង្ហាញតាំងពីពេលចាប់ផ្តើមកាលពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023។

ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកលើសិទ្ធិមនុស្សបាននិយាយថា “អ្វីដែលជនស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ាប្រឈមមុខនៅពេលនេះ គឺពួកគេកំពុងតែរស់នៅជាមួយនឹងប្រព័ន្ធនៃការគាបសង្កត់យ៉ាងឃោរឃៅ ដែលត្រូវបានរចនាឡើងដើម្បីបង្ខិតបង្ខំ និងបង្ក្រាបប្រជាជនរបស់ខ្លួន និងដើម្បីបំផ្លាញសង្គម ដើម្បីតែការទទួលបានផលប្រយោជន៍ដ៏តូចចង្អៀតរបស់របបយោធាតែប៉ុណ្ណោះ។

«ជារៀងរាល់ថ្ងៃ ប្រជាជនមីយ៉ាន់ម៉ាកំពុងស៊ូទ្រាំនឹងការវាយប្រហារដ៏គួរឱ្យរន្ធត់ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការដួលរលំនៃជីវភាពរស់នៅ និងក្តីសង្ឃឹមរបស់ពួកគេ»។

ចាប់តាំងប្រធានអង្គការសិទ្ធមនុស្សបានបញ្ជូនរបាយការណ៍ចុងក្រោយទៅកាន់ ស្នងការជាន់ខ្ពស់លោកបាននិយាយថា ស្ថានភាពនៅក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការវាយប្រហារដោយយោធាមិនចេះស្រាកស្រាន ដែលនាំ”ឱ្យមានវិបត្តិសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ” ព្រមទាំងបង្កឲ្យមានចំនួនអ្នកស្លាប់ ដោយសារតែពួកគេមិនអាចទ្រាំទ្របាន។

បើយោងតាមប្រភពគួរឱ្យទុកចិត្តមួយ បានបង្ហាញថា យ៉ាងហោចណាស់ចំនួនអ្នកស្លាប់គឺមានរហូតដល់ 4,108 នាក់ ដែលបានស្លាប់នៅក្នុងដៃរបស់យោធា និងក្រុមសាខារបស់ខ្លួន។

ប្រភពដដែលបាននិយាយទៀតថា “យុទ្ធសាស្ត្រយោធាជាក់លាក់ចំនួនបីត្រូវបានតម្រង់ជាប្រព័ន្ធប្រឆាំងនឹងប្រជាជនស៊ីវិលដោយជាការវាយប្រហារ៖ តាមអាកាស ការសម្លាប់រង្គាល និងការដុតភូមិជាដើម។

ក្នុងអំឡុងពេលនៃការរាយការណ៍ ប្រធានអង្គការសិទ្ធមនុស្សនិយាយបន្តទៀតថា យោធារបស់ប្រទេសមួយនេះបានធ្វើការវាយប្រហារតាមអាកាសចំនួន 687 ដង“ច្រើនជាងពីរដងនៃចំនួនដែលបានធ្វើឡើងក្នុងរយៈពេល 14 ខែបន្ទាប់ពីរដ្ឋប្រហារ” ។ ហើយនៅក្នុងរបាយការណ៍បានចងក្រងទៀតថា ការសម្លាប់រង្គាលដោយរបបយោធាគឺមានចំនួន 22 លើក។ យើងមានសាក្សីជាច្រើនបាននិយាយរៀបរាប់ពីវិធីសាស្រ្តដែលយោធាប្រើដើម្បីសម្លាប់ប្រជាជនខ្លួនថា ពួកយោធាបានធ្វើឱ្យជនរងគ្រោះទទួលការឈឺចាប់ “ដោយការដុតពួកគេទាំងរស់ កាត់ក្បាល រំលោភ” និងប្រើអ្នកភូមិដែលនៅរស់ចាប់ពង្រត់ដើម្បីការពារខ្លួនពីការវាយប្រហារដោយគ្រាប់មីន។

ប្រធានអង្គការសិទ្ធមនុស្សបាននិយាយថា “អ្វីទាំងនេះគឺជាអំពើអមនុស្សធម៌នៅក្នុងទម្រង់ដ៏អាក្រក់បំផុតរបស់វា។ លោកបានបន្ថែមមទៀតថា របាយការណ៍ដែលខ្ញុំទទួលបាននេះនិយាយថា នីតិរដ្ឋរបស់ជនស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានរលាយបាត់ទៅហើយ យើងអាចនិយាយបែបនេះ ដោយយើងបានកត់សម្គាល់ថាមនុស្សជិត 25.000 នាក់ត្រូវបានពួកយោធាចាប់ខ្លួន ជាង 19.000 នាក់ ត្រូវយោធាយកទៅឃុំខ្លួន និង 150 នាក់ទៀត ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការដែលគ្រប់គ្រងដោយយោធា។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសារព័ត៌មិនអាចទទួលបានការអត្ថធិប្បាយពីមីយ៉ាន់ម៉ា​លើ​របាយការណ៍​នេះ​ទេ។ 

ប៉ុន្តែប្រធានអង្គការសិទ្ធមនុស្សនៅតែប្រកាន់គោលជំហររបស់លោកថា ជនល្មើសនៃឧក្រិដ្ឋកម្មរបស់យោធាមីយ៉ាន់ម៉ា ត្រូវតែទទួលខុសត្រូវ។

លោក​បាន​មាន​ប្រសាសន៍ជាចុងក្រោយ​ថា “ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​អំពាវនាវ​របស់​ខ្ញុំ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បញ្ជូន​ស្ថានភាព​នេះ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដើម្បីចាត់វិធានការឲ្យបានឆាប់រហ័សបំផុត។

Reporter:
scroll to top